អានតួអត្ថបទ
កម្ពុជា-ច្បាប់

​មេធាវី​របស់ ​លោក កឹម សុខា សោក​ស្តាយ ខណៈ​លោក ហ៊ុន សែន ថា​សំណុំ​រឿង​នេះ គ្មាន​លើក​លែង​ការ​ចោទ​ប្រកាន់​

ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក​ ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានប្រកាសថា​សំណុំរឿង​លោក កឹម សុខា គ្មាន​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ឡើយ ហើយថា ការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ គឺជាសិទ្ធិ​​របស់​តុលាការ។ សម្រាប់​មេធាវី​ការពារក្តី​ឲ្យ​លោក កឹម សុខា សំដែង​ការ​សោក​ស្តាយ ប្រសិន​បើ​សំណុំ​រឿង​របស់​ប្រធានគណបក្សប្រឆាំង​រូប​នេះ​ត្រូវបាន​បញ្ជួន​ទៅ​ជំនុំជម្រៈ​នៅពេល​ខាង​មុខនោះ។ 

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​ដោយ​មិនបញ្ចេញ​ឈ្មោះ​តែគេ​ជឿថា​សំដៅទៅករណី កឹម សុខា ដែល​តុលាការ​ទើប​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​កាលពីសប្តាហ៍មុន។ បើតាម​ប្រមុខ​រដ្ឋាភិបាល ករណី លោក កឹម សុខា នឹង​ត្រូវ​បញ្ជួន​ទៅ​ជំនុំជម្រៈដោយប្រើរយៈពេលវែង គឺមិនអាចប្រើពេលតែមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែនោះឡើយ។

​សូមជម្រាបថា ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានីភ្នំពេញ​ លោក គី ឬទ្ធី នៅ​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា បានប្រកាស​បិទ​​បញ្ចប់​​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​លោក កឹម សុខា ចាប់ពីពេលនោះតទៅ។ ការ​បិទ​បញ្ចប់​​ការ​ស៊ើបសួរក្នុង​សំណុំ​រឿងនេះ គឺចៅក្រមបានចំណាយ​​អស់រយៈ​ជាង​២ឆ្នាំរួច​មក​ហើយ ​ពោល​គឺ​តាំង​ពេល​ចាប់​ខ្លួន​ប្រធានគណបក្សប្រឆាំង​រូបនេះ​ នៅយប់​ថ្ងៃទី៣កញ្ញា​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

លោក ផែង ហេង ជាសហមេធាវីការពារ​ក្តី​ឲ្យ លោក កឹម សុខា បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ព្រឹក​ថ្ងៃចន្ទ​នេះថា ប្រសិន​បើ​សំណុំរឿង​លោក កឹម សុខា ត្រូវបានបញ្ជួន​ទៅ​ជំនុំជម្រៈ​ដូចអ្វី​ដែល​ប្រមុខ​រដ្ឋា​ភិបាល​លើក​ឡើងនោះ លោក​មានការ​សោក​ស្តាយ។ សោក​ស្តាយ​ដោយ​លោកមេធាវី​អះអាងថា​លោក កឹម សុខា ​​មិន​បានប្រព្រឹត្ត​កំហុស​ដូច​ការ​ប្រកាន់​នោះឡើយ ខណៈតុលាការ​បាន​ចោទប្រកាន់​​ទៅ​លើ លោក កឹម សុខា ពីបទសន្និដ្ឋិភាពជាមួយបរទេស ​ឬក្បត់ជាតិ។

​យ៉ាងណាក៏ដោយ​ក្រោយ​ពី​ចៅក្រម​បន្ថួរ​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​តម្រូវ​ឲ្យរស់​នៅតែ​ក្នុង​ផ្ទះ​ ហើយអាចធ្វើ​ដំណើរទូទាំប្រទេសបាននោះ ប្រធានអតីត​គណបក្សសង្គ្រោះជាតិ​រូបនេះ​បាន​ទទួល​ជួប​តំណាង​ស្ថានទូតចំនួន៧​ និង​តំណាង​សហភាពអឺរ៉ុប​នៅកម្ពុជា​ផងដែរ។ ក្រោយ​ពី​​ទទួល​ជួប​តំណាង​អង្គ​ទូតទាំងនោះ លោក កឹម សុខា បាន​អះអាង​ថា ប្រទេស​ដែល​ជា​មិត្ត​របស់​កម្ពុជា​តែង​ឈរ​ជា​មួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​។ ​ជាមួយ​គ្នា​នោះ លោក​​សង្ឃឹម​ថា តទៅ​ថ្ងៃ​មុខ​កម្ពុជា​នឹង​ដើរ​ទៅ​រក​ផ្លូវ​ផ្សះផ្សា​ជាតិ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​ យុត្តិធម៌​ និង​សេរីភាព​ពេញ​លេញ​ដល់​ខ្មែរ​គ្រប់​និន្នាកា និង​លើក​កម្ពស់​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ