ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​៖ ឱពុក​និង​កូន​ស្រី​ស្នើ​រួម​គ្នា​ឲ្យ​បញ្ឈប់​ការ​យក​ខ្មែរ​គ្នា​ឯង​ជា​ឈ្នាន់​និង​របាំង​

media  
កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់ លោក កឹម សុខា @RFI

គិត​ត្រឹម​ថ្ងៃ​ទី២​ខែ​កញ្ញា​ម្សិល​មិញ ជា​ពេល​វេលា​២ឆ្នាំ​គត់​នៃ​ការ​ចាប់​ខ្លួន លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី២​ខែកញ្ញា​ឆ្នាំ​២០​១៧​។ ជុំវិញ​ខួប​២​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​នេះ រដ្ឋា​ភិបាល​តាម​រយៈ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នៅ​ថ្ងៃ​ទី២​ខែ​កញ្ញា បង្ហាញ​វិដេអូ​អំពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន លោក កឹម សុខា ដែល​ការ​ចេញ​ផ្សាយ​នេះ​ ជួន​ចំ​ពេល​លោក កឹម សុខា និងកូនស្រី គឺ​កញ្ញា កឹម មនោវិទ្យា ស្នើ​ឲ្យ​បញ្ឈប់​ការ​យក​ខ្មែរ​គ្នា​ឯង​ជា​ឈ្នាន់​និង​របាំង​។ 

បន្ទាប់​ពី​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​លូក​លាន់​សំណុំ​រឿង​នយោ​បាយ​បច្ចុប្បន្ន​ លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២​ខែ​កញ្ញា​ម្សិល​មិញ​បាន​បង្ហាញ​សារ​នយោ​បាយ​ជា​ថ្មី​ដោយ​រំឭក​ឡើង​វិញ​ចំពោះ​ហេតុ​ការណ៍​ដែល​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​លោក​ដល់​ក្នុង​ផ្ទះ ទាំង​កណ្តាល​អាធ្រាត្រ កាល​ពី​២ឆ្នាំ​មុន​។​

តាម​រយៈ​សំណេរ​រំលេច​ឡើង​ក្នុង​ទំព័រ​ហ្វេស​បុក លោក កឹម សុខា បាន​ទាញ​ភ្ជាប់​ការ​ចាប់​ខ្លួន​រូប​លោក​ទៅ​នឹង​ការ​ត្រៀម​ចិត្ត​ទុក​ជា​មុន​ហើយ​ថា តួនាទី​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង តែង​នាំ​មក​នូវ​គ្រោះ​ថ្នាក់ និង​ការ​ឈឺ​ចាប់​រាប់​មិន​អស់ តែ​អ្នក​ដឹក​នាំ​គឺ​ជា​អ្នក​ដែល​លះ​បង់​មុន​គេ និង​ច្រើន​ជាង​គេ ដើម្បី​ជា​គំរូ​ដល់​អ្នក​គាំ​ទ្រ​។ បើ​តាម​លោក កឹម សុខា អ្នក​ដឹក​នាំ​ដែល​មាន​គុណ​ធម៌ មិន​ដែល​រុញ​ច្រាន​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ នៅ​តែ​បន្ត​ស្នើ​ឲ្យ​ខ្មែរ​គ្រប់​និន្នា​កា​បញ្ឈប់​នូវ​នយោ​បាយ យក​ខ្មែរ​គ្នា​ឯង និង​ជោគ​វាសនា​ប្រទេស​ជាតិ​ជា​ឈ្នាន់​និង​របាំង​តទៅ​ទៀត ព្រោះ​បើ​តាម លោក កឹម សុខា ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ឈឺ​ចាប់​គ្រប់​គ្រាន់​ហើយ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ កូន​ស្រី​លោក​កឹម សុខា កញ្ញា កឹម មនោវិទ្យា បាន​បង្ហាញ​សារ​តាម​បណ្តាញ​សង្គម ទ្វីត​ធ័រ ពី​ក្រៅ​ប្រទេស​ថា ខួប២​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ឱពុក​គ្មាន​បុគ្គល​ណា​អាច​ប៉ះ​ប៉ូវ​សង​គ្រួសារ​នាង​បាន​ឡើយ​។ ដូច្នេះ​ហើយ​អ្វី​ដែល​រូប​កញ្ញា​ត្រូវ​ការ គឺ​បញ្ឈប់ កុំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​កើត​ឡើង​លើ​ខ្មែរ​គ្រប់​គ្នា​ត​ទៀត​។

តែ​ជា​ការ​កត់​សម្គាល់​ជួន​ចំ​ពេល លោក កឹម សុខា និង កូនស្រី ស្នើ​ឲ្យ​បញ្ឈប់​ការ​យក​ខ្មែរ​គ្នា​ឯង​ជា​ឈ្នាន់​និង​របាំង អង្គ​ភាព​ប្រតិកម្ម​រហ័ស​របស់ ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នៅ​ថ្ងៃ​ទី២​ខែ​កញ្ញា ដដែល បាន​បង្ហាញ​វីដេអូ​ដោយ​ពន្យល់​មូល​ហេតុ នៃ​ការ​ចាប់​ខ្លួន លោក កឹម សុខា។ ខ្លឹម​សារ​វិដេអូ​ដែល​មាន​រយៈ​ពេល​ជាង​២នាទី បង្ហាញ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​។ នេះ​បើ​តាម​គណៈ​រដ្ឋ​មន្រ្តី​។

សូម​ជម្រាប​ថា លោក កឹម សុខា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«​សន្និ​ដ្ឋិ​ភាព​​ជា​​មួយ​បរ​ទេស​​»​ ​តាម​​មាត្រា ​​៤៤៣​ ​នៃ​​ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ​ដែល​ជា​​ទោស ​«​ក្បត់​ជាតិ​» ​តាម​រយៈការ​ឃុបឃិត​ជា​មួយ​បរទេស​ ដើម្បី​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​​ច្បាប់​។ ​ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ ​ខណៈដែល​មជ្ឈ​ដ្ឋាន​​ជាតិ​​ និង​​សហ​គ​ម​ន៍​អន្តរ​ជាតិ​​មួយ​​ចំ​នួន​​យល់​​ថា​ ​នេះ​គឺ​ជា​ការ​ចោទ​ប្រ​កាន់​ដោយ​គ្មាន​​ភ័ស្តុ​តាង​ត្រឹម​ត្រូវ​ ហើយ​ថា​ ជា​រឿង​នយោ​​បាយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ