អានតួអត្ថបទ
កម្ពុជា-នយោបាយ

ស្ថាបនិក​បក្ស​កែម ឡី ប្តេជ្ញា​មិន​ប្តូរ​ឈ្មោះ​ទាល់​តែ​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​ដល់​ដៃ​សិន

ស្ថាបនិក​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ ដែល​មាន​ឈ្មោះ​ថា«កែម ឡី» គឺ​លោក គុជ លី បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​លោក នឹង​មិន​ប្តូរ​ឈ្មោះ​នោះ​ទេ បើ​ទោះ​ជា​មាន​ដំណឹង​ថា​ក្រសួង​មហា​ផ្ទៃ​បាន​ទាត់​ចោល​នូវ​ការ​ដាក់​ឈ្មោះ​គណបក្ស​នេះ ដរាប​ណា​ក្រសួង​ចេញ​លិខិត​ផ្លូវ​ការ​ដល់​ដៃ​គណបក្ស​ជា​មុន​សិន។ ការ​អះអាង​របស់​ស្ថាបនិក​គណបក្ស​កែម ឡី បាន​ធ្វើ​ឡើង​ខណៈ​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ហាម​ប្រាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រាស់​ឈ្មោះ​រូបវន្ត​បុគ្គល ជា​ឈ្មោះ​គណបក្ស​​ និង​ការ​បញ្ជាក់​ជា​ថ្មី​របស់​ អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី ពី​ការ​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​ឈ្មោះ​ស្វាមី​អ្នក​ស្រី​ជា​ឈ្មោះ​គណបក្ស។

អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី ​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​ឈ្មោះ​ស្វាមី​អ្នក​ស្រី​ជា​ឈ្មោះ​គណបក្ស
អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី ​មិន​គាំទ្រ​ចំពោះ​ការ​ប្រើ​ឈ្មោះ​ស្វាមី​អ្នក​ស្រី​ជា​ឈ្មោះ​គណបក្ស @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ គុជ លី ស្ថាបនិក​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​កែម ឡី ដែល​មិន​ទាន់​ទទួល​ស្គាល់​ដោយ​ច្បាប់ បាន​ប្រាប់​វិទ្យុ​បារាំង នៅ​ព្រឹក​នេះ​ថា លោក​ពិត​ជា​បាន​ដឹង​ច្បាស់​ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី ហើយ​លោក​ក៏​យល់​ពី​បំណង​របស់​ក្រសួង​មហា​ផ្ទៃ ដែល​ចង់​ឲ្យ​គណបក្ស​នេះ ប្តូរ​ឈ្មោះ​សិន ទើប​អាច​ក្លាយ​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​​ប្រជែង ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ នា​ពេល​ខាង​មុខ ប៉ុន្តែ​លោក​ថា នឹង​មិន​មាន​ការ​ប្តូរ​ឈ្មោះ​អ្វី​ឡើយ ល្គឹក​ណា​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​ផ្លូវ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ពី​រឿង​នេះ។

ជា​ថ្មី​ម្តង​ទៀត អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ បាន​បញ្ជាក់​ជា​ថ្មី​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា អ្នក​ស្រី សម្តែង​ការ​មិន​គាំទ្រ​ការ​បង្កើត​គណបក្ស​ថ្មី ដែល​មាន​ឈ្មោះ​ថា​ គណបក្ស កែម ​ឡី​នោះ​ទេ ពី​ព្រោះ​តាំង​ពី​ដើម​រហូត​មក ស្វាមី​អ្នក​ស្រី មិន​ដែល​មាន​បំណង​បង្កើត​គណបក្ស​ម្តង​ណា​ឡើយ។ តាម​អ្នក​ស្រី ប៊ូ រចនា បំណង​របស់​លោក​បណ្ឌិត កែម ឡី គឺ​ត្រឹម​តែ​ជួយ​ផ្តល់​យោបល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ ស្ថាបនិក​គណបក្ស​កែម ឡី នៅ​តែ​បក​ស្រាយ​ខុស​ពី​​អ្នក​ស្រី ប៊ូ រចនា ហើយ​ប្តេជ្ញា​ថា ទោះ​បី​ជា​ជំទាស់​យ៉ាង​ណា ក៏​នៅ​តែ​បន្ត​បង្កើត​គណបក្ស​នេះ ក្រោម​ទស្សនា​ល្អ​របស់​លោក​កែម ឡី ដដែល។

កាល​ពី​ថ្ងៃ​អាទិត្យ លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដែល​ផ្សា​ភ្ជាប់​នឹង​សព​លោក​បណ្ឌិត​កែម ឡី ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ឈ្មោះ និង​រូប​សញ្ញា​បុគ្គល គឺវា​ផ្ទុយ​ដាច់​ស្រឡះ​ពី​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី។

​មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ បាន​ចែង​ថា គ្រប់​គណបក្ស​នយោបាយ​ត្រូវ​មាន​ឈ្មោះ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ ដែល​​ត្រូវ​តែ​ខុស​គ្នា​ពី​ឈ្មោះ​ជា​អក្សរ​ពេញ ឬ​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​នានា ហើយ​​មិន​ត្រូវ​ធ្វើ​ឡើងដោយ​គ្រាន់​តែ​កែ​សម្រួល​បន្តិច​បន្តួច​នៅលើ​ឈ្មោះ​គណបក្ស​នយោបាយ​នានា ឬ​យក​ឈ្មោះ​រូបវ័ន្ត​បុគ្គល​មក​ដាក់​នោះ​ទេ។ មួយ​ទៀត សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ មិន​ត្រូវ​ចម្លង ឬ​យក​តាម​សញ្ញា​ជាតិ រូបភាព​តំណាង​ឲ្យ​សាសនា ប្រាសាទ​អង្គរវត្ត ឬ​ព្រះ​ឆាយាល័ក្ខណ៍ ឬ​រូប​សំណាក​​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​គ្រប់​អង្គ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ ​លោក​ គុជ លី បញ្ជាក់​ថា លោក​បាន​ត្រៀម​ឈ្មោះ​ថ្មី​សម្រាប់​គណបក្ស​នេះ​ហើយ គ្រាន់​តែ​មិន​ចង់​បង្ហើប​ឲ្យ​ដឹង​សូម្បី​តែ​បន្តិច​ ព្រោះ​នៅ​ចង់​បាន​ភាព​ល្បី​ពី​ឈ្មោះ​គណបក្ស​កែម ឡី និង​ចង់​ឲ្យ​គេ​ស្គាល់​ជា​មុន​​សិន។ ទោះ​យ៉ាង​ណា គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា អ្នក​ស្រី ប៊ូ រចនា នឹង​ជំទាស់​ដែរ ឬ​យ៉ាង​ទេ ប្រសិន​បើ​គណបក្ស​កែម ឡី ​ប្តូរ​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​កែម ឡី ហើយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ប្អូន​ថ្លៃ​អ្នក​ស្រី ដែល​ជាប្អូន​ប្រុស​បង្កើ​ត​របស់​លោក​កែម ឡី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ