អានតួអត្ថបទ
កម្ពុជា

ជំនួប​បិទទ្វារ ហ៊ុន សែន-កឹម សុខា ឈាន​ទៅរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្វាគមន៍​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​មុខ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា បន្ទាប់​ពី​ទទួល​បាន​ការ​លើក​លែង​ទោស។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ចាត់​ទុក​លោក កឹម សុខា ថា​ជា​ដៃគូ​សន្ទនា​ថ្មី​ជំនួស​លោក សម រង្ស៊ី បាន​ជួប​ប្រជុំ​គ្នា​បិទទ្វារ​ជាង ១​ម៉ោង ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា។

ជំនួបបិទទ្វារ ហ៊ុន សែន-កឹម សុខា ឈានទៅរកដំណោះស្រាយនយោបាយនៅកម្ពុជា
ជំនួបបិទទ្វារ ហ៊ុន សែន-កឹម សុខា ឈានទៅរកដំណោះស្រាយនយោបាយនៅកម្ពុជា RFI
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់​មាន​របៀប​វារៈ​សំខាន់​ចំនួន៣ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​បិទទ្វារ​រយៈពេល​ជាង ១​ម៉ោង រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ពេលនេះ គឺជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​ដែលមាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ ក្នុងចំណោម​របៀបវារៈ​ទាំង៣នោះ លោក កឹម សុខា បានស្នើ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មានការ​អន្តរាគមន៍​ដោះលែង​មេឃុំ​គណបក្ស​សម រង្ស៊ី លោក ស៊ា​ង ចែត, មន្ត្រី​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គជប ម្នាក់​ផង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅឯ​រដ្ឋសភាជាតិ​ថា លោក​​មេឃុំ ស៊ា​ង ចែត អាច​នឹងត្រូវ​ដោះលែង​នៅថ្ងៃនេះ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន ព្រមទាំង​មន្ត្រី​គ.ជ.ប ដែល​កំពុង​ជាប់ឃុំ​អាច​នឹងមាន​ការដោះលែង​នៅ​ដំណាច់​ខែធ្នូ​ ឆ្នាំ​២០១៦​ខាងមុខនេះ។ ក្រៅពីនេះ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​កំណត់ពេល​ជួបប្រជុំគ្នា​មួយខែ​ម្តង​ផងដែរ​ដើម្បី​ពិនិត្យមើល​ផ​លទ្ធផល​នៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ជា​លើកដំបូង​នៅថ្ងៃនេះ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី២ធ្នូ និង​បន្ទាប់ពី​លោក​បានបញ្ចប់​ការឃុំ​ខ្លួនឯង​នៅក្នុង​ទីស្នាក់ការ​គណបក្ស​អស់​រយៈពេល​ជាង៦ខែ​កន្លងមកនេះ។ មុនពេល​ផ្តើម​កិច្ចប្រជុំសភា​កាលពី​ព្រឹក​មិញ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ដៃ​ស្វាគមន៍​លោក កឹម សុខា នឹង​បានចាត់ទុក​លោក កឹម សុខា ថា គឺជា​ដៃគូ​សន្ទនា​ថ្មី​របស់លោក។ កិច្ចប្រជុំសភា​កាលពី​ព្រឹក​មិញ បាន​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិការ​ជាតិ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៥ ដោយ​មាន​ការចូលរួម​ពី​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​ចំនួន១០៨រូប។

សូម​បញ្ជាក់ដែរថា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ជំនួប​នេះ លោក​មេឃុំ ស៊ា​ង ចែត ដែល​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ នៅក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​របស់​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ នោះ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​នៅ​ល្ងាច​ថ្ងៃទី៧ធ្នូ​ឆ្នាំ២០១៦នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ