អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា៖ តំណាង​បេសកកម្ម​ការទូត​ចំនួន​១០ ព្រួយ​បារម្ភ​​ពី​​ស្ថាន​ការណ៍​​នយោបាយ​​កម្ពុជា

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​លើក​ឡើង​ថា មាន​តំណាង​បេសកកម្ម​ការទូត សំខាន់​ៗចំនួន​១០ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​កម្ពុជាក្នុង​ពេល​បច្ចុប្បន្ន​។ លោក​បន្ដ​ថា តំណាង​បេសកម្មការ​ទូត​ទាំង​១០ ប្រចាំ​ទី​ក្រុង​បាងកក ក៏​បាន​សន្យា​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ចំពោះស្ថានភាព​កម្ពុជា​ចុង​ក្រោយ​នេះ​ផង​ដែរ​។​​អត្ថបទ​ដោយ៖ យ៉ា រសាត់

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា នៅ​ថ្ងៃ​ទី ០២ ខែ កញ្ញា នេះ បាន​បង្ហោះ​សារ​ចំនួន​ពីរ​កថាខ័ណ្ឌ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​។ ខ្លឹម​សារ​នៃ​សារ​នោះ​បញ្ជាក់​ថា «​តំណាង​បេសកកម្ម​ការទូត​សំខាន់​ៗ​ចំនួន​១០ ដែល​មាន​ស្ថានទូត​នៅ​ទីក្រុង​បាងកក បាន​សម្ដែង​នូវ​សេចក្ដី​ព្រួយ​បារម្ភ ហើយ​បាន​សន្យា​ថា នឹង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្ថានការណ៍​នយោបាយ​តាន​តឹង​នៅ​កម្ពុជា​ចុង​ក្រោយ​នេះ​។

បើ​តាម​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ការ​សម្ដែង​ក្ដី​បារម្ភ​នេះ​ ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​រូប​លោក​ ជាមួយ​​បេសកម្មការ​ទូត​ទាំង​នោះ​ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​រសៀល​ថ្ងៃ​ទី ០១ ខែ កញ្ញា​។

ដោយ​ឡែក មន្ដ្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ដ​វិញ លោក​ចាត់​ទុក ការ​លើក​ឡើង​របស់​បេសកកម្ម​ការ​ទូត​ទាំង​នោះ ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ៗ​មក​លើ​កម្ពុជា​។ លោក​ថា ការ​យល់​ឃើញ​នោះ​វា​ផ្ទុយ​ពី​ស្ថានភាព​ពិត​របស់​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន ដែល​លោក​ថា គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ ការ​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​រំលោភ​បំពាន​ច្បាប់​មួយ​ចំនួន​តូច​មិន​បាន​បង្ក​ឲ្យ​ប៉ះ​ពាល់​បរិយាកាស​នយោបាយ ឬ​ភាព​ត្រឹម​ត្រូវ យុត្តិធម៌ និង​សេរី​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ​។

កន្លង​មក ក៏មាន​ដែរ សមាជិកសភា​មកពី​ទូទាំងប្រទេស​អាស៊ាន ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ អង្គការ​អន្តរ​ជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ឬ Human Rights Watch និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ បាន​ចេញ​មុខ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​វិធាន​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​។ មជ្ឈដ្ឋាន​ទាំង​នេះ​ក៏បាន​អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​ធានា​ឲ្យ​បាន​ពេញ​លេញ​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល ព្រម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៨។

ចំពោះ​បញ្ហានេះ កន្លង​មក តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ក៏​បានឆ្លើយ​តប​ទៅ​​ស្ថាប័ន​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សរបស់​អង្គការសហប្រ​ជាជាតិវិញ​​ថា កម្ពុជា មាន​ភាព​ចាស់​ទុំ​លើ​រឿង​សិទ្ធិ​មនុស្ស​ហើយ ដូច្នេះ​មិន​ចាំ​បាច់​មក​ប្រដៅ​នោះ​ទេ។ កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​កុមារភាព​ទៀត​ទេ និងមាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រឈម​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ទេ។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​។

សូមបញ្ជាក់​ថា កាល​ពី​ចុង​ខែសីហា ​​រដ្ឋាភិបាលកម្ពុជា​បាន​បិទ​ស្ថានីយ៍​វិទ្យុមួយចំនួន​​ដែល​ផ្សាយ​បន្ដ​ពីវិទ្យុសំឡេង​សហរដ្ឋអាមេរិក វិទ្យុ​សំឡេង​ប្រ​ជាធិប​តេយ្យ និង​​វិទ្យុ​អាស៊ីសេរី។ រដ្ឋាភិបាល​ក៏​ព្រមាន​​បិទ​ កាសែតឌឹខេមបូឌា ដេលី នៅថ្ងៃទី ០៤ កញ្ញាខាងមុខ ប្រសិន​បើកាសែត​នេះ​មិន​​បង់ពន្ធ​ជាង៦លានដុល្លារជូន​រដ្ឋ។ លើសពីនេះ​ទៀតសោត ​​រដ្ឋាភិបាល​ក៏បាន​ប្រ​កាស​បិទវិទ្យា​ស្ថាន​ជាតិ​ប្រ​ជាធិប​តេយ្យ NDI ដែល​ធ្វើការផ្ដោត​លើ​ការ​ងារ​ពង្រឹង​លទ្ធិប្រ​ជាធិប​តយ្យ​នៅកម្ពុជា។ ការ​បិទ​អង្គការ​នេះ រដ្ឋាភិបាលបាន​បញ្ជាក់ថា គឺដោយ​សារ​វិទ្យាស្ថាននេះ​ បាន​ធ្វើ​សកម្មភាព ​ ខណៈមិន​ទាន់​ទទួល​បាន​សេចក្ដី​សម្រេច​លើ​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ពី​ក្រសួង​ការបរទេស​កម្ពុជា និង​មិន​បាន​ចុះ​បញ្ជីរដ្ឋបាល​​សារពើ​ពន្ធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ