អានតួអត្ថបទ
កម្ពុជា

តុលាការ​មិន​ឲ្យ​លោក កឹម សុខា ចេញ​ពី​កម្ពុជា CNRP​ចាត់​ទុកថា​ នេះ​ជា​រឿង​នយោបាយ​

សំណុំ​រឿង​លោក កឹម សុខា បាន​វិវដ្ដ​មួយ​ជំហាន​ទៀត​ហើយ​នោះ​គឺ ដីកា​សម្រេច​ថ្មី​មិន​អនុញ្ញត្ត​ឲ្យ​លោក កឹម សុខា ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទេ​នៅ​ពេល​នេះ ព្រោះ​លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ភ្លាម​ៗ​ក្រោយ​ការ​ចេញ​ដីកា គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ​ជា​ការ​រំលោភ​សេរីភាព​របស់​អ្នក​តំណាង​រាស្ត្រ និង​ជា​ការ​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ។ និង​ថា ទង្វើ​នេះ​បញ្ជាក់​កាន់​តែ​ច្បាស់​ថា ករណី​លោក កឹម សុខា ​ជា​រឿង​នយោបាយ។

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕ @Facebook
ផ្សាយពាណិជ្ជកម្ម

ដូចរៀង​រាល់​ដង​ដីកា​ត្រូវ​បាន​ប៉ូលិស យក​ទៅ​បិត​នៅ​មុខ​ផ្ទះ​របស់​លោក​កឹម​ សុខា ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា​នេះ។

​ដីកា​សម្រេច​ចុះ​ទី​៨​ កក្កដា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ កក្កដា​នេះ លោក ថាន់ ឡេង ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដាក់​លោក កឹម សុខា ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​មិន​ឲ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។​

​ដើមហេតុ ដែល​នាំ​ឲ្យ លោក ​កឹម ​សុខា ត្រូវ​តុលាការ​ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ព្រោះ​ លោក កឹ​ម សុខា ជា​ជន​ត្រូវ​ចោទ ក្នុង​សំណុំរឿង បដិសេធ​ក្នុង​ការ​ចូលខ្លួន​ទៅ​បំភ្លឺ​តុលាការ ដោយសារ​តែ​តំណាង​អយ្យការ បាន​ចេញ​ដីកា​កោះ​ហៅ​រូប​លោក ២ លើក​ហើយ​លោក​ កឹម​ សុខា​ មិន​ចូល​បំភ្លឺ ក្នុង​សំណុំរឿង សញ្ចារកម្ម។

គួរ​រម្លឹក​ថា តុលាការ​បាន​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​ករណី​របស់​លោក កឹម សុខា និង​ត្រៀម​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​នៅ​ពេល​ខាង​មុខ។ ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​៧ កក្កដា​កន្លង​ទៅ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ពន្យល់​ជា​ថ្មី​ថា តុលាការ​មិន​អាច​ចោទ​ប្រកាន់​មក​លើ​តំណាង​រាស្រ្ត ដើម្បី​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ​បាន​ជា​ដាច់​ខាត ដរាប​ណា​រដ្ឋសភា​មិន​ទាន់​ប្រជុំ​ដក​អភ័យ​ឯក​សិទ្ធិ​តាម​មតិ​ភាគ​ច្រើន​២/៣​នៃ​សមាជិក​សភា​ទាំង​មូល។ 

គួរ​ជម្រាប​ជូន​ថា លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ជាក់​ស្តែង ដោយ​បាន​បដិសេធ​មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​២​លើក​ នៅ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ដែល​ប្តឹង​ដោយ​កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ