អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ម្សិល​មិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​​លើ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ បន្ទាប់​ពី​បញ្ចប់​សវនាការ សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំណត់​យក​ថ្ងៃ​ទី​ ២៣​ខែ​មីនា ដើម្បី​ប្រកាស​សាលក្រម​។ សាលក្រម ដែល​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែល​នឹង​ត្រូវ​ប្រកាស​នា​ពេល​ខាង​មុខ​នេះ គឺ​សម្រាប់ ​ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិន​មែន​សម្រាប់​លោក កែម ឡី ទេ​។ តើ​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ​នៅ​ទី​ណា?

យុត្តិធម៌​​សម្រាប់​​លោក​​បណ្ឌិត កែម ឡី
យុត្តិធម៌​​សម្រាប់​​លោក​​បណ្ឌិត កែម ឡី @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ស៊ើប​អង្កេត និង​ស៊ើប​សួរ​អស់​រយៈ​ពេល​ជិត​ ៨​ខែ នៅ​ទី​បំផុត សវនាការ​លើ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​បើក​ធ្វើ​ជា​លើក​ដំបូង​បង្អស់ ដោយ​មាន​វត្តមាន​ជន​ជាប់​ចោទ​និង​មេធាវី​។

នៅ​ក្នុង​សវនាការ​រយៈ​ពេល​ ៤​ម៉ោង ជន​ជាប់​ចោទ​ដែល​អះ​អាង​ថា ខ្លួន​ឈ្មោះ​ជួប សម្លាប់ នោះ សារភាព​អំពី​ទង្វើ​បាញ់​សម្លាប់​លោក កែម ឡី ដោយ​សារ​តែ​បញ្ហា​ជំពាក់​ប្រាក់​មិន​សង​។ ប៉ុន្តែការ​រក​ឃើញ​ដទៃ​ទៀត ទាំង​អំពី​ឈ្មោះ​ពិត អឿត អាង ក្រុម​គ្រួសារ និង​បញ្ហា​ផ្សេង​ៗ ត្រូវ​បាន​ជន​ជាប់​ចោទ​បដិសេធ​ចោល​ទាំង​ស្រុង​។ ចំណែក មេធាវី​ការ​ពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទ នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​សរុប​របស់​ខ្លួន លោក​បាន​លើក​ឡើង​ពី​ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ភស្តុតាង និង​ស្នើ​តុលាការ​បន្ធូរ​បន្ថយ​ទោស​ឲ្យ​ជន​ជាប់​ចោទ ព្រោះ​ជន​ជាប់​ចោទ​គួរ​ឲ្យ​អាណិត​។

គួរ​រំលឹក​ថា ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ចំនួន​ ២​ករណី៖ ទី​១ បទ​ឃាតកម្ម​គិត​ទុក​ជាមុន​។ និង​ទី​២ គឺ​បទ​កាន់​កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​។

រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តុលាការ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​សំណុំ​រឿង​ឃាតកម្ម​លើ​ លោក ​កែម ឡី នៅ​ឡើយ​ទេ ខណៈ​សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៣​ខែ​មីនា​ខាង​មុខ​។

នៅ​ក្នុង​សំណុំ​រឿង​ទូទៅ សាលក្រម​គឺ​ជា​សេចក្ដី​ប្រកាស​ពី​យុត្តិធម៌​។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​កត់​សម្គាល់​ថា យុត្តិធម៌​ដែលនឹង​ត្រូវ​ប្រកាស​ក្នុង​សាលក្រម​នា​ពេល​ខាង​មុខ​នេះ គឺ​សម្រាប់ ជួប ​សម្លាប់ ប៉ុណ្ណោះ​ មិន​មែន​សម្រាប់​លោក កែម ឡី ទេ​។ នោះ​ក៏​ព្រោះ​តែ​ដំណើរការ​កាត់​សេចក្ដី​ក្នុង​សំណុំ​រឿង​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ភាគី​តែ​ម្ខាង គឺ​ភាគី​ជន​ជាប់​ចោទ​និង​មេធាវី​ការពារ​ក្ដី​។​ ខណៈ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពិសេស​ភរិយា គឺ​លោក​ស្រី ប៊ូ រចនា បោះ​បង់​ចោល​សិទ្ធិ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​ចូល​តតាំង​ស្វែង​រក​យុត្តិធម៌​នៅ​តុលាការ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេតការណ៍ អវត្តមាន​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោកស្រី ប៊ូ រចនា ឬ​មេធាវី​ការពារ​ក្ដី ធ្វើ​ឲ្យបាត់​បង់​យុត្តិធម៌​មួយ​ផ្នែក​សម្រាប់​លោក​បណ្ឌិត កែម ឡី​។

មែន​ទែន​ទៅ វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​នៅ​ពេល​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មិន​ចូល​រួម​នៅ​ក្នុង​សវនាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​នឹង​បន្ទោស​ពួក​គាត់​ណាស់​។ ពិបាក​បន្ទោស​ព្រោះ​ហេតុ​ផល​ពីរ​សំខាន់៖ ទី​ ១ ក្រោយ​ការ​បាត់​បង់​លោក​កែម ឡី វា​ជា​រឿង​ធម្មតា​ដែល​ក្រុម​គ្រួសារ​​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ និង​ទី​ ២ ភរិយា​លោក កែម ឡី គឺ​លោក​ស្រី ប៊ូ រចនា ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ហើយ​ថា លោក​ស្រី​គ្មាន​សង្ឃឹម​នឹង​ទទួល​បាន​យុត្តិធម៌​។ ដូច្នេះ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​លោក​ស្រី​មិន​ចូល​រួម​សវនាការ ឬ​មិន​ចាត់​ចែង​មេធាវី​ដើម្បី​ធ្វើ​ការងារ​ជំនួស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ គ្រាន់​តែ​អវត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី មិន​មែន​មាន​ន័យ​ថា យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ទាំង​ស្រុង​ដែរ​។ នៅ​ក្នុង​សំណុំ​រឿងព្រហ្មទណ្ឌ នៅ​មាន​អង្គ​អយ្យការ​ ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​បទ​ល្មើស ព្រម​ទាំង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​។

កន្លង​មក នៅ​ក្នុង​សំណុំ​រឿង​លោក​បណ្ឌិត​កែម ឡី គេ​កត់​សម្គាល់​ឃើញ​ថា អង្គ​អយ្យការ រួម​សហការ​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ក្នុង​គោលដៅ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។ គ្រាន់​តែ​ការងារ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ សង្គម​ស៊ីវិល​ដែល​តាម​ដាន​សវនាការ​យល់​ថា នៅមិន​ទាន់​គ្រប់​គ្រាន់ និង​នៅ​មាន​មន្ទិល​។ ក្នុង​ន័យ​នេះ អង្គ​អយ្យការ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែ​រួម​គ្នា​បង្ហាញ​ឲ្យ​អស់​ថ្វី​ដៃ ដើម្បី​ឲ្យ​សង្គម​ស៊ីវិល គ្រួសារ​ជន​រង​គ្រោះ និង​សាធារណជន ឃើញ​ថា តុលាការ​ខ្មែរ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​សំខាន់​ជាង​នេះ ដើម្បី​លាង​សម្អាត​ក្ដី​សង្ស័យ​និង​ការ​ចោទ​ប្រកាន់​ដែល​រដ្ឋាភិបាល​កម្ពុជា​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ