ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
កម្ពុជា

លោក កឹម សុខា ប្រាប់​មន្ត្រី​របស់​ខ្លួន​បន្ត​អនុវត្ត​ពាក្យ​ស្លោក​បី​ឃ្លា​«កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំ​ឆ្លង»

media លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ RFI/ Siv Channa

លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​៣​កុម្ភៈ​នេះ បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ គណបក្ស ២៥​ រាជធានី ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នាទី​ស្នាក់​ការ​កណ្តាល។ ប្រធាន​ស្ដីទី​រូប​នេះ​បញ្ជាក់​ថា​ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រឹង​មាំ​និង​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ បន្ទាប់​​ពីជួប​ឧបសគ្គ​នានា និង​បន្ត​ជួប​ឧបសគ្គ​ជា​ច្រើន តទៅ​មុខ​ទៀត។

«យើង​មិន​ត្រូវ​ធ្វើ​តាម​អារម្មណ៍ ឬ​ធ្វើអ្វី​តាម​តែ​គេ​ចាក់​ឲ្យ​យើង​លោត​នោះ​ទេ ត្រូវ​រក្សា​នូវ​ការ​អត់​ធ្មត់​តទៅ​ទៀត ដូច​ដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា យើង​កុំ​ឈ្លោះ កុំ​ឆ្លើយ និង​កុំឆ្លង»។ នេះ​គឺជា​សារ​របស់ លោក កឹម សុខា បន្ត​ប្រាប់​ទៅ​មន្រ្តី​របស់​ខ្លួន​ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ គណបក្ស ២៥ រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​០៣​កុម្ភៈ​នេះ។

លោក កឹម សុខា ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​ជួប​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត។ ប៉ុន្តែ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​លើ​ផ្លូវ​ត្រូវ​ហើយ តាម​រយៈ​ការ​រួបរួម​គ្នា​របស់​បក្ស។ ការ​រួបរួម​ដែល​លោក កឹម សុខា អះអាង​ថា​ជា​ចំណុច​ខ្លាំង​របស់​បក្ស។ លោក​ថា ការងារ​បន្ត​របស់​សង្គ្រោះ​ជាតិ ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ តាម​ផែនការ​យុទ្ធសាស្រ្ដ​របស់​បក្ស។

កិច្ច​ប្រជុំ​នេះ​ក៏​បាន​វាយ​តម្លៃ​ការងារ​នា​ពេល​កន្លង​មក និង​ពិនិត្យ​មើល​ផែនការ​ការងារ​លើ​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពុង​ចាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​របៀប​វារៈ​នៃ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​០២​នៅ​ថ្ងៃ​ទី​២៦​កុម្ភៈ។

ជា​សន្និបាត​ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រាល់​២​ឆ្នាំ​ម្តង​នេះ ​នឹង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រមាណ​៣​ពាន់​នាក់​ចូលរួម ​រាប់​ចាប់​តាំង​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​សមាជិក​ក្រុម​ប្រឹក្សា​និង​ប្រតិបត្តិ​ស្រុក ​និង​ខេត្ត ​។

សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ចុង​ខែមិនា ​នេះ ​ ​នឹង​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​លោក សម រង្ស៊ី ​ប្រធាន​គណបក្ស​នោះទេ​ ព្រោះ​ថា ​លោក ​សម រង្ស៊ី ​បច្ចុប្បន្ន​ដែល​កំពុង​ប្រឈម​នឹង​ដីកា​​ចាប់ខ្លួន​របស់​តុលាការ​ក្រុង​ ភ្នំពេញ ​ក្នុង​បណ្តឹង​បរិហាកេរ្តិ៍​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ហោ ណាំហុង​ និង​ដីការ​កោះ​ហៅ​ចំនួន​ពីរ​ទៀត​។ ​

ប៉ុន្តែ​លោក សម រង្ស៊ី ​ទំនង​ជា​អាច​ថ្លែង​បើក​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិនេះ ​តាម​រយៈវីដេអូ​ខនហ្វឺរ៉ែន ​(Video Conference) ​ដូច​ដែល​លោក ​សម រង្ស៊ី ​ធ្លាប់​បាន​ធ្វើ ​នៅ​ក្នុង​អំឡុង​ពេល​លោក​អវត្តមាន​ពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១២៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ