អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រឿង​អាស្រូវ​ស្នេហា​របស់​អ្នក​នយោបាយ៖ រឿង​ធម្មតា​ដែល​មិន​ធម្មតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

សារ​ព័ត៌​​មានក្នុង​ស្រុក​ខ្មែរ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សំណុំ​​រឿង​អាស្រូវ​ស្នេហា​​របស់​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​រឿង​អាស្រូវ ដែល​គេមិន​ទាន់​អាច​បញ្ជាក់​បាន​​ថា ជា​ការ​ពិត​ឬ​ជា​រឿង​ប្រឌិត​នៅ​ឡើយ ខណៈ​លោក កឹម សុខា បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ដដែល​។ បើ​ទោះ​បីជា ​ការ​ពិត​ឬ​ជាការ​​ប្រឌិត​ក៏​ដោយ រឿង​អាស្រូវ​ស្នេហា គឺ​ជា​រឿង​សាមញ្ញ​ធម្មតា​ណាស់​ សម្រាប់​​អ្នក​នយោបាយ ​ទាំង​នៅ​កម្ពុជា​និង​នៅ​ទូទាំង​ពិភពលោក​។ រឿង​ដែល​មិន​ធម្មតា​ គឺ​ស្ថិត​នៅត្រង់​គោលដៅ​នៃ​ការ​បើក​កកាយ​សំណុំ​រឿង​ដ៏​រសើប​នេះ​ទៅ​វិញ​ទេ​។

លោក​កឹម ​សុខា ​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ទម្លាយ​ពី​អាស្រូវ​ស្នេហា​របស់​លោក។​
លោក​កឹម ​សុខា ​ថ្មី​ៗ​នេះ ត្រូវ​បាន​គេ​ទម្លាយ​ពី​អាស្រូវ​ស្នេហា​របស់​លោក។​ @Facebook Kem Sokha
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រទះ​រឿង​អាស្រូវ​ជា​ថ្មី​ម្ដង​ទៀត នៅ​ដើម​ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​ខ្សែ​អាត់​សំឡេង​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដោយ​បាន​ចោទ​ប្រកាន់​ថា លោក កឹម សុខា មាន​ទំនាក់ទំនង​ជាមួយ​នារី​ម្នាក់​។ រឿង​អាស្រូវ​ស្នេហា​ដូច្នេះ មិន​មែន​ទើប​តែ​កើត​មាន​ឡើង​ចំពោះ​លោក កឹម សុខា ជា​លើក​ទី​មួយ​នោះ​ទេ​។ កាល​ពី​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រឿង​រ៉ាវ​ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់​បាន​កើត​ឡើង​លើ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។ កាល​ណោះ នារី​ម្នាក់ បាន​ចេញ​មុខ​អះអាង​ថា ខ្លួន​ជា​ភរិយា​ចុង​របស់​លោក កឹម សុខា​។ ប៉ុន្តែ​លោក កឹម សុខា បាន​ច្រាន​ចោល​ទាំង​ស្រុង ដោយ​គូស​បញ្ជាក់​ថា លោក​មិន​ធ្លាប់​ស្គាល់​នារី​ម្នាក់​នោះ​ឡើយ​។ និង​ថា ការ​ចោទ​ប្រកាន់​អស់​ទាំង​នោះ គឺ​ជា​ឆាក​ល្ខោន​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​។

សម្រាប់​រឿង​អាស្រូវ​ថ្មី​នេះ បើ​ទោះ​បី​ជាគេ​នៅ​មិន​ទាន់​លឺ​ការ​បក​ស្រាយ​ណា​មួយ​ពី​លោក កឹម សុខា ក៏​ពិត​មែន ប៉ុន្តែ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក មន្ដ្រី​ជាន់​ខ្ពស់ និង​អ្នក​នាំ​ពាក្យ​គណបក្ស​​ជំទាស់ បាន​ចេញ​មុខ​ច្រាន​ចោល​រួច​ស្រេច​ហើយ​។

បើ​ទោះ​បី​ជា​​​គេមិន​ទាន់​អាច​បញ្ជាក់​បាន​​ថា សំណុំ​រឿង​អាស្រូវ​ដែល​ទើប​តែផ្ទុះ​ឡើង​ថ្មី​នេះ ជា​ការ​ពិត ​ឬ​ជា​រឿង​ប្រឌិតក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា សារ​ព័ត៌​​មានក្នុង​ស្រុក ហាក់​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​សំណុំ​​រឿង​​នេះ​​​​។ បើ​ទោះ​បីជា ​ការ​ពិត​ឬ​ជាការ​​ប្រឌិត​ក៏​ដោយ រឿង​អាស្រូវ​ស្នេហា គឺ​ជា​រឿង​សាមញ្ញ​ធម្មតា​ណាស់​ សម្រាប់​​អ្នក​នយោបាយ ​ទាំង​នៅ​កម្ពុជា​និង​នៅ​ទូទាំង​ពិភពលោក​។ ជា​រឿង​ធម្មតា​ព្រោះ បើ​ទោះ​បី​ជា​មាន​ឧត្តម​គតិ​ខ្ពង់​ខ្ពស់​កម្រិត​ណា អ្នក​នយោបាយ​ក៏​ដូច​ជា​មនុស្ស​ធម្មតា​ដទៃ​ទៀត​ដែរ គឺ​​នៅ​តែ​មាន​ចំណង់​កាម​តណ្ហា​​។

រឿង​ដែល​មិន​ធម្មតា​ គឺ​​ស្ថិត​នៅត្រង់​ថា តើនរណា ជា​អ្នក​​បើក​កកាយ​សំណុំ​រឿង​ដ៏​រសើប​នេះ​? និង​បើក​កកាយ​ដើម្បី​អ្វី​ទៅ​វិញ​ទេ​។

គួរ​កត់​សម្គាល់​ថា សំណុំ​រឿង​អាស្រូវ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចោទ​ប្រកាន់​លើ​លោក កឹម សុខា នា​ពេល​ថ្មី​ៗ​នេះ មិន​មែន​មាន​ត្រឹម​តែ​ខ្សែ​អាត់​សំឡេង​ប៉ុណ្ណោះ​ទេ​។ ក៏​មាន​ផង​ដែរ អត្ថបទ​​សន្ទនា​រាប់​រយ​ទំព័រ​រវាង​លោក កឹម សុខា និង​នារី​ដែល​គេ​ហៅ​ថា ស្រី​កំណាន់ ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​។ វា​មិន​មែន​ជា​រឿង​សាមញ្ញ​សោះ​ឡើយ ដែល​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់ អាច​ប្រមូល​ព័ត៌មាន ឬ​ប្រឌិត​ព័ត៌មាន​ដ៏​សម្បូរ​បែប​ដូច្នេះ​បាន​។

រហូត​មក​ទល់​ពេល​នេះ គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ​ថា នរណា និង​អ្វី​ទៅ​ជា​គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​រឿង​អាស្រូវ​នេះ​។ អ្វី​ដែល​គេ​ដឹង​គឺ​ថា ទង្វើ​នេះ គឺ​ជាអំពើអសីលធម៌ ​ស្មោគ​គ្រោក និង​រំលោភ​​ច្បាប់​ថែម​ទៀត​ផង​។

ជា​ទូទៅ សម្រាប់​បុរស ការមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​ផ្សេង​ក្រៅ​ពី​ប្រពន្ធ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទង្វើ​ប្រាស​ចាក​សីលធម៌​។ ប៉ុន្តែ​ការ​ថត​សំឡេង​របស់​បុគ្គល​ដទៃ​យក​មក​ផ្សព្វ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត មិន​មែន​ជា​ទង្វើ​អ​សីលធម៌​ដែរ​ទេ​ឬ? មិន​ត្រឹម​តែ​អសីលធម៌​​ទេ ការ​ស្ដាប់ ឬ​ថត​សំឡេង​ឯកជន ដោយ​គ្មាន​ការ​យល់​ព្រម គឺ​ជា​បទ​ល្មើស​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​៣០១ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា និង​ដែល​ត្រូវ​ផ្ដន្ទាទោស លើក​លែង​តែ​ករណី​អនុញ្ញាត​ដោយ​ច្បាប់​។

​ខណៈ​ដែល​កម្ពុជា​នៅ​មិន​ទាន់​មាន​ច្បាប់​ស្ដី​ពី​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​រឿង​នេះ តើ​វា​មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការ​លួច​ស្ដាប់​រឿង​ឯកជន​ផ្ទាល់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ឬ​យ៉ាង​ណា? ចុះ​នៅ​ក្នុង​ករណី​ដែល​សំឡេង​ដែល​ថត​យក​មក​ផ្សព្វផ្សាយ​នោះ ត្រូវ​បាន​ប្រឌិត ឬ​កែច្នៃ​ឲ្យ​ខុស​ពី​ការ​ពិត តើ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​យ៉ាង​ណា​ខ្លះ​?

រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា បើ​ជា​រឿង​ពិត វា​ច្បាស់​ណាស់​ថា​នឹង​ប៉ះពាល់​ដល់​មុខ​មាត់ និង​កិត្យានុភាព​នៃ​ឥស្សរជន​នយោបាយ​ដ៏​ល្បី​ល្បាញ​ម្នាក់​។ ផ្ទុយ​ទៅ​វិញ បើ​ជា​រឿង​មិន​ពិត សង្គម​នឹង​ថ្កោល​ទោស​ចំពោះ​បុគ្គល​ដែល​ប្រឌិត​រឿង​រ៉ាវ​ទាំង​នេះ​ឡើង​។ នេះ​ជា​រឿង​មួយ​។ ប៉ុន្តែ​រឿង​ដែល​សំខាន់ និង​ដែល​សង្គម​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ស្វែង​រកចម្លើយ គួរ​តែ​ជា​ដើម​ចម​នៃ​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ និង​សុវត្ថិភាព​នៃ​ភាពជា​ឯកជន​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ