អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ និង​គ្រួសារ​សព ឯកភាព​ដង្ហែ​សព​លោក កែម ឡី តាម​ទិស​ដៅ​កំណត់ តែ​មិន​អនុញ្ញាត​ឲ្យ​ហែ​ថ្មើរ​ជើង

នៅ​ទី​បំផុត​ទៅ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​យល់​ព្រម​ឲ្យ​ក្បួន​ដង្ហែ​សព​លោក កែម ឡី កាត់​តាម​មហា​វិថី​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទៅ​តាម​ការ​ទាមទារ​ចង់​បាន​របស់​គ្រួសារ​សព​ហើយ ។ តែ​ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​មាន​ការ​ដង្ហែ​ដោយ​ថ្មើរ​ជើង​នោះ​ទេ។ សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​អាជ្ញាធរ​ក្រុង និង​គ្រួសារ​សព​ ជុំវិញ​តម្រាយ​ផ្លូវ​ហែ​សព​លោក​បណ្ឌិត កែម ឡី ហើយ​ភាគី​ទាំង​ពីរ​បាន​មក​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​នៅ​ព្រឹក​មិញ​នេះ។

រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​
រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​ @Heam Chetra
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​សេចក្តី​សម្រេច​នេះ ក្បួន​ដង្ហែ​សព​អ្នក​វិភាគ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​លោក បណ្ឌិត កែម ឡី នឹង​ផ្តើម​ចេញ​ពី​វត្ត​ពោធិយារាម​ហៅ​វត្ត​ចាស់ នៅ​វេលា​ម៉ោង​៧​ព្រឹក នា​ថ្ងៃ​អាទិត្យ ទី​២៤​កក្កដា ដោយ​ឆ្លង​កាត់​តាម​ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន (ជ្រោយចង្វារ) តាម​បណ្តោយ​មហា​វិថី​ព្រះមុនី​វង្ស រហូត​ដល់​ស្តុប​កាណាឌីយ៉ា រួច​បត់​ស្តាំ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី រហូត​ដល់​រង្វង់​មូល​ចោម​ចៅ រួច​ក៏​តម្រង់​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ខេត្ត​តាកែវ​តែ​ម្តង។ ក្បួន​ដង្ហែ​សព​លោក កែម ឡី នេះ នឹង​ធ្វើ​ឡើង​ដោយ​រថយន្ត​ និង​ម៉ូតូ ដោយ​មិន​មាន​ការ​ដង្ហែ​ដោយ​ថ្មើរ​ជើង​នោះ​ទេ។ នេះ​បើ​ផ្អែក​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដឹក​នាំ​ដោយ​លោក ឃួង ស្រេង អភិបាល​រង​ក្រុង និង​លោក​ស្រី ប៊ូ រចនា ដែល​ជា​ភរិយា​សព​លោក កែម ឡី នៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ។

គួរ​រំលឹក​ជូន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ទី​២០ កក្កដា ភាគី​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​តម្រាយ​ផ្លូវ​ហែ​សព​លោក កែម ឡី​នេះ ដោយ​ភាគី​ខាង​អាជ្ញាធរ​មិន​ចង់​ឲ្យ​ក្បួន​ដង្ហែ​សព​នេះ​ចូល​មក​កាន់​ទីក្រុង​ភ្នំពេញ​នោះ​ទេ ដោយ​អះអាង​ថា នឹង​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍ ហើយ​ថា​ជា​ផ្លូវ​ ដែល​ភ្ញៀវ​អន្តរជាតិ​ឆ្លង​កាត់។ អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​ចង់​ឲ្យ​ក្បួន​ដង្ហែ​សព​នេះ ធ្វើ​ឡើង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះ​ត្រង់​តាម​ផ្លូវ​លេខ​៧០ (ឬ​ផ្លូវ​ទំនប់​ទួល​គោក) កាត់​តាម​ផ្លូវ​៣៣៧ ផ្លូវ​លេខ​៥៩៨ (ឬ​ផ្លូវ​ត្រឡោក​បែក) ឡើង​ទៅ​កាន់​មហា​វិថី​សហព័ន្ធ​រុស្ស៊ី រួច​ឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​ចោម​ចៅ​តែ​ម្តង។ ប៉ុន្តែ​ភាគី​គ្រួសារ​សព មិន​ចង់​បាន​ទៅ​តាម​ផ្លូវ​នេះ​ទេ។

សព​លោក កែម ឡី នឹង​ត្រូវ​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត ស្ថិត​នៅ​ភូមិ​អង្គ​តាកុក ឃុំ​លាយបូរ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នៅ​វេលា​ម៉ោង​៧​ព្រឹក នា​ថ្ងៃ​អាទិត្យ ទី​២៤​កក្កដា ចុង​សប្តាហ៍​នេះ។ គេ​រំពឹង​ថា ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី នេះ នឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម ហើយ​ក្នុង​នោះ ក៏​មាន​សមាជិក​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​សមាជិក​គណបក្ស​ប្រឆាំង​ផង​ដែរ។

តាម​គម្រោង អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​ដាក់​កម្លាំង​ការពារ នៅ​តាម​បណ្តា​ផ្លូវ​ដង្ហែ​សព រាប់​ចាប់​តាំង​ពី​វត្ត​ចាស់​ជា​ទី​តម្កល់​សព​លោក កែម ឡី រហូត​ដល់​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តោយ​ផ្លូវ​ទៅ​កាន់​ខេត្ត​តាកែវ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់ និង​សន្តិសុខ​រហូត​ដល់​ក្បួន​ដង្ហែ​សព​បាន​ទៅ​ដល់​គោល​ដៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ