អានតួអត្ថបទ
កម្ពុជា

លោក​ កឹម​សុខា ​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ចរចា​ដោយ​ស្មោះត្រង់

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​កឹម​សុខា ​បាន​ថ្លែង​អំពាវនាវ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​កិច្ចចរចា​ដោយ​ស្មោះ​ត្រង់​ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ការ​បោះឆ្នោត។ ​ចំពោះមុខ​សកម្មជន​អ្នក​គាំទ្រ ​នៅ​ខេត្ត​កណ្តាល ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ​លោក​កឹម​សុខា​ ក៏​បាន​ស្នើ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​ដោះលែង​លោក​មាជ​សុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​ ចេញ​ពី​ពន្ធនាគារ ​ដើម្បី​ឲ្យ​មាន​វប្បធម៌​សន្ទនា​ពិត​ និង​មាន​ប្រសិទ្ធភាព។ ​ក៏​ប៉ុន្តែ​លោក​ ផៃ​ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ច្រានចោល​ ហើយ​ថា​ ចំណាត់​ការ​របស់​តុលាការ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​អនុវត្ត​នូវ​នីតិរដ្ឋ​ ខណៈ​ដែល​លោក​យល់​ថា ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​វេទិកា ​"តំណាង​រាស្ដ្រ ​និង​ម្ចាស់​ឆ្នោត"​ នៅ​វត្ត​ឥន្ទនិមិត្ត​ ភូមិ​ព្រែក​តូច​ ឃុំ​ព្រែក​ដាច់​ ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ​ទី​១៧ ​ខែមករា​ ឆ្នាំ​២០១៥​ លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុប្រធាន​ទី១​ រដ្ឋសភា​ បាន​អំពាវនាវ​ជាថ្មី​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ កុំ​លេងល្បិច​ចរចា​ផង​ ចាប់ចង។ ​ក្នុង​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​ ក៏​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​យន្ដការ​តុលាការ​ ចាប់​លោក​ មាជ ​សុវណ្ណរ៉ា ​និង​សកម្មជន​សង្គ្រោះ​ជាតិ។

តាម​លោក​ កឹម​សុខា ​ដើម្បី​ឲ្យ​មាន​វប្បធម៌​សន្ទនា​ពិត ​មាន​ប្រសិទ្ធភាព​ លោក​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ព្រោះ​លោក​កឹម​សុខា​ អះអាង​ថា​ អ្នកណា​ក៏​គេ​ដឹង​ដែរ​ថា​ នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។

លោក​ កឹម សុខា ​លើក​ឡើង​ថា​ “ដូច្នេះ​បើ​គណបក្ស​ប្រជាជន​ នៅ​តែ​ប្រើប្រាស់​តុលាការ​បែប​ហ្នឹង​ គឺ​មាន​ន័យថា​ គាត់​បង្កើត​ការ​ឈឺចាប់​ឲ្យ​ប្រជារាស្ត្រ​កាន់តែ​ខ្លាំង​ហើយ ​គាត់​បង្កើត​ក្តៅ​ក្រហាយ​ខ្លួន​គាត់​ទេ​ មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​បង្ក​ការ​ក្តៅក្រហាយ​ទេ។​ គណបក្ស​សង្គ្រោះ​ជាតិ ​មេដឹកនាំ​សង្គ្រោះ​ជាតិ​ សមរង្ស៊ី ​កឹម​សុខា​ កំពុង​យក​ទឹក​ មក​ស្រោច​ឲ្យ​ត្រជាក់​វិញ​ទេ។ ​អីចឹង​ហើយ​ បាន​ជា​យើង​ សូម​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​ អ្នកដឹកនាំ​រដ្ឋាភិបាល​ ឈប់​លេង​អាល្បែង​ ចរចា​បណ្តើរ​ វ៉ៃ​បណ្តើរ​ គាប​បណ្តើរ​ ចាប់​ដាក់គុក​បណ្តើរ។​ ខំ​បង្កើត​វប្បធម៌​សន្ទនា​ ជា​នា​នឹង​គ្នា ​អង្គុយ​និយាយ​គ្នា។ ឲ្យ​មេ​មក​អង្គុយ​និយាយ ចាប់​កូន​ដាក់គុក​! មេ​ឯណា​គេ​នៅ​សុខ!។

លោក​ កឹម​សុខា ​បាន​រម្លឹក​រឿង​នេះ ​ចំ​ថ្ងៃ​ខួប ​ដែល​លោក​ ត្រូវ​បាន​គេ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស ​ជាមួយ​លោក​ម៉ម​សូណង់ដូ ​និង​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​ កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​មករា​ ឆ្នាំ​២០០៦។

ជា​ប្រតិកម្ម​ឆ្លើយតប​ លោក ​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ចាត់​ទុកថា​ ចំណាត់​ការ​របស់​តុលាការ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ការ​អនុវត្ត​នូវ​នីតិរដ្ឋ​ ខណៈដែល​លោក​យល់ថា​ តុលាការ​ ជា​ស្ថាប័ន​ឯករាជ្យ។​ លោក ផៃ​ស៊ីផាន​ បញ្ជាក់​ថា ​ការ​ចរចា​ដោះស្រាយ​បញ្ហា​នយោបាយ​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នៅ​តុលាការ​នោះ​ទេ។

លោក​ ផៃ​ស៊ីផាន​ មាន​ប្រសាសន៍​ថា​ “បើសិន​ជា​យើង​មាន​ភាព​សុច្ចរិត​នៃ​ការ​គោរព​អំណាច​ដាច់​ដោយ​ឡែក​ពី​គ្នា​រវាង​ស្ថាប័ន​នីមួយៗ​ ឯកឧត្តម​កឹម​សុខា ​គួរតែ​ដើរ​នាំមុខគេ ដែល​ចាត់ទុកជា​ គណបក្ស​មួយ​ដែល​អាង​ខ្លួន​ថា ​ខ្លួន​ស្អាតស្អំ ​ខ្លួន​សុច្ចរិត​ជាមួយ​នីតិរដ្ឋ​ ខ្លួន​សុច្ចរិត​នឹង​អ្វី​ដែល​យើង​យល់​ឃើញ​ថា​ ដែល​ជា​មាគ៌ា​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​បែងចែក​អំណាច។ ​ដូច្នេះ​ការ​លើកឡើង​ គ្រាន់​តែ​ជា​ការ​បំភ័ន្ត​ ការ​លើក​ឡើង​គ្រាន់​តែ​ជា​ការ​បំភ្លៃ​ ដែល​មិន​ឆ្លើយ​តប​នឹង​នីតិរដ្ឋ​ និង​ការ​ទទួល​ខុសត្រូវ។ ​ដូច្នេះ​ការកើតឡើង​ចំពោះ​សកម្មជន​នោះ​ រាប់ទាំង​ឯកឧត្តម ​កឹម​សុខា ​ក៏​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នោះ​ដែរ​ ក៏ប៉ុន្តែ​ដោយសារ​ការ​សម្របសម្រួល​នៅក្នុង​រឿង​នយោបាយ​ ដូច្នេះ​ទុក​ឲ្យ​តុលាការ​ អ្នកចាត់ការ​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំងអស់នោះ​ ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ