អានតួអត្ថបទ
កម្ពុជា-តុលាការ

តុលាការ​បន្ត​នីតិវិធី​ចំពោះ​អ្នក​ចោទ​រដ្ឋាភិបាល​សម្លាប់​លោក កែម ឡី ជា​បន្ត​បន្ទាប់

ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​តុលាការ​បាន​បន្ត​នីតិវិធី​ចំពោះ​អ្នក​ចោទ​រដ្ឋាភិបាល​សម្លាប់លោក កែម ឡី ជា​បន្ត​បន្ទាប់ ។ ម្សិល​មិញ សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើសំណុំ​លោក​ស្រី ថាក់ ឡានី រីឯ​លោក គឹម សុខ ត្រូវ​បាន​សាលា​ដំបូង​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារ​១៨​ខែ និង​ពិន័យ​ប្រាក់​ជាង​៨​លាន​រៀល និង​សង់​សំណង​ជំងឺ​ចិត្ត​៨០០​លានរៀល។ ចំណែក​ថ្ងៃ​សុក្រ​នេះ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​លោក សម រង្ស៊ី។ ឆ្លៀត​ពេល​នេះ អេង គីមហុង សូម​រម្លឹក​រឿង​ក្ដី​ក្ដាំ​ទាំង​នេះ​ឡើង​វិញ។

តុលាការ​​បន្ត​​នីតិវិធី​​ចំពោះ​​អ្នក​​ចោទ​​រដ្ឋាភិបាល​​សម្លាប់​​លោក កែម ឡី ជា​​បន្ត​​បន្ទាប់
តុលាការ​​បន្ត​​នីតិវិធី​​ចំពោះ​​អ្នក​​ចោទ​​រដ្ឋាភិបាល​​សម្លាប់​​លោក កែម ឡី ជា​​បន្ត​​បន្ទាប់ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បើក​សវនាការ​នៅ​ថ្ងៃ​នេះ​គឺ​ធ្វើឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លើ​រូប​លោករួច​ហើយ​ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​សង​សំណង​១០០រៀល។ ប្រសាសន៍​លោក សម រង្ស៊ី កាល​ណោះ​លើក​ឡើង​ភ្លាមៗ​តាម​រយៈ​សំណេ​លើ​ហ្វេសបុក​ចំ​ថ្ងៃ​គេ​បាញ់​សម្លាប់ លោក កែម ឡី នៅ​ថ្ងៃ​ទី​១០​កក្កដា នោះថា «ការ​បាញ់​សម្លាញ់​លោក កែម ឡី ថ្ងៃ​នេះ ជា​អំពើ​ភេវកម្ម​មួយ​ទៀត រៀប​ចំ​ដោយ​រដ្ឋ​អំណាច​។»

បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន​លោក​ស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​សម រង្ស៊ី ដែល​បច្ចុប្បន្ន​គណបក្ស​នេះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើង​ទៀន​គឺ​ពី​ខេត្ត​រតនគីរី លោកស្រី ថាក់ ឡានី បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ក្នុង​វេទិកា​មួយកាល​ពី​ថ្ងៃ​ទី​២៩ កក្កដា មាន​ភស្តុតាង​ជា​វីដេអូឃ្លីប ក្នុង​ន័យ​ថា «អាឡូវ​ហ្នឹង​ ហ៊ុន សែន មិន​ដឹង​គិត​ម៉េច​ទៀត​ទេ នៅ​មិន​នៅ ចុះ​ឡើង​ ចុះ​ឡើង ទៅ​បាញ់​លោក កែម ឡី អ្នក​វិភាគ​នយោបាយ ឃើញ​ទេ»។ សំណុំ​រឿង​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន មេធាវី​តំណាង​ដោយ​រដ្ឋាភិបាល​ចាត់​ទុក​ថាជាការ​ចោទ​ប្រកាន់​ មាន​ចរិត​ញុះញង់​បំផុស​បំផុល​ ក្នុង​ចលនា​បញ្ឆេះ​កំហឹង​ មហាជន​ និង​ប៉ះពាល់​ដល់​ដំណើរ​ការ​នីតិវិធី​ របស់តុលាការ​។

ហើយ​បច្ចុប្បន្ន​ភាព​នៃ​សំណុំ​រឿង លោក​ស្រី ថាក់ ឡានី គឺ​តាម​រយៈ​សវនាការ​នៅ​ថ្ងៃម្សិល​មិញ សាលា​ឧទ្ធរណ៍​បាន​សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកា​ទៅ​ថ្ងៃ​ទី​២៩​ខែសីហា​ខាង​មុខ​វិញ។ ក្នុង​សំណុំ​រឿង​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បានប្ដឹងទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ស្រី​ថាក់ ឡានី ចំនួន​១០០​រៀល។ លោក​ស្រី​ក៏​ត្រូវ​បានសាលា​ដំបូង​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១​ឆ្នាំ និង​ពិន័យ​៨​លាន​រៀល​រួចហើយ​ដែរ។ បច្ចុប្បន្ន​លោក​ស្រី ថាក់ ឡានី កំពុង​រស់​នៅ​ក្រៅ​ប្រទេស។​

ចំណែក​លោក គឹម សុខ តុលាការក្រុង​ភ្នំពេញនៅ​រសៀល​ថ្ងៃទី ១០ សីហាបាន​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល១៨ខែ និង​ពិន័យ​ជា​ប្រា​ក់ជាង ៨០៨ លាន​រៀលពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម។

ក្រៅពី​សំណុំ​រឿងនេះ លោក គឹម សុខ នៅ​រង​បណ្តឹង​មួយ​ករណី​ទៀត​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​សព្វថ្ងៃ​​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ