អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រឿង​អាស្រូវ​របស់​លោក​កឹម សុខា អាច​ជា​ព្យុះ​ក្នុង​កែវ​ទឹក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូចជា​កំពុង​ស្ថិត​ក្រោម​ការ​ហ៊ុម​ព័ទ្ធ​ ដោយ​ការ​ចោទ​ប្រកាន់​នៃ​ស្នេហា​លួចលាក់​ជាមួយ​ស្ត្រី​ម្នាក់។ ការ​ចោទ​ប្រកាន់​នេះ​ទំនង​ជា​ពាក់​ពន័្ធ​នឹង​រឿង​នយោបាយ​ជាង​រឿង​បុគ្គល។ ហើយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ការ​ពិត​ក្រសួង​មហាផ្ទៃ​ និង​បណ្តាញ​ផ្សព្វផ្សាយ​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ចំគោល​ដៅ។  បទវិភាគ​របស់​គង់ សុឋានរិទ្ធ៖

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ថ្លែង​នៅ​ក្នុង​វេទិការ​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្រ្គោះ​ជាតិ ​រាជធានី​ភ្នំពេញ ​ថ្ងៃទី៦ ​ខែមិនា​ ឆ្នាំ២០១៦។ ​ RFI/ kem sokha
ផ្សាយពាណិជ្ជកម្ម

 

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​ការ​លេច​ធ្លាយ​ ដែល​គេ​ធ្វើ​ឲ្យ​ជឿ​ថា​គឺ​ជា​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ជាមួយ​ស្ត្រី​ម្នាក់។ ហើយ​រឿង​រ៉ាវ​ស្នេហា​នេះ​បាន​លេច​ឮ​សុះ​សាយ​តាម​រយៈ​ការ​ជួយ​បន្ទរ​បន្ថែម​នៃ​បណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ជាពិសេស​បណ្តាញ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋា​ភិបាល​និង​គណបក្ស​កាន់​អំណាច។

រឿង​អាស្រូវ​ផ្លូវ​ភេទ​នេះ​ត្រូវ​គេ​ពុះ​អង្កាន់​ជា​ភាគ​ៗ​ផ្សព្វផ្សាយ​ម្តង​មួយ​ៗ​ ដំបូង​បំផុត​តាមរយៈ​បណ្តាញ​សង្គម ហើយ​ត្រូវ​រើស​មក​ផ្សព្វផ្សាយ​ជា​ឈុត​ឬ​ស្រង់​បន្ត​ទាំង​ស្រុង​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​នោះ។ បន្ទាប់​មក​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ជា​ក្រុម​និស្សិត​បាន​ព្យាយាម​យ៉ាង​ទទូច​ស្វែង​រក​ការ​ស្រាយ​បំភ្លឺ​ជា​សាធារណៈ​ពី​លោក​កឹម សុខា​ដោយ​ផ្ទាល់។

បើ​ពិនិត្យ​ជារួម​រឿ​ងរ៉ាវ​ដែល​ត្រូវ​គេ​អះអាង​ថា​ជា​ស្នេហា​សម្ងាត់​លួច​លាក់​របស់​លោក​កឹម សុខា ជា​មួយ​ស្ត្រី​ម្នាក់​នោះ​កំពុង​តែ​ក្លាយ​ជា​ព្យុះ​មួយ​ចំពី​លើ​ក្បាល​ម៉ាស៊ីន​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏គួរ​ឲ្យភ័យ​ខ្លាច​សម្រាប់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ ជា​គណបក្ស​គួរ​ឲ្យ​ភ័យ​ខ្លាច​ដោយសារ​តែ​គណបក្ស​នេះ​កំពុង​តែ​រត់​ប្រដេញ​យក​ប្រជា​ប្រិយ​ភាព​ពី​ម្ចាស់​ឆ្នោត​ដោយ​ភាព​ជាក់​លាក់​ជាង​គណបក្ស​ប្រឆាំង​ដទៃ​ទៀត។

ហេតុអ្វី​បាន​ជា​ព្យុះ​នយោបាយ​បែប​នេះ​កើត​ឡើង​លើ​លោក​កឹម សុខា សារ​ជាថ្មី​ម្តង​ទៀត? ​ក្រោយ​ពី​រឿង​រ៉ាវ​ដូច​គ្នា​នេះ​កើត​ឡើង​ម្តង​រួច​មក​ហើយ​ចំពោះ​លោក​កឹម សុខា នៅ​មុន​ និង​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឆ្នាំ​២០១៣។

ហេតុអ្វី​បាន​ជា​លោក​កឹម សុខា គឺជា​គោល​ដៅ​នៃ​ការវាយ​ប្រហារ? ហេតុ​អ្វី​បាន​ជា​ស្ត្រី​ខ្មែរ​មួយ​រូប​ហ៊ាន​លះបង់​ភាព​អាម៉ាស់​មួយ​មក​បើក​កកាយ​នៅ​ក្នុង​ពេល​នេះ? ​

ដំបូង​បំផុត​ ការ​បើក​កកាយ​អំពី​វាំងនន​ស្នេហា​លួចលាក់​ ដែល​គេ​អះអាង​ថា​ជា​ស្នេហា​រវាង​លោក​កឹម សុខា ជាមួយ​នារី​កំណាន់​ម្នាក់​នោះ ទំនង​ជា​ព្យុះ​នយោបាយ​ជា​ជាង​រឿង​រវាង​បុគ្គល​និង​បុគ្គល។ ជា​រឿង​នយោបាយ​ដោយ​ហេតុថា​លោកកឹម សុខា គឺជា​ក្បាល​ម៉ាស៊ីន​សំខាន់​តែមួយ​គត់​សម្រាប់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ផ្ទាល់នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​នៅ​ពេល​អវត្តមាន​របស់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី មិន​អាច​កាន់​ចង្កូត​គណបក្ស​សង្គ្រោះជាតិ​ដោយ​ផ្ទាល់​បាន​ទៀត​ទេ។

ដោយសារ​តែ​ការ​ហ៊ុំព័ទ្ធ​ដោយ​សំណុំ​រឿង​តុលាការ លោក​សម រង្ស៊ី បាន​រត់​និរទេស​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ទៅ​ក្រៅ​ប្រទេស ហើយអ្វី​ៗ​ទាក់​ទង​ជាមួយ​ការ​ដឹក​នាំ​គណបក្ស​ គឺ​ធ្វើ​ឡើង​ពី​ចម្ងាយ​តែ​ប៉ុណ្ណោះ។ រីឯ​លោក​កឹម សុខា ប្រៀប​ដូចជា​ដៃឆ្វេង​ដែល​មាន​សកម្មភាព​ខ្លាំង​ជាង​លោក​សម រង្ស៊ី ក្នុង​ការ​ចុះ​ឃោសនា​ ដល់​មូលដ្ឋាន ជួប​ជាមួយ​អ្នក​គាំទ្រ​នយោបាយ ហើយ​លោក​សម រង្ស៊ី បង្ហាញ​មុខ​ និង​សម្លេង​តាម​រយៈ​ការ​ភ្ជាប់​រូបភាព​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ីនធើណែត ឬ​ហៅ​តាម​ភាសា​បច្ចេកទេស​ថា video conference។

ដូចនេះ​ប្រសិន​បើ​រឿង​អាស្រូវ​ស្នេហា​ ដែល​គេ​ធ្វើ​ឲ្យ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​កឹម សុខា នោះ​វិវត្តន៍​កាន់​តែ​អាក្រក់ នោះ​លោក​កឹម សុខា អាច​នឹង​ទទួល​ហានិភ័យ​ឬ​គ្រោះ​ថ្នាក់​ក្នុង​ការ​កាច់​ចង្កូត​គណបក្ស​ដោយ​ផ្ទាល់។ ប្រសិន​បើ​លោក​កឹម សុខា ត្រូវ​កៀស​ចេញ​ពី​ចង្កូត​នយោបាយ​សម្រាប់​គណបក្ស​ប្រឆាំង​ទៀត​នោះ គណបក្ស​នេះ​នឹង​ក្លាយ​ជា​គណ​បក្ស​កំបុត​ក្បាល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​គណបក្ស​កាន់​អំណាច​នឹង​មាន​ក្តី​រំពឹង​ច្រើន​ក្នុង​ការ​ផ្តាច់​យក​សម្លេង​ឆ្នោត។

​នេះ​បើ​សិន​គេ​និយាយ​ពីប​ច្ចុប្បន្នភាព។ ប៉ុន្តែ​បើ​គេ​រំលឹក​អតីតកាល​តែ​បន្តិច​នោះ ​មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ធ្លាប់​បាន​រំលើក​បើក​កកាយ​ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោកកឹម សុខា នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ប៉ុន្តែ​ក្រោយ​ពី​ការ​បោះឆ្នោត​បាន​បញ្ចប់​ស្រ្តី​នោះ​ក៏​បាត់​ដំណឹង​សូន្យ​ទៅ​វិញ។ហើយ​ក្នុង​ពេលនេះ​បែរ​ជា​លេច​មុខ​ស្ត្រី​ម្នាក់​ទៀត​ដែល​ពាក់​ពន្ធ័ស្នេហា​ជាមួយ​លោក​កឹម សុខា​ទៅវិញ។

ហេតុនេះ​ហើយ​សំណួរ​ សួរ​ថា ការណ៍​នេះ​ជា​សេណារីយោ ដែល​មាន​ការរៀប​ចំ​ទុក​ជាមុន​សម្រាប់​ប្រឆាំង​លោក​កឹម សុខា ​ឬ​យ៉ាង​ណា? ហើយ​ហេតុការណ៍​នៃ​ស្ត្រី​ថ្មី​នេះ​នឹង​អាច​រលត់​បាត់​ទៅ​ដោយ​ងាយ​ដូច​ស្ត្រី​ទី​១​ឬ​ទេ?

​ប្រសិន​បើ​រឿង​នេះ​​មិន​ពាក់ព័ន្ធ​នឹង​អន្ទាក់​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង នោះ​ចម្លើយ​សម​ស្រប​អាច​មាន​ចំនួន​ពីរ​យ៉ាង​តិច។

ទី១ ស្ត្រីដែល​អះអាង​ថា​ជាគូ​ស្នេហ៍​លួច​លាក់​ជាមួយ​លោកកឹម សុខា បាន​ព្យាយាម​ដោះ​ស្រាយ​​បញ្ហា​ជាមួយ​លោក​កឹម សុខា ​ដោយ​មិន​បាន​ជោគ​ជ័យ​មុន​នឹង​ទម្លាយ​រឿង​អាម៉ាស់​របស់​ខ្លួន​ចេញ​ជា​សាធារណៈ។

ទី២ ​ប្រសិន​បើ​រឿង​រ៉ាវ​ស្នេហា​នោះ​ជា​រឿង​ពិត លោកកឹម សុខា អាច​នឹង​មិន​អើពើ​ចំពោះ​ការ​ទាមទារ​បែប​ណា​មួយ​របស់​គូ​កំណាន់​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ស្ត្រី​រូបនោះ​ធ្វើ​ការ​វាយ​បក។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រឿង​អាស្រូវ​ស្នេហា​ដែល​ត្រូវ​ទម្លាយ​ភ្ជាប់​ជាមួយ​លោកកឹម សុខា នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ល្អក់​នៅ​ឡើយ។ គេ​មិន​ដឹង​ថា​ការ​ពិត​កម្រិត​ណា​នោះ​ទេ។ ​ដោយ​សារ​គេ​មើល​ឃើញ​ថា​បណ្តាញ​ផ្សព្វផ្សាយ​ទាំង​ស្រុង​បាន​ផ្តោត​ចង់​បាន​ការបក​ស្រាយ​សំខាន់​ពី​លោក​កឹម សុខា រាប់​ទាំង​យុវជន​មួយ​ក្រុម​ដែល​អះអាង​ថា​ខ្លួន​ជា​និស្សិត​មិន​ពាក់​ពន្ធ័នយោបាយ​ទៀត​ផង។

ដូច្នេះ​ដើម្បី​ដឹង​ការ​ពិត​ក្នុង​រឿង​នេះ គេ​គប្បី​សើរើ​រក​សាវតារ​និង​រឿង​រ៉ាវ​នៅ​ពី​ក្រោយ​ខ្នងស្ត្រី​ដែល​ពាក់​ពន្ធ័​នឹង​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា នៅ​មុន​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣។ ស្រាវជ្រាវ​លើ​ស្ត្រី​តួអង្គ​បច្ចុប្បន្ន ស្រាវជ្រាវ​លើ​មូលហេតុ​នៃ​ការ​បើក​គណនី​ហ្វេស​ប៊ុក​ចំនួន​ពីរ​ដែល​ទម្លាយ​រឿង​អាស្រូវ​លោក​កឹម សុខា ​ដំណាល​គ្នា។ វែក​រក​មូលហេតុ​តើ​ស្ថាប័ន​ណា​អនុញ្ញាត​ការ​លួច​ថត​សម្លេង​សន្ទនា​នោះ បើ​សិន​ជា​ការ​សន្ទនា​នោះ​ជា​ការ​ពិត។ ពី​ព្រោះ​ថា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​កឹម សុខា មិន​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​នោះទេ ដូច្នេះ​ការ​លួច​ថត​សម្លេង​បែប​នេះ​គឺជា​ការ​ប្រព្រឹត្តិ​ផ្ទុយ​នឹ​ង​ច្បាប់។ ​

បើ​ផ្អែក​តាម​ការ​វិវត្ត​នានា​ក្រសួង​មហាផ្ទៃ​គឺជា​សមត្ថកិច្ច​តែ​មួយ​គត់​ក្នុង​ការ​បង្ហាញ​ការ​ពិត​នៃ​ការ​លួច​ថត​សម្លេង​នេះរួម​ទាំង​ម្ចាស់​គណនី​ហ្វេសប៊ុក​ដែល​ទម្លាយ​រឿង​អាស្រូវ​បែប​នេះ​ជា​សាធារណៈ​ដូច​ដែល​ក្រសួង​មហាផ្ទៃ​ធ្លាប់​បាន​ចាត់​ការ​លើ​ការ​គំរាម​មួយ​ចំនួន​តាម​បណ្តាញ​សង្គម​រួច​មក​ហើយ។ ​ដើម្បី​ប្រយោជន៍​សាធារណៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​នាទី​ធ្វើ​បទ​ស៊ើប​អង្កេត ដោយ​ចៀសវាង​ការ​បាញ់​មុខ​ព្រួញ​តែ​ម្ខាង។ ការ​ស្វែង​រក​ការ​ពិត​ពី​ស្ត្រីចុង​ក្រោយ​និង​ស្ត្រីទី១​ដែល​ទម្លាយ​រឿង​អ្វីមួយ​ដែល​គេ​ហៅថា​ជា​ស្នេហា​លួចលាក់​របស់​លោក​កឹម សុខា នោះ​នឹង​ជួយបក​ស្រាយ​ឲ្យ​ឃើញកាន់​តែ​ច្បាស់​ថា​តើ​ព្យុះ​ដែល​កំពុង​បោកបក់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​សព្វ​ថ្ងៃ​មិន​មែន​ជា​រឿង​នយោបាយ​ឬ​យ៉ាង​ណា? ការ​ពិត​បែប​ណា​នោះ​លោក​កឹម សុខា នឹង​ទទួល​បាន​ការ​វិនិច្ឆ័យ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ជំនឿ​នយោបាយ​របស់​លោក។​

តើ​រឿង​អាស្រូវ​ស្នេហា​ពាក់ព័ន្ធ​នឹង​លោក​កឹម សុខា អាច​នឹង​ក្លាយ​ជា​គ្រោះថ្នាក់​របស់​គណបក្ស​ប្រឆាំង ឬ​វា​គ្រាន់​តែ​ជា​ព្យុះ​កំណាច​នៅ​ក្នុង​កែវ​ទឹក​?។ ព្យុះ​កំណាច​នៅ​ក្នុង​កែវទឹក​ដែល​មាន​ន័យថា​ជាព្យុះ​ឮ​សម្លេង​កង​រំពង​ខ្ទរខ្ទារ រំជើប​រំជួល​យ៉ាង​ខ្លាំង​តែ​ជា​លទ្ធផល​នឹង​មិន​ទទួល​បាន​អ្វី​ជា​ដុំ​កំភួន​នោះទេ៕​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ