អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រឆាំង​ច្រាន​ចោល​នីតិវិធី​តុលាការ​លើ​ករណី​សំណុំ​រឿង​លោក​ កឹម សុខា

បន្ទាប់​ពី​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការ​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ទី​២៣ សីហា​កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​តបត​ទៅ​នឹង​ចំណាត់​ការ​នីតិវិធី​របស់​តុលាការ​ខាង​លើ​នេះ។ ​ព្រឿន បញ្ញារី ជូនព័ត៌មាន

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ @Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​គឺ​ជា​ឧបករណ៍​នយោបាយ​ធ្វើ​ទុក្ខ​បុកម្នេញ​ឥត​ឈប់​ឈរ​មក​លើ​សកម្មជន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដែល​នាំ​អោយ​ស្ថានការ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​តាន​តឹង នឹង​ធ្វើ​អោយ​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​មាន​ភាព​យុត្តិធម៌ និង​ស្មើរភាព។

ប្រតិកម្ម​របស់​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​សេចក្តី​ប្រកាស​ចោទ​ប្រកាន់​លោក​កឹម សុខា ពី​បទ​បដិសេដ​មិន​ចូល​ខ្លួន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ​២០១៦។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង ដោយ​ផ្អែក​ទៅ​លើ​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្រុម​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​មិន​អាច​ទទួល​យក​ជា​ដាច់​ខាត​នូវ​ការ​សម្រេច​របស់​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ការ​ដែល​មិន​អាច​ទទួល​យក​នេះ គឺ​ផ្អែក​ទៅ​លើ​ហេតុផល​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​នេះ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​ជំនុំ​ជម្រះ​ដោយ​មិន​មាន​ការ​លើក​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន​សិន។

ជុំវិញ​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ការ​សម្រេច​របស់​តុលាការ គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពន្យល់​ថា មាត្រា​៨០​នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា​ទី​៧​ ស្តីពី​ច្បាប់​នៃ​លក្ខន្តិកៈ តំណាង​រាស្រ្ត​បាន​ចែង​ថា ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​លើ​អ្នក​តំណាង​រាស្ត្រ​ណា​ម្នាក់​បាន​លុះត្រា​តែ​រដ្ឋសភា​បាន​ប្រជុំ​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​៣ (២/3 ) នៃ​ចំនួន​សមាជិក​ទាំង​មូល ដើម្បី​លើក​អភ័យឯកសិទ្ធ​ជា​មុន​សិន។​

នៅ​ក្នុង​នោះ គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ការណ៍​ដែល លោក កឹម​ សុខា គ្រាន់តែ​មិន​បាន​ទៅ​កាន់​តុលាការ​ដោយ​ផ្ទាល់ ដើម្បី​ឆ្លើយ​បំភ្លឺ ក្នុង​នាម​ជា​សាក្សី​នេះ​ មិន​អាច​ចាត់​ទុក​ជា​បទល្មើស​ជាក់​ស្តែង​បាន​ឡើយ ដោយ​លើក​ហេតុផល​ថា មិន​សម​ហេតុផល និង​ស្រប​តាម​នីតិវិធី ហើយ​វា​គ្រាន់​តែ​ជា​លេស ដើម្បី​បង្ក​រឿង​ដាក់​បន្ទុក​ទៅ​លើ​គណបក្ស​តែ​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្នើ​អោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ លោក​ប្រធាន​ស្តីទី​ កឹម សុខា។ គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រួវ​បាន​តុលាការ​ចោទ​ប្រកាន់ បន្ទាប់​ពី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​ដោយសារ​មិន​ព្រម​បង្ហាញ​ខ្លួន ចំនួន​២​លើក​ជុំវិញ​រឿង​ក្តី​របស់​កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រមុំ។

ក្រៅ​ពី​នេះ គណបក្ស​ក៏​បាន​អំពាវនាវ​អោយ​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​ចូល​រួម​យ៉ាង​ណា​ធ្វើ​អោយ​ស្ថានការ​នយោបាយ​នៅ​កម្ពុជា​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី ដើម្បី​អោយ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ត្រឹមត្រួវ យុត្តិធម៌​ និង​ទុកចិត្ត​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ