អង្គការក្រៅរដ្ឋាភិបាលអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាការស៊ើបអង្កេតករណីបាញ់សម្លាប់ លោក កែម ឡី
មួយថ្ងៃមុនខួបបីឆ្នាំនៃការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ខែកក្កដា អង្គការជាតិនិងអន្តរជាតិចំនួន២៤ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាការស៊ើបអង្កេតលើករណីបាញ់សម្លាប់ លោក កែម ឡី។ ជាគណៈកម្មាការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀង ដើម្បីរកយុត្តិធម៌ ពេញលេញដល់លោក កែម ឡី។ ភ្លាមៗអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ការបង្កើតគណៈកម្មការណាមួយនោះជារឿងមិនអាចទៅរួច។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៦
ការជម្រុញជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាការស៊ើបអង្កេត លើឃាតកម្មបាញ់សម្លាប់ លោក កែម ឡី កាលពីបីឆ្នាំមុន ដោយសារការកាត់ទោសលើជនសង្ស័យឈ្មោះ អឿត អាង ហៅជួប សម្លាប់ ឲ្យជាប់ពន្ធាគារអស់មួយជីវិតនោះ នៅមិនទាន់ស្របតាមស្តង់ដាអន្តរជាតិ ដែលទទួលយកបាន។ មិនត្រឹមតែមិនអាចទទួលយកបាន ការផ្ដន្ទាទោសនេះ បានបង្កើតជាសំណួរយ៉ាងច្រើន រកអ្នកនៅពីក្រោយខ្នងឃាតករដែលបាញ់សម្លាប់ លោក កែម ឡី។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម របស់អង្គការជាតិនិងអន្តរការក្រៅរដ្ឋាភិបាលចំនួន២៤។
ក្នុងនោះ អង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការអាដហុក ដែលចូលរួមក្នុងការចេញសេចក្ដីថ្លែងការណ៍នេះបានលើកឡើងថា បីឆ្នាំក្រោយការបាញ់សម្លាប់លោក កែម ឡី យុត្តិធម៌ពេញលេញ ដែលលោក កែម ឡី ក៏ដូចជាក្រុមគ្រួសារ និងពលរដ្ឋអ្នកស្រឡាញ់ លោក កែម ឡី ចង់បាននោះ គឺរកអ្នកពាក់ព័ន្ធដែលបញ្ជាពីក្រោយខ្នងឃាតករ ជួប សម្លាប់ ដើម្បីឈានទៅបិទបញ្ចប់និទណ្ឌភាព។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអះអាងនៅថ្ងៃទី៩ខែកក្កដានេះថា លទ្ធភាពនៃការបង្កើតគណៈកម្មាការស៊ើបអង្កេតលើករណីឃាតកម្មបាញ់សម្លាប់ លោក កែម ឡី ជារឿងមិនអាចទៅរួច។ មិនអាចទៅរួចព្រោះថា រដ្ឋាភិបាលកម្ពុជា បានគោរពទៅលើសេចក្ដីសម្រេចរបស់តុលាការដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត។ ហើយនៅថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០១៩ តុលាការកំពូលកម្ពុជា ក៏បានបដិសេធបណ្តឹងបន្ថយរយៈពេលជាប់ទោសរបស់ ជួប សម្លាប់ និងរក្សាសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ឲ្យនៅដដែល។
ក្រៅតែពីការចេញសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិលនៅក្នុងស្រុកពួកគេនឹងនាំគ្នាដាក់កម្រង់ផ្កានៅស្តាម៉ាតកាលតិច កាច់ជ្រុងស្តុបបូកគោ ទីដែលឃាតករបាញ់សម្លាប់ លោក កែម ឡី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ