ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

​អ្នក​នាំ​ពាក្យ​អតីត​បក្ស​ប្រឆាំង​៖ «​ការ​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​» ​មិន​មែន​ជា​គោល​ជំហរ​របស់ លោក កឹម សុខា​ទេ​

media  
លោក កឹម សុខា ពេលមកដល់គេហដ្ឋានរបស់លោក (រូបភាពឯកសារ) @Chan Chen's Facebook

អ្នកនាំ​ពាក្យ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​លើក​ឡើង​ថា ជំហរ​របស់​លោក កឹម សុខា គឺ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស និង អហិង្សា ដោយ​មិន​រើស​យក​ការ​ប្រើ​ប្រាស់​ហិង្សា ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ឡើយ​។ ការ​លើក​ឡើង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​លោក សម រង្ស៊ី ដែល​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពល​រដ្ឋ និង កង​ទ័ព​កម្ពុជា​ងើប​ឈរ​ឡើង​ជាមួយ​លោក​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ខាង​មុខ​។ 

«លោក កឹម សុខា ប្រកាន់​គោល​ការណ៍​តាម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស គោល​ការណ៍​គោរព​សិទ្ធិ​មនុស្ស និង គោល​ការណ៍​អហិង្សា»។ នេះ គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារ​ព័ត៌​មាន The Cambodia Daily Khmer ក្នុង​ពេល​លោក និង​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ចូល​រូម​ពីធី​រំលឹក​ខួប​លើក​ទី២៨ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ទីក្រុង​ឡូវែល នៃ​រដ្ឋ Massachusetts សហ​រដ្ឋ​អាមេរិក​កាល​ពីថ្ងៃទី២០ ខែតុលា។ បើ​តាម​លោក យ៉ែម បុញ្ញឫទ្ធិ គឺ​លោក កឹម សុខា តែង​តែ​ប្រកាន់​យក​នូវ​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​ឡាយ​ទាំង​ពួង ដោយ​សន្តិ​វិធី អហិង្សា និង ដោយ​រស់​ក្រោម​ដំបូល​ខ្មែរ​តែ​មួយ​។

បើ​ទោះ​បី​មិន​បញ្ជាក់​ឱ្យ​ចំ​ឈ្មោះ ប៉ុន្តែ​ការ​លើក​ឡើង​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ចង់​ឆ្លើយ​តប​ជា​ប្រយោល​ទៅ​កាន់​លោក សម រង្ស៊ី និង មន្រ្តី​ស្និទ​នឹង​លោក​ផ្សេង​ទៀត​ចំពោះ​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា​។ គម្រោង​នេះ គឺ​លោក សម រង្ស៊ី បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចូល​រួម​អម​ដំណើរ​ជាមួយ​លោក​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​។ មិន​តែ​ប៉ុណ្ណោះ លោក​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព និង ប្រជា​ពល​រដ្ឋ​ងើប​បះ​បោរ​ជាមួយ​រូប​លោក​ថែម​ទៀត​ផង ដែល​នេះ​ជា​ទម្រង់​ហិង្សា ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​។

សម្រាប់​លោក យ៉ែម បុញ្ញឫទ្ធិ គម្រោង​ការ​បែប​ហិង្សា​នេះ មិន​មែន​ជា​គោល​ជំហរ​របស់​លោក កឹម សុខា និង អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ ព្រោះ​លោក កឹម សុខា និង អតីត​បក្ស​ប្រឆាំង​ប្រកាន់​យក​តែ​គោល​ការណ៍​អហិង្សា និង មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​។ អ្នក​នាំ​ពាក្យ​អតីត​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​ឱ្យ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ទទួល​បាន​ជោគ​ជ័យ គឺ​ត្រូវ​តែ​គោរព​តាម​គោល​ការណ៍​ទាំង​នេះ​។

ចំណែក កញ្ញាកឹម មនោ​វិទ្យា​ដែល​ជា​កូន​ស្រី​លោក កឹម សុខា​វិញ បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​សកម្មភាព​របស់​ក្រុម​លោក សម រង្ស៊ី គឺ​មិន​ពាក់​ព័ន្ធ​នឹង​គណៈ​កម្មការ​ចំពោះ​កិច្ច​របស់​អតីត​បក្ស​ប្រឆាំង​ឡើយ​។ បើ​តាម​កញ្ញា កឹម មនោវិទ្យា ក្រុម​លោក សម រង្ស៊ី ត្រូវ​ទទួល​ស្គាល់​ខុស​ត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន ចំណែក​ឯ​គណៈ​កម្មការ​ចំពោះ​កិច្ច​ដែល​ដឹក​នាំ​ដោយ​កញ្ញា និង លោក យ៉ែម បុញ្ញឫទ្ធិ នៅ​តែ​បន្ត​ធ្វើ​កិច្ច​ការ​របស់​ខ្លួន​ដដែល​តាម​រយៈ​ការ​តស៊ូ​មតិ និង​ការ​ទូត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ