អានតួអត្ថបទ
កម្ពុជា

ក្រុម​មេធាវី​ការពារ​ក្ដីឲ្យ​លោក​កឹម សុខា ​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ដាក់​ពាក្យ​​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជំទាស់​នឹង​សាលដីកា​​របស់​សាលា​ឧទ្ធរណ៍ ដែល​រក្សា​ការ​សម្រេច​​ឃុំ​ខ្លួន​លោក កឹម សុខា ទុក​ជា​បាន​ការ​ដដែល​​។ លោក សំ សុគង់ មេធាវី​ម្នាក់​របស់​លោក កឹម សុខា រំពឹង​ទុក​​ថា តុលាការ​កំពូល​នឹង​ពិចារណា​លើ​បណ្ដឹង​សារទុក្ខ​របស់​ខ្លួន ហើយ​សម្រេច​ឲ្យ​លោក កឹម សុខា បាន​រស់​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន​។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ REUTERS
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​មេធាវី សំ សុគង់ លោក កឹម សុខា គួរ​តែ​មាន​សិទ្ធិ​រស់​នៅក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន​ព្រោះ​តែ​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា និង​ជា​គណបក្ស​គូ​ប្រជែង​តែ​មួយ​គត់​របស់​បក្ស​កាន់​អំណាច​។ ក្រៅ​ពី​នោះ លោកមេធាវី​បាន​បន្ត​លើក​ឡើង​ពី​ស្ថានភាព​សុខភាព​របស់​លោក កឹម សុខា ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជាប់​លាប់ ក៏​ដូច​ជា​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក កឹម សុខា​​។

តាម​រយៈ​កត្តា​អស់​ទាំង​នេះ លោកមេធាវី សំ សុគង់ រំពឹង​ទុក​ថា តុលាការ​កំពូល​នឹង​ពិចារណា​ទៅ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​ឡើង​វិញ ហើយ​សម្រេច​ឲ្យ​លោក កឹម សុខា បាន​រស់​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៩​កញ្ញា​នេះ ប្រធាន​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ អស់​រយៈពេល​២៦​ថ្ងៃ មក​ហើយ​ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ពាក់​កណ្ដាល​អាធ្រាត​ថ្ងៃ​ទី​២ ឈាន​ចូល​ថ្ងៃ​ទី​៣​កញ្ញា​ ពី​បទ​សន្ទិដ្ឋិភាព​។

ជា​ការ​កត់​សម្គាល់ តាំង​ពី​លោក កឹម សុខា ជាប់​ឃុំ ក្រុមមេធាវី​ការពារ​ក្ដី​តែង​តែ​ព្យាយាម​ប្រើ​គ្រប់​សព្វ​លទ្ធភាព ដើម្បី​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​​។ ក្រុម​មេធាវី​បាន​ប្ដឹងទៅ​កាន់​សាលា​ឧទ្ធរណ៍ ​ជំទាស់​នឹង​ការ​សម្រេច​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​។ ប៉ុន្តែ​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី​២៦​កញ្ញា សាលា​ឧទ្ធរណ៍​បាន​តម្កល់​ដីកា​សម្រេច​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​។ ចំណែក​ក្រុមមេធាវី​បាន​ដើរ​ចេញ​ពី​អង្គ​សវនាការ ដោយ​សារ​តែអង្គ​សវនាការ​នោះ ដំណើរការ​ដោយ​គ្មាន​វត្តមាន​លោក​កឹម សុខា ដែល​ជា​ជន​ត្រូវ​ចោទ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ