អានតួអត្ថបទ
កម្ពុជា

លោក​កឹម សុខា ចុះ​ទៅ​ប្រាប់​ពី​យុទ្ធសាស្រ្ត​ថ្មី​របស់​បក្ស​ប្រឆាំង​ដល់​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន​ទូទាំង​ប្រទេស

តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា​មក លោក​កឹម​ សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្តើម​ចុះ​ទៅ​កាន់​មូលដ្ឋាន​ជា​ថ្មី ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែនការ​យុទ្ធសាស្រ្ត​របស់​គណបក្ស​ប្រឆាំង។ ខេត្ត​កំពង់ចាម គឺ​ខេត្ត​ទី​មួយ​នៃ​គោលដៅ​របស់​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ មុន​បន្ត​ដំណើរ​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត​ទូទាំង​ប្រទេស​កម្ពុជា។

លោក កឹម សុខា ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ប្រមុខ​គណបក្ស​សង្គ្រោះ​ជាតិ។
ផ្សាយពាណិជ្ជកម្ម

លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​កឹម សុខា នឹង​ចំណាយ​ពេល​ប្រមាណ​ជាង​២០​ថ្ងៃ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែនការ​យុទ្ធសាស្រ្ត​ថ្មី​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ លោក​បន្ត​ទៀត​ថា ក្នុង​ដំណើរ​ចុះ​ទៅ​កាន់​មូលដ្ឋាន​ជា​ថ្មី​នេះ លោក​ប្រធាន​បក្ស​ប្រឆាំង​នឹង​ជួប​សំណេះ​សំណាល ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា​ជាមួយ​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​នានា ហើយ​ជាមួយ​គ្នា​នេះ ក៏​មិន​ភ្លេច​លើក​ឡើង​ដែរ​ពី​ផែនការ​សកម្មភាព​របស់​គណបក្ស​ប្រឆាំង ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ការ​ចុះ​ផ្សព្វ​ផ្សាយ និង​ណែនាំ​ពី​ផែនការ​យុទ្ធសាស្រ្ត​ថ្មី​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រជុំ​ពិភាក្សា​និង​សម្រេច​នូវ​ការ​កសាង​ផែន​ការ​យុទ្ធសាស្ដ្រ និង​ផែន​ការ​សកម្មភាព​សម្រាប់​មួយ​ឆ្នាំ​គឺ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ ដល់​ខែ​កក្កដា ឆ្នាំ​២០១៨ កាល​ពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ លោក​កឹម សុខា នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​បាន​អះអាង​ថា ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្រ្ត​របស់​ខ្លួន គណបក្ស​សង្រ្គោះ​ជាតិ​នឹង​រក្សា​នូវ​គោលដៅ​ចម្បង​ដដែល​គឺ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​អត់​ទៅ​ធ្វើ​បដិវត្ត អត់​ទៅ​ធ្វើ​សង្រ្គាម និង​ប្រើ​ប្រាស់​អំពើ​ហិង្សា​ណា​មួយ​ឡើយ។

ក្រៅ​ពី​នេះ បើ​តាម​លោក​កឹម សុខា យុទ្ធសាស្រ្ត​ធំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​រក្សា​ភាព​រឹង​មាំ​នៅ​ក្នុង​គណបក្ស​ដែល​ប្រសូត​ចេញ​មក​ពី​ការ​រួប​រួម​គ្នា។ បន្ថែម​ពី​លើ​នេះ​ គណបក្ស​ប្រឆាំង​នឹង​បន្ត​ពង្រីក​កម្លាំង​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​ជ័យ​ជំនៈ។ លោក​កឹម សុខា ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​បន្ត​យុទ្ធសាស្រ្ត​នយោបាយ​មិន​ឆ្លង មិន​ឆ្លើយ មិន​ឈ្លោះ និង​មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ ការ​ចុះ​មូលដ្ឋាន​របស់​លោក​កឹម សុខា នា​ពេល​នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​ការ​កើន​ឡើង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ ហើយ​ដំណើរ​នេះ ក៏​កើត​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​កំពុង​រៀប​ចំ​ដក​រូប​លោក​សម រង្ស៊ី ចេញ​ពី​ស្លាក​សញ្ញា​គណបក្ស ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី។​ ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​អនុម័ត​ធ្វើ​វិសោធនកម្ម​ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មុន​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ស្ថាប័ន​ព្រះ​មហាក្សត្រ ដើម្បី​ឲ្យ​ព្រះ​សង្ឃ​ឡាយ​ព្រះ​ហស្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ក៏​ប៉ុន្តែ​ពេល​នេះ ព្រះ​អង្គ​បាន​យាង​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ស្រុក​ចិន​បាត់​ទៅ​ហើយ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ