អានតួអត្ថបទ
កម្ពុជា-សង្គម

​ខួប​៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី៖ យុវជន​៣នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​សកម្ម​ភាព​ផ្សេង​ទៀត​ត្រូវ​បាន​រារាំង​

ថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៩នេះ គឺ​ជា​ខួប​គម្រប់​៣ឆ្នាំ​នៃ​ឃាតកម្ម​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ដូច​ការ​គ្រោង​ទុក មេដឹក​នាំ​សហជីព​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​អះអាង​ថា ជា​មិត្តភ័ក្តិ​ជិត​ស្និទ​របស់​លោក កែម ឡី បាន​មក​ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា​នៅ​ក្នុង​ហាង​ស្តាម៉ាត​កាល់​តិច (Star Mart Caltex) ស្តុប​បូក​គោ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​។ ទន្ទឹម​គ្នា​នេះ យុវជន​៣នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃនេះ ខណៈ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​នេះ យុវជន​៤នាក់​ក៏ត្រូវ​បាន​ឃាត់​ខ្លួន​ផង​ដែរ។ 

យុវជន៣នាក់ត្រូវបានឃាត់ខ្លួន ខណៈសកម្មភាពផ្សេងទៀតត្រូវបានរារាំង
យុវជន៣នាក់ត្រូវបានឃាត់ខ្លួន ខណៈសកម្មភាពផ្សេងទៀតត្រូវបានរារាំង @សហការី
ផ្សាយពាណិជ្ជកម្ម

ដូច​ការ​គ្រោង​ទុក មេដឹក​នាំ​សហជីព​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​អះអាង​ថា ជា​មិត្ត​ភ័ក្តិជិត​ស្និទ​របស់​លោក កែម ឡី បាន​មក​ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា​នៅ​ក្នុង​ហាង​ស្តាម៉ាត (Star Mart Caltex) ស្តុប​បូកគោ​នៅ​ព្រឹក​ថ្ងៃទី ១០ កក្កដា​នេះ ទោះ​បី​ជា​មាន​ការារាំង​ក្តី​។ ហាង​ស្តាម៉ាត (Star Mart Caltex) ស្តុប​បូក​គោ គឺ​ជា​ទីកន្លែង​ដែល​ឃាតករ​បាន​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី៣ឆ្នាំ​មុន​។ ក៏​ប៉ុន្តែ​សកម្មភាព​នៃ​ការ​ជួប​ជុំ​របស់​ពួកគេ ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ រារាំង និង​បាន​រឹប​អូស​យក​នូវ​កម្រង​ផ្កា និង​ក្រម៉ា​ពណ៌​ខៀវ​ដែល​គេ​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ជាមួយ​ផង បន្ទាប់​ពី​ដាក់​មិន​បាន​ប៉ុន្មាន​នាទី​ផង​នោះ​។ ក្រៅពី​នោះ យុវជន​៣នាក់ ឈ្មោះ ជុំ ហួត ជុំ ហួរ និង យុវជន​ម្នាក់​ឈ្មោះ សួង នាគ​ព័ន្ធ ដែល​មាន​ពាក់​អាវ​យឺត​ដែល​មាន​ឈ្មោះ​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ខ្លួន​ផង​ដែរ​។ ជុំ ហួត ជុំ ហួរ គឺ​ជា​យុវជន​ពីរ​នាក់​ចុង​ក្រោយ ដែល​បាន​ផឹក​កាហ្វេរ​ជាមួយ​លោក កែម ឡី នៅ​ក្នុង​ហាង​ស្តាម៉ាត​នេះ កាល​ពី៣ឆ្នាំ​មុន​។ ក្រុម​មេដឹក​នាំ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ដែល​គេ​ឃើញ​មាន​វត្តមាន​ចូល​រួម​នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ហាង​ស្តាម៉ាត​កាល់​តិច​នេះ រួម​មាន​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា លោក អុំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហជីព រួម​ជាមួយ​សកម្មជន​សិទ្ធិ​មនុស្ស និង​សហគមន៍​ដីធ្លី ជា​ច្រើន​ទៀត​។

គួរ​ជំរាប​ជូន​ដែរ​ថា កាល​ពីល្ងាច​ថ្ងៃទី ០៩ កក្កដា អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​យុវជន គង់ រ៉ៃយ៉ា និង​ភរិយា រួម​ជាមួយ​បង​ប្អូន​ពីរ​នាក់​ទៀត ពាក់​ព័ន្ធ​នឹង​ការ​បោះពុម្ភ​អាវ​យឺត​ដែល​មាន​រូប​លោក​បណ្ឌិត កែម ឡី និង​ទ្រឹស្តី​របស់​លោក​ផង​។ សម្រាប់​អាជ្ញាធរ​កម្ពុជា គង់ រ៉ៃយ៉ា បាន​បោះពុម្ព « ទ្រឹស្ដី » នៅ​លើ​អាវ​យឺត​ពណ៌​ខ្មៅ និង ពណ៌ ស ដែល​មាន​លក្ខណៈ​ញុះញង់​ឲ្យ មាន​កំហឹង​ឈឺចាប់​ដោយ​ភ្ជាប់​នឹង​ថ្ងៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី​។

គួរ​រំលឹក​ជូន​ថា លោក កែម ឡី អ្នក​វិភាគ​នយោបាយ​និង​សង្គម​មិន​សំចៃ​មាត់​នោះ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៦ នៅ​ហាង​ស្តាម៉ាត​កាល់​តិច ស្តុប​បូក​គោ​។ ភ្លាមៗ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ​ជួប​សម្លាប់ និង​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ អឿត អាង ហៅ​ជួប​សម្លាប់ បាន​សារភាព​ថា ខ្លួន​គឺ​ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយ​សារ​ជំពាក់​ប្រាក់​៣ពាន់​ដុល្លារ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​មួយ​ថ្ងៃ​មុន​ខួប​បីឆ្នាំ​នៃ​ការ​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី នេះ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​២៤ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​អំពាវនាវ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈ​កម្មាការ​ស៊ើប​អង្កេត​លើ​ករណី​បាញ់​សម្លាប់ លោក កែម ឡី ជា​ថ្មី​។ ជា​គណៈ​កម្មាការ​ស៊ើប​អង្កេត​ឯករាជ្យ និង​មិន​លម្អៀង ដើម្បី​រក​យុត្តិធម៌ ពេញ​លេញ​ដល់​លោក កែម ឡី​។ ប៉ុន្តែ​ភ្លាមៗ​នេះ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​លើក​ឡើង​ថា ការ​បង្កើត​គណៈ​កម្មការ​ណា​មួយ​នោះ ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ខួប​៣ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​នេះ ក្រៅ​ពី​ការ​ជួប​ជុំ​ដាក់​កម្រង​ផ្កា​នៅ​ហាង​ស្តាម៉ាត​កាល់​តិច ដែល​ជា​ទីកន្លែង​នៅ​ឃាតកម្ម​លើ​លោក កែម ឡី ហើយ ក៏​មាន​ការ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​គេហ​ដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី ស្ថិត​នៅ​ក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ