អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា ទាម​ទារ​ឱ្យ​​បង្កើត​​​«គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​»​ឯករាជ្យ​មួយ

ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​ថ្ងៃ​ទី​១០​​ធ្នូ​នេះ​​ រដ្ឋាភិបាល​​កម្ពុជា ​សង្គម​​ស៊ីវិល ​និង​​គណបក្ស​ប្រឆាំង​​ ​បា​ន​​ប្រារព្ធ​ពិធី​​​នេះ​​តែ​​រៀង​ៗ​​ខ្លួ​ន ​នៅ​​កន្លែង​​ផ្សេង​ៗ​​គ្នា។ ​ចំពោះ​​បក្ស​សង្គ្រោះ​​ជាតិ​ ​​នៅ​​ទី​ស្នាក់​​ការ​​​កណ្តាល​​របស់​ខ្លួន ​លោក ​កឹម សុខា ​​ប្រកាស​​ទាម​ទារ​​ឱ្យ​​​បង្កើត​ ​​«គណៈ​​កម្មាធិការ​​​ជាតិ​​​សិទ្ធិ​​​មនុស្ស​» ឯករាជ្យ​​មួយ​។ លោក​​ប្រធាន​​ស្តីទី​​បក្ស​​ប្រឆាំង ​យល់​​ឃើញ​​ថា​ ​កា​រ​បង្កើត​​​និង​​​ប្រមូល​​ផ្តុំ​ជា​​ «គណៈ​កម្មាធិការ​​ជាតិ​​សិទ្ធិ​មនុស្ស​»​ តែ​​មួយ​​ដែ​ល​​ឯករាជ្យ ​គឺ​​ធ្វើ​វិស័យ​​​សិទ្ធិ​​មនុស្ស​​​​នៅ​​ស្រុក​​ខ្មែរ​​​រឹងមាំ។

លោក កឹម សុខា អនុប្រធានបក្សសង្រ្គោះជាតិ បានថ្លែងសារនយោបាយទៅអ្នកគាំទ្រ ថ្ងៃសិទ្ធិមនុស្ស ​ទី​១០ធ្នូ
លោក កឹម សុខា អនុប្រធានបក្សសង្រ្គោះជាតិ បានថ្លែងសារនយោបាយទៅអ្នកគាំទ្រ ថ្ងៃសិទ្ធិមនុស្ស ​ទី​១០ធ្នូ @Kem Sokha fb page
ផ្សាយពាណិជ្ជកម្ម

លោក ​កឹម សុខា ​ថា​នៅ​កម្ពុជា​បច្ចុប្បន្ន ​គណកម្មការ​សិទ្ធិ​មនុស្ស​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋ​ មាន​ច្រើន​ តែ​នៅ​ដាច់​ពីគ្នា​ ដូចជា​នៅ​រដ្ឋាភិបាល​មួយ​ នៅ​រដ្ឋសភា​មួយ ​និង​​​នៅ​ព្រឹទ្ធសភា​​មួយ​​។ ដូច្នេះ​លោក​ទាមទារ​ឱ្យ​បង្កើត​ និង​ច្របាច់​បញ្ចូលគ​ណកម្មការ​​ទាំ​ងអ​ស់​នេះ​ប្រមូល​​ផ្តុំ​គ្នា​​ជា​​«គណៈកម្មាធិការ​ជាតិ​សិទ្ធិ​មនុស្ស»​ តែ​មួយ។ ស្ថាប័ន​នេះ ​ត្រូវ​តែ​ឯករាជ្យ ​និង​ស្រ​បតាម​​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​អាស៊ាន។ ​ចំពោះ​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ​ការ​បង្កើត​​គណៈ​​កម្មាធិការ​ជាតិសិទ្ធិ​មនុស្ស​នេះ ​នឹង​ធ្វើ​ឱ្យ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ស្រុក​ខ្មែរ​​រឹងមាំ។

​សូមជ​ម្រាប​ជូន​ថា​ ដើម្បី​អបអរ​ខួប​ទី​៦៧ឆ្នាំ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​រដ្ឋាភិបាល​កម្ពុជា ​សង្គម​ស៊ីវិល ​និង​គណបក្ស​ប្រឆាំង ​បាន​ប្រារព្ធ​ពិធី​នេះ​តែ​រៀង​ៗ​ខ្លួន។ ​រដ្ឋាភិបាល​បាន​​ធ្វើ​​ពិធី​​ផ្លូវ​ការ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។ ចំណែក​គណបក្ស​ប្រឆាំង ​រៀបចំ​ការ​ជួប​ជុំ​នៅ​​ទីស្នាក់​​កា​រ​​កណ្តាល ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ​ក្រោម​ប្រធាន​បទ​ «សិទ្ធិ​នយោបាយ»។

​ក្នុង​សុន្ទករថា ​ជិត​៣០​នាទី ​លោក​ គង់ គាំ​ ប្រធាន​បក្សសម រង្ស៊ី ​និង​​លោក កឹម សុខា ​អនុប្រធាន​បក្ស​សង្រ្គោះជា​តិ​ បាន​ថ្លែង​សារ​នយោបាយ​ទៅ​អ្នក​គាំទ្រ ​និង​ថ្លែង​លើក​​សរសើរ​​ក្រុម​សង្គម​ស៊ីវិល ​និង​អួត​ពី​ខ្លួន​ឯង​ខ្លះ​ផង​ ដែល​ចូលរួម​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ធ្លាប់​ជា​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ផង ​លោក កឹម សុខា យល់​ថា ​«សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ» ​គឺ​សំខាន់​ជាង​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​កិច្ច ​និង​វប្បធម៌។ ​ពោល​​​គឺ​​ត្រូវ​ឱ្យ​សិទ្ធិ​ពលរដ្ឋ​ដើរ​ទៅ​មុន​សិទ្ធិ​ដទៃ​ទៀត ​សម្រាប់​​សម្រេ​ច​​ជោ​គ​វាសនា​​ប្រទេស​​ជាតិ​​ដោយ​​ខ្លួន​ឯង។​ ថ្លែង​ប្រាប់​អ្នក​កាសែត​យ៉ាង​ខ្លី ​ជាង​១​នាទី ​លោក​ កឹម សុខា ​ថា​សិទិ្ធ​​នយោ​​បាយ​​នៅ​កម្ពុជា​ កំពុង​តែ​ត្រូវ​រឹត​ត្បិត។ ​ពិសេស​គឺ​ទាក់​ទង​នឹង​ការ​សម្តែង​មតិ ​និង​សិទ្ធិ​​សម្រេច​ចិត្ត​នយោបាយ ​ព្រម​ទាំង​សិទ្ធិ​បាតុកម្ម។​

រីឯ​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ក្រុម ​រៀបចំ​ទិវា​១០​ធ្នូនេះ ក្រោម​​ប្រធាន​បទ​ ​«លើក​កម្ពស់​សិទ្ធិ​​សេរីភាព​​​នៃការ​បញ្ចេញមតិ»។ ក្រុម​សង្គម​ស៊ីវិល​ខ្លះ​ ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ហើយ​​ខ្លះ​​ទៀត​ហែក្បួន​ទៅ​មុខ​ក្រសួង​យុត្តិធម៌។​

យ៉ាងណា​ក៏​ដោយ​ចុះ ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​បាន​កត់​សម្គាល់​ថា ​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥នេះ ​មាន​ភាព​អាក្រក់​ខ្លាំង ​ជាង​ឆ្នាំ​មុន​ៗ។ ​ភាព​​អាក្រក់​​នេះ ​កើត​មាន​ឡើង ​ព្រោះ​​អ្នក​នយោបាយ​ខ្មែរ​​មិន​ចុះស​ម្រុង​គ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ