អានតួអត្ថបទ
កម្ពុជា

គម្រោង​ចេតិយ​​លោក​បណ្ឌិត កែម ឡី អាច​ត្រូវ​ផ្អាក​បើ​ថវិកា​នៅ​តែមិន​គ្រប់

គម្រោង​ចេតិយ​​លោក​បណ្ឌិត កែម ឡី អាច​នឹង​ត្រូវ​ផ្អាក​នា​ពេល​ខាង​មុខ ប្រសិន​បើ​ថវិកា​សម្រាប់​ការ​សាង​សង់​នៅ​តែ​មិន​គ្រប់​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់ លោក កែម រិទ្ធិសិទ្ធ ​ប្អូន​ប្រុស​លោក កែម ឡី ដែល​បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​សៅរ៍ ទី​២ កញ្ញា​នេះ​។ បើ​តាម​ប្អូន​ប្រុស​លោក កែម ឡី ដដែល គណៈកម្មការ​សាងសង់​ចេតិយ នៅ​ខ្វះ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​ទៀត ទើប​អាច​សាងសង់​បញ្ចប់​គម្រោង​ចេតិយ​នេះ​បាន​​។

ពលរដ្ឋ​គោរព​ផ្នូរ​លោក​បណ្ឌិត កែម ឡី នា​ពេល​កន្លង​មក
ពលរដ្ឋ​គោរព​ផ្នូរ​លោក​បណ្ឌិត កែម ឡី នា​ពេល​កន្លង​មក
ផ្សាយពាណិជ្ជកម្ម

គម្រោង​សាងសង់​ចេតិយ​សម្រាប់​លោក​បណ្ឌិត កែម ឡី ដែល​ផ្ដួច​ផ្ដើម​ឲ្យ​មាន​តាំង​ពី​ឆ្នាំ​មុន​នោះ សម្រេច​បាន​៣០​ភាគ​រយ​ហើយ​នា​ពេល​នេះ​។ លោក កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​លោកកែម ឡី បាន​អះអាង​ប្រាប់វិទ្យុ​បារាំង​អន្ដរជាតិ​ថា ក្រុម​គ្រួសារ​លោក បាន​ចាយ​ប្រាក់​កក់​ទៅកាន់​ក្រុមអ្នក​ម៉ៅការ​សាងសង់​ចំនួន​ជាង​៣​ម៉ឺន​៤​ពាន់​ដុល្លារ ដែល​ស្មើ​នឹង​២០​ភាគ​រយ​នៃ​ថ្លៃ​ចាយ​វាយ​សរុប​សម្រាប់​ការ​សាងសង់ ដែល​មាន​តម្លៃ​ដល់​ទៅ​១៧​ម៉ឺន​ដុល្លារ​។

បើ​តាម​លោក កែម រិទ្ធិសិទ្ធ ក្រុម​គ្រួសារ​លោក​នៅ​តែ​ខ្វះ​ខាត​ថវិកា​សម្រាប់​ការ​សាងសង់​ចេតិយ​នេះ បើ​ទោះ​បី​ជា​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​សាធារណជនធ្លាប់​បាន​ចូល​រួម​បរិច្ចាគ​ថវិកា​ជា​បន្ត​បន្ទាប់​ហើយ​ក្ដី​។ ក្នុង​នោះ ថវិកា​​ដែល​ទទួល​បាន​កន្លង​មក សរុប​មាន​ជាង​៦​ម៉ឺន​ដុល្លារ​។ បន្ទាប់​ពី​បង់​ទៅ​ឲ្យ​ក្រុម​អ្នក​ម៉ៅការ​រួច ឥឡូវ​នេះ​នៅ​សល់​តែជាង​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ប្អូន​ប្រុស​លោក កែម ឡី លើក​ឡើង​ថា ប្រសិន​បើ​គ្មាន​ថវិកា​គ្រប់​ទេ នោះ​គម្រោង​សាងសង់​ចេតិយ​អាច​នឹង​ត្រូវ​ផ្អាក រហូត​ដល់​មាន​ថវិកា​បន្ថែម​។

សូម​ជម្រាប​ជូន​ថា គណៈកម្ម​ការ​សាងសង់​ចេតិយ​លោក​បណ្ឌិត កែម ឡី បាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​ដើម្បី​បុក​គ្រឹះ​សាងសង់ នៅ​ថ្ងៃ​ទី​៨​មីនា​ដើម​ឆ្នាំ​​នេះ​។ ចេតិយ​នេះ មាន​ទទឹង​៥​ម៉ែត្រ បណ្ដោយ​៩​ម៉ែត្រ និង​កម្ពស់​១៦​ម៉ែត្រ ធ្វើ​ពី​ថ្ម​ម៉ាប​ភ្នំ តាម​រចនាបទ​ភ្នំ​ជីសូរ ហើយ​ត្រូវ​សាងសង់​នៅ​លើ​ពី​ផ្នូរ​លោក​បណ្ឌិត​កែម ឡី នៅ​ខេត្ត​តាកែវ​តែ​ម្ដង​។ ក្រៅ​ពី​តួ​ចេតិយ គម្រោង​នេះ​ក៏​មាន​រួម​បញ្ចូល​ផង​ដែរ សារមន្ទីរ បណ្ណាល័យ ដើម្បី​តម្កល់​រាល់​ស្នាដៃ​របស់​អ្នក​ដែល​បាន​ពលី​ជីវិត​សម្រាប់​ជាតិ​មាតុភូមិ​។

លោក កែម រិទ្ធិសិទ្ធ តាង​នាម​ឲ្យ​គ្រួសារ​លោក​បណ្ឌិត កែម ឡី បាន​ថ្លែង​អំណរ​គុណ​ដល់​សទ្ធា​របស់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​បរិច្ចាគ​ដល់​គម្រោង​នេះ​កន្លង​មក​។ បន្ថែម​ពី​លើ​នេះ លោក​បាន​​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់​ដែល​គោរព​ស្រឡាញ់​លោក​បណ្ឌិត កែម ឡី ឲ្យ​រួម​ចំណែក​ចូល​រួម​បរិច្ចាគ​តាម​លទ្ធភាព ដើម្បី​ជួយ​ឲ្យគម្រោង​​ចេតិយ​នេះ លេច​ចេញ​ជា​រូប​រាង​ពេញ​លេញ​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ