អានតួអត្ថបទ
កម្ពុជា

សព​លោក កែម ឡី នឹង​ដង្ហែ​ចេញ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ

 ជា​ថ្មី​ម្ដង​ទៀត គណៈកម្មការ​បុណ្យ​សព លោក កែម ឡី សម្រេច​ជា​ផ្លូវ​ការ​ ថា​នឹង​យក​ថ្ងៃ​អាទិត្យ​ទី​២៤ កក្កដា ជា​ការ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​ឯ​ស្រុក​កំណើត​ ស្ថិត​នៅ​ភូមិ​អង្គ​តាកុក ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ សេចក្ដី​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​បាន​ប្រកាស​ពន្យារ​ពេល​ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន។  

សិស្ស ​និស្សិត​ បុគ្គលិក​ក្រុម​ហ៊ុន ​មន្រ្តី​សង្គម​ស៊ីវិល​  និង​មន្រ្តី​រាជ​រដ្ឋាភិបាល ​បាន​ចូលរួម​ពិធី​បុណ្យ​សព​លោក​បណ្ឌិត​ កែម ​ឡី ​ដែល​កំពុង​ត្រូវ​បាន​តម្កល់​ទុក​ នៅ​​វត្ត​ចាស់​ ខណ្ឌ​ជ្រោយចង្វារ​។​
សិស្ស ​និស្សិត​ បុគ្គលិក​ក្រុម​ហ៊ុន ​មន្រ្តី​សង្គម​ស៊ីវិល​ និង​មន្រ្តី​រាជ​រដ្ឋាភិបាល ​បាន​ចូលរួម​ពិធី​បុណ្យ​សព​លោក​បណ្ឌិត​ កែម ​ឡី ​ដែល​កំពុង​ត្រូវ​បាន​តម្កល់​ទុក​ នៅ​​វត្ត​ចាស់​ ខណ្ឌ​ជ្រោយចង្វារ​។​ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

 

សព​លោក កែម ឡី នឹង​ចាប់​ផ្ដើម​ដង្ហែ​ចេញ​នៅ​ម៉ោង​៧​ព្រឹក​ចេញ​ពី​វត្ត​ពោធិយារាម​ ហៅ​វត្ត​ចាស់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​បី​ឆ្ពោះ​ទៅ​ស្រុក​ត្រាំកក់។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្មី​របស់​គណៈកម្មការ​បុណ្យ​សព។

លោក ប៉ា ងួនទៀង សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ឲ្យ​ដឹង​ថា កម្មវិធី​ដង្ហែ​សព​នេះ​ នឹង​មិន​មាន​ការ​ប្រែប្រួល​អ្វី​ទៀត​នោះ​ទេ ហើយ​គណៈកម្មការ​នឹង​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។

លោក មាន ចាន់យ៉ាដា អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​នឹង​ពិចារណា​ចំពោះ​ការ​ជូន​ដំណឹង​នៃ​កម្មវិធី​ដង្ហែ​សព​លោក កែម ឡី ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់​ពី​អាជ្ញាធរ​បាន​ខក​ចិត្ត​ម្ដង​រួច​មក​ហើយ ​ចំពោះ​កម្មវិធី​ប្រែប្រួល​ក្នុង​ការ​ដង្ហែ​សព​លោក កែម ឡី កាល​ពី​សប្ដាហ៍​មុន​ដោយ​ពុំ​បាន​បញ្ជាក់​មូល​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ប៉ា ងួនទៀង បាន​ប៉ាន់​ស្មាន​ជា​ជំហ៊ាន​ដំបូង​ថា ការ​ដង្ហែ​សព​លោក កែម ឡី ទៅ​ស្រុក​កំណើត​នេះ​អាច​នឹង​មាន​អ្នក​ចូលរួម​រាប់​ពាន់​នាក់​។ លោក​ថា អ្នក​ចូល​រួម​នឹង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង។ លោក​ក៏​មិន​ទាន់​ដឹង​ថា ក្រោយ​យក​សព​ទៅ​ដល់​ស្រុក​កំណើត​ហើយ​គណៈកម្មការ​បុណ្យ​សព​នឹង​ធ្វើអ្វី​ទៀត​ដែរ​ ដោយ​រង​ចាំ​ពិគ្រោះ​យោបល់​ជាមួយ​លោក​អាចារ្យ​សិន។

ប៉ុន្តែ​ប្អូន​ប្រុស​លោក កែម ឡី ដែល​កំពុង​នៅ​ស្រុក​កំណើត​បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រុម​គ្រួសារ​នឹង​កសាង​ចេតិយ​បញ្ចុះ​សព​លោក កែម ឡី។ ហើយ​ចេតិយ​មិន​ទាន់​ចាប់​កសាង​នៅ​ឡើយ​ទេ​ ដោយ​កំពុង​គូរប្លង់។ ចេតិយ​នេះ​នឹង​កសាង​នៅ​មុខ​ផ្ទះ​របស់​បណ្ឌិត កែម ឡី តែ​ម្ដង​គឺ​នៅ​ក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក។​ ហើយ​តាម​គម្រោង​ចំណាយ​ពេល​មួយ​ខែ​ក្នុង​ការ​ធ្វើ​ចេតិយ​នេះ។

សូម​បញ្ជាក់​ថា អស់​រយៈ​ពេល​៨​ថ្ងៃ​ហើយ ដែល​សព​របស់​លោក កែម ឡី ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វារ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​លោក​នៅ​ក្នុង​ហាង Star mart ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០ កក្កដា​ឆ្នាំ​២០១៦។ រាប់​ចាប់​តាំង​ពី​ប្រជាពលរដ្ឋ តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​អង្គទូត​នានា មន្រ្តី​គណបក្ស​នយោបាយ និង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ផង បាន​ទៅ​គោរព​សព​លោក កែម ឡី ជា​បន្ត​បន្ទាប់។ រហូត​មក​ទល់​នឹង​ពេល​នេះ មាន​តែ​ឃាតករ​តែ​ម្នាក់​គត់​ ដែល​អះអាង​ថា ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​តុលាការ​ក្រុង​ភ្នំពេញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ