អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ​ពាក់​ព័ន្ធ​បទ​ចោទ​រឿង​ក្បត់​ជាតិ

ក្រុម​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​បី​នាក់​បាន​បញ្ចប់​ការ​សួរ​ចម្លើយ​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ​នៅ​ព្រឹក​នេះ។ ក្រោយ​ការ​សួរ​ចម្លើយ ក្រុម​ព្រះ​រាជអាជ្ញា​ក៏​បាន​សម្រេច​ចោទ​ប្រកាន់​លោក​កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ បទ​ចោទ​នេះ លោក​កឹម សុខា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥​ទៅ​៣០​ឆ្នាំ។ ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​អះ​អាង​ថា នឹង​ពិភាក្សា​គ្នា​នៅ​រសៀល​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត។

លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ.
លោក កឹម សុខា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ. @Kem Sokha fb
ផ្សាយពាណិជ្ជកម្ម

បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺ​ជា​អំពើ​ត្រូវ​រ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឫ​ភ្នាក់​ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ាយ​ឫ​ឲ្យ​មាន​អំពើ​ឈ្លាន​ពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ តាម​ក្រម​ដដែល​នេះ លោក​កឹម សុខា អាច​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ។ សម្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ អំពើ​ឃុប​ឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស​របស់​លោក​កឹម សុខា នេះ គឺ​អំពើ​ក្បត់​ជាតិ។

ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​លោក​កឹម សុខា​នេះ ក្រុម​មេធាវី​គណបក្ស​សង្រ្គោះ​ជាតិ​ក៏​ដូច​លោក​កឹម សុខា​ផ្ទាល់​មិន​អាច​ទទួល​បាន​នោះ​ទេ។ មិន​អាច​ទទួល​បាន បើ​តាម​លោក​សំ សុគង់ ដែល​ជា​មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​៥​នាក់​របស់​លោក​កឹម សុខា គឺ​ដោយ​សារ​តែ​ការ​ជួប​ជុំ​របស់​លោក​កឹម សុខា ដូច​មាន​នៅ​ក្នុង​វីឌីអូ​បែក​ធ្លាយ​នោះ គឺ​ជា​ការ​ជួប​ជុំ​ធម្មតា​ទេ មិន​មែន​ជា​ការ​ជួប​ជុំ​រៀប​ចំ​ឃុប​ឃិត​ជាមួយ​បរទេស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​ថ្ងៃ​ទី​២ ឈាន​ចូល​ទី​៣ កញ្ញា ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ នៅ​ទី​នោះ លោក​កឹម សុខា មិន​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឃុំ​ខ្លួន​ក្នុង​បន្ទប់​ឃុំ​ឃាំង​ទេ តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​បន្ទប់​ការិយាល័យ​ដាច់​ដោយ​ឡែក​មួយ​របស់​អនុរក្ស​ពន្ធនាគារ។ កាល​ពី​ចន្ទ ព្រះ​រាជអាជ្ញារង​តុលាការ​ក្រុង​ភ្នំពេញ​ដល់​ទៅ​បី​នាក់ បាន​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា​ដល់​ពន្ធនាគារ​នោះ​តែ​ម្តង។

សម្រាប់​លោក​មេធាវី​សំ សុគង់ នេះ​គឺ​ជា​រឿង​ដ៏​កម្រ​នឹង​ជួប​មួយ ដូច្នេះ​លោក​គិត​ថា ការ​ដែល​មាន​ព្រះរាជអាជ្ញារង​ដល់​ទៅ​បី​នាក់​បែប​នេះ គឺ​ដើម្បី​ជួយ​គ្នា​សួរ​យក​ចម្លើយ​ពី​លោក​កឹម សុខា។ ចំណែក​ការ​លើក​តុលាការ​ទៅ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​នោះ​ទៀត​សោត លោក​សំ សុគង់ ថា​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​នីតិវិធី​បែប​នេះ ពី​ព្រោះ​ថា​ ការ​ធ្វើ​នីតិវិធី​នៅ​ក្នុង​ពន្ធនាគារ​ដូច្នេះ គឺ​សិទ្ធិ​របស់​មេធាវី​មួយ​ចំនួន​ត្រូវ​បាន​កាត់​បន្ថយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោកលី សុផាណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ពិនិត្យ​សំណុំ​រឿង​រួម​ទាំង​ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​ស៊ើប​អង្កេត​ដោយ​បាន​ពិនិត្យ​ភស្តុតាង និង​ផ្ទៀង​ផ្ទាត់​ចម្លើយ​លើ​លោក​កឹម សុខា​រួច តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យល់​ថា មាន​មូលដ្ឋាន​គ្រប់​គ្រាន់​ឲ្យ​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​លោក​កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស និង​ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវីធី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ