អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ​ប្រកាស​ធ្វើ​មហាបាតុកម្ម ប្រសិន​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា

គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ទី​ ២៧ ឧសភា​នេះ បាន​ប្រកាស​ធ្វើ​មហាបាតុកម្ម ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​មួយ​ព្រឹក​របស់​ គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​សង្រ្គោះ​ជាតិ ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ក្រៅ​ពី​ប្រកាស​ធ្វើ​មហាបាតុកម្ម គណបក្ស​នេះ នឹង​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​សភាពការណ៍​នយោបាយ​បច្ចុប្បន្ន។

គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ២៧ ​ឧសភា​នេះ បា​ន​ប្រកាស​ធ្វើ​មហាបាតុកម្ម ​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា។
គណបក្ស​សង្រ្គោះ​ជាតិ​ នៅ​ថ្ងៃ​ទី​ ២៧ ​ឧសភា​នេះ បា​ន​ប្រកាស​ធ្វើ​មហាបាតុកម្ម ​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា។ Faceboook
ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ធ្លាក់​មក​នៅ​រសៀល​ថ្ងៃ​ទី​ ២៧ ឧសភា​នេះ គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​ប្រកាស​រក្សា​សិទ្ធិ​ធ្វើ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ នេះ​គឺ​ជា​វិធាន​ការ​ឆ្លើយ​តប ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។

គួរ​ជម្រាប​ជូន​ថា គណបក្ស​សង្រ្គោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧ ឧសភា​នេះ បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​គណបក្ស​ជា​បន្ទាន់ ដោយ​ផ្តោត​ទៅ​លើ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ កិច្ច​ប្រជុំ ដែល​មាន​ការ​ចូលរួម​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ ​បាន​សម្រេច​៤​ចំណុច ហើយ​ក្នុង​ចំណុច​ទី​៣​ នៃ​សេចក្តី​សម្រេច​នេះ គឺ​គណបក្ស​បាន​រក្សា​សិទ្ធិ​ក្នុង​ការ​ធ្វើ​មហាបាតុកម្ម​អហិង្សា ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។

ក្រៅ​ពី​នេះ គណបក្ស​ប្រឆាំង ក៏​បាន​ដាក់​ចេញ​នូវ​សកម្មភាព​មួយ​ចំនួន ក្នុង​នោះ​ ទី​១.សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​មូលដ្ឋាន​របស់​ខ្លួន​នៅ​គ្រប់​រាជធានី-ខេត្ត ចាប់​ផ្តើម​ដង្ហែ​ញត្តិ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ, និង​ទី​២.គាំទ្រ​ឲ្យ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង​អស់ ធ្វើ​ញត្តិ​ទៅ​កាន់​ប្រធាន​រដ្ឋសភា ដើម្បី​ប្រកាស​ថា ពួកគេ​មិ​នអា​ច​ទៅ​បំពេញ​ការងារ​ជូន​រដ្ឋសភា​បាន​ទេ ក្នុង​កាលៈទេសៈ​មាន​ការ​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​សភា​ជា​បន្ត​បន្ទាប់។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ចំណុច​ទី​៤​នៃ​សេចក្តី​ប្រកាស​នេះ គណបក្ស​បាន​សម្រេច​បន្ត​អនុវត្ត “វប្បធម៌ សន្ទនា” ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ជា​បន្ត​ទៀត ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ស្តារ​ស្ថានការណ៍​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​ឲ្យ​វិល​មក​រក​ប្រក្រតីភាព​ឡើង​វិញ នោះ​ក៏​ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

សូម​ជម្រាប​ជូន​ថា នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះ​ជាតិ ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ឧសភា​នេះ សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​រាប់​សិប​នាក់ បាន​បន្ត​ជួប​ជុំ​គ្នា​នៅ​មុខ​ទីស្នាក់ការ​គណបក្ស ដើម្បី​ឃ្លាំ​មើល​ចំណាត់​ការ​របស់​អាជ្ញាធរ ដែល​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា។ ក្រុម​អ្នកគាំទ្រ​ ដែល​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា។

គួរ​រំលឹក​ថា តាំង​ពី​ល្ងាច​ថ្ងៃ​ទី​ ២៦ ឧសភា​មក លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពី​បទ “បដិសេធ​ក្នុង​ការ​ចូល​ខ្លួន” តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១ ខែ​ទៅ​ ៦ ខែ បន្ទាប់​ពី​លោក​មិន​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ចំនួន​២​លើក។ កាល​ពី​ថ្ងៃ​ទី​ ២៦ ឧសភា សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ក៏​បាន​ទៅ​ឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្ស និង​ឃាត់​រថយន្ត​របស់​លោក កឹម សុខា ដើម្បី​ឃាត់​ខ្លួន​ផង​ដែរ តែ​មិន​បាន​សម្រេច។

ក្រៅ​ពី​សេចក្តី​សម្រេច​ទាំង​នេះ គណបក្ស​ប្រឆាំង​ក៏​ទំនង​ជា​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ជា​ទ្រង់​ទ្រាយ​ធំ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស បរិស្ថាន មន្រ្តី គជប និង​អ្នក​នយោបាយ​ ដែល​កំពុង​ជាប់​ឃុំ​ផង​ដែរ​។ ផ្ទាំង​ប៉ាណូ​ ដែល​មាន​រូប​ថត​របស់​អ្នក​ទោស​ មនសិការ​ទាំង​នោះ ត្រូវ​បាន​គណបក្ស​សង្រ្គោះ​ជាតិ​ដាក់​បង្ហាញ​នៅ​មុខ​ទីស្នាក់ការ​បក្ស​កាល​ពី​ព្រឹក​មិញ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ