អានតួអត្ថបទ
កម្ពុជា

កូន​ស្រី​លោក​កឹម សុខា​ ថា​លោក​សម រង្ស៊ី មាន​លេស​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ

បន្ទាប់​ពី​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​លិខិត​ប្រាប់​ឲ្យ​អាជ្ញាធរ​អន្តោប្រវេសន៍​ចាត់​វិធានការ​ហាម​ឃាត់​មិន​ឲ្យ​លោក​សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ​នោះ ភ្លាម​ៗ​កញ្ញា​កឹម មនោវិទ្យា អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​កូន​ស្រី​លោក​កឹម សុខា បាន​អះអាង​ថា នេះ​គឺ​ជា​លេស​មួយ​សម្រាប់​លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​នៅ​បរទេស​បន្ត​ទៀត។

កញ្ញា ​កឹម​ មនោវិទ្យា​ កូន​ស្រី​របស់លោ​ក ​កឹម​​ សុខា។​
កញ្ញា ​កឹម​ មនោវិទ្យា​ កូន​ស្រី​របស់លោ​ក ​កឹម​​ សុខា។​ @Facebbok/Monovithya Kem
ផ្សាយពាណិជ្ជកម្ម

សំណេរ​ជា​ភាសា​អង់គ្លេស​មួយ​នៅ​លើ​បណ្តាញ​សង្គម​ធ្វីតទ័រ(Twitter) កាល​ពី​យប់​ថ្ងៃ​ទី​ ២៣ តុលា កញ្ញា​កឹម មនោវិទ្យា​ បាន​សរសេរ​ថា អស់​រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ គឺ​នៅ​ពេល​នេះ លោក​សម រង្ស៊ី អាច​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​និរទេស​ខ្លួន និង​មាន​ហេតុផល​ស្រប​ច្បាប់​ក្នុង​ការ​ស្ថិត​នៅ​បរទេស​បន្ត​ទៀត។ កូន​ស្រី​លោក​កឹម សុខា រូប​នេះ ថែម​ទាំង​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្មែរ​នឹង​ហៅ​ស្ថានភាព​នេះ​ថា ​ជា​ការ​ឈ្នះ​ៗ គឺ​សម រង្ស៊ី ក៏​ឈ្នះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឈ្នះ។

កញ្ញា​កឹម មនោវិទ្យា បាន​សរសេរ​បែប​រិះគន់​ទៅ​កាន់​ប្រធាន និង​ដែល​ជា​ដៃគូ​ប្រកៀក​ស្មា​ឪពុក​របស់​ខ្លួន​ផង​នេះ គឺ​បន្ទាប់​រដ្ឋាភិបាល​ខ្មែរ​បាន​ចេញ​លិខិត​ប្រាប់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​ចាត់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​លោក​សម រង្ស៊ី អាច​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន។ លោក​សម រង្ស៊ី ដែល​នៅ​ពេល​នេះ​កំពុង​តែ​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង។

ជា​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទី​១​ ទេ​ដែល​កញ្ញា​កឹម មនោវិទ្យា បាន​រិះគន់​ថ្នាក់​ដឹកនាំ​កំពូល​របស់​ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​នោះ។ កាល​ពី​សប្តាហ៍​មុន មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ ក៏​បាន​សរសេរ​រិះគន់​លោក​សម រង្ស៊ី ដែល​មាន​បំណង​ចង់​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​លើ​ធ្វីតទ័រ​ផង​ដែរ​ ដោយ​ហៅ​បំណង​នោះ​ថា មិន​ស្មោះ​ត្រង់។ ការ​រិះគន់​នា​ពេល​នោះ គឺ​នៅ​ក្រោយ​ពេល​ដែល​លោក​សម រង្ស៊ី តាម​រយៈ​លោក​យឹម សុវណ្ណ ដែល​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ចង់​មក​ចូល​គុក​នៅ​ស្រុក​ខ្មែរ ប្រសិន​បើ​មាន​ការ​ដោះដូរ​ឲ្យ​មន្រ្តី និង​សកម្មជន​របស់​ខ្លួន​មាន​សេរីភាព​ឡើង​វិញ​នោះ។

ក្រៅ​ពី​ការ​រិះគន់​ទាំង​នេះ កញ្ញា​កឹម មនោវិទ្យា ​ក៏​ធ្លាប់​បាន​លើក​ឡើង​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា បើ​ទោះ​បី​អត់ពី​លោក​សម រង្ស៊ី​ក៏​ដោយ ក៏​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​មាន​ដំណើរ​ការ​ជា​ធម្មតា ព្រោះ​សមាជិក​គណបក្ស​នីមួយ​ៗ​កំពុង​បំពេញ​តួនាទី​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ កញ្ញា​កឹម មនោវិទ្យា មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​នោះ​ទេ​ ជុំវិញ​រឿង​រិះគន់​មេបក្ស​ខ្លួន​ឯង​នេះ ប៉ុន្តែ​កន្លង​មក​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ខ្លះ ថ្លែង​ថា​មិន​ចាប់​អារម្មណ៍​សម្តី​រិះគន់​នោះ​ទេ ព្រោះ​ថា ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​សមាជិក​នីមួយ​ៗ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ