អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ផ្ញើសារថា ការ​កែ​ទម្រង់​ជា​អាហារ​ប្រចាំ​ថ្ងៃ​ដើម្បី​និរន្តរភាព​នយោបាយ

គណបក្សសង្គ្រោះជាតិ​នៅ​ថ្ងៃ​អាទិត្យនេះ បាន​បើក​កិច្ច​ប្រជុំ​ក្រុម​ការងារ​របស់​បក្ស​ប្រចាំ​រាជធានីភ្នំពេញ នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ។ លោក កឹម សុខា បាន​ផ្ញើសារ​ថា ការ​ធ្វើ​ការ​កែ​ទម្រង់​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល ​ជា​ផ្នែក​មួយ​រក្សា​និរន្តរភាព​នយោបាយ។

រូបថតៈលោក កឹម សុខា នៅថ្ងៃទី07-08-2016
រូបថតៈលោក កឹម សុខា នៅថ្ងៃទី07-08-2016 @kem sokha
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​មិន​បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើកំណែ​ទម្រង់​លើ​ផ្នែក​អ្វី​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​លោក អះអាង​លើ​សំណេរ​ដ៏​ខ្លី​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា ការកែ​ទម្រង់​គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​រៀបចំ​ខ្លួន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អ្នក​បន្ដ​វេន។

លោក​ជឿ​ជាក់​ថា ទោះ​បី​ជា​នៅ​ប្រទេស​ជឿន​លឿន​ក៏​ដោយ ក៏​គេ​ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ឥត​ឈប់​ឈរ​ដែរ។ ហើយ​បញ្ហា​ចំពោះ​មុខ​យើង​ត្រូវ​ដោះស្រាយ តែ​ក៏​ត្រូវ​សម្លឹង​មើល​ទៅ​អនាគត​យូរ​អង្វែង​ផងដែរ។

ជា​ការកត់សម្គាល់​ការ​ប្រកាស​ធ្វើ​ការ​កែ​ទម្រង​របស់​ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​រូប​លោក​បាន​សន្យា​យក​គំនិត​របស់​លោក​បណ្ឌិតកែម ឡី រៀប​ចំ​សង្គម។ បើ​តាម​លោកកឹម សុខា កន្លង​លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​ពិភាក្សា​ជាមួយ​លោក​ក្នុង​ការ​រៀប​ចំសង្គម និងប្រទេសជាតិ ជា​ពិសេស​កម្មវិធី​នយោបាយ​មូលដ្ឋាន “វិមជ្ឈការអំណាច”។

លោក កែម ឡី ដែល​កន្លង​មក​ក៏​បាន​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស​ផងដែរ។ លោក មាស នី អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា ជារឿង​ត្រឹម​ត្រូវ​។និង​ថា ការ​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​ហួស​ពេល​នោះ​ទេព្រោះ​ការ​កែ​ទម្រង់​អ្វី​មួយ​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​រៀង​រាល់​ថ្ងៃ។

សម្រាប់ លោក មាស នី មើល​ឃើញ​ថា គណបក្ស​សង្គ្រោះជាតិ​ហាក់​មាន​ភាព​ឈក់​ល្វែង​មួយដោយ​មិន​ទាន់​បង្ហាញ​ឲ្យ​សាធារណៈជន​ឃើញ​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​រឹង​មាំ​នៅ​ឡើយ​ទេ​។ ហើយគោលនយោបាយ​បច្ចុប្បន្ន​របស់​គណបក្ស​សង្គ្រោះជាតិ​សម្រាប់​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ​ដោយពុំ​បាន​បង្ហាញ​ដល់​សាធារណៈជន​ឲ្យ​មាន​ភាព​ជឿ​ជាក់​នោះ​ទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ