ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
កម្ពុជា

​បុណ្យ​ឯករាជ្យ​ជាតិ​៖ លោក កឹម សុខា និង​ប្រមុខ​ការ​ទូត​អាមេរិក លើក​ឡើង​ពី​ការ​រួប​រួម​ជាតិ សេរី​ភាព និង ប្រជា​ធិបតេយ្យ​

media  
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ @facebook

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ បាន​លើក​ឡើង​ថា ការ​ទាម​ទារ និង​ថែរក្សា​ការពារ​ឯករាជ្យជាតិ​ពិត​ប្រាកដ អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​លើ​ការ​រួប​រួម​ជាតិ។ ការ​លើក​ឡើង​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃប៉ុណ្ណោះ មុន​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា។ ចំណែក​រដ្ឋ​មន្រ្តីក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក៏​បាន​ផ្ញើសារ​អបអរ​សាទរ នា​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​កម្ពុជា ដោយ​សង្ឃឹម​ថា កម្ពុជា​នឹង​ឆ្ពោះ​ទៅ​រក​សង្គម​មួយ ដែល​មាន​សេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។ 

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក បាន​ចូល​រួម​អបអរសាទរ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​០៩ វិច្ឆិកា ដោយ​លើក​ឡើង​ថា​៖ «ការ​ទាម​ទារ និង​ការ​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ទៅបាន គឺ​អាស្រ័យ​លើ​ការ​រួប​រួម​ជាតិ។ ហើយ​ជា​ការ​ពិត​ណាស់ មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ទេ បើ​យើង​បែក​បាក់​គ្នា»។ នេះបើ​តាម​សារ​អបអរ​សាទរ​ខួប​លើក​ទី ៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា របស់​លោក កឹម សុខា ចុះថ្ងៃទី ០៨ វិច្ឆិកា នេះ។

ចំណែក​ឯ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo ក៏​បាន​ផ្ញើសារ​អបអរ​សាទរ ទិវាបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ខួប​លើក​ទី៦៥​ដែរ​។ លោក Mike Pompeo តាង​នាម​ឱ្យ​រដ្ឋាភិបាល​នៃ​សហរដ្ឋអាមេរិក​ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ប្រជាជន​កម្ពុជា នា​ឱកាស​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា ​នៅ​ថ្ងៃ​ទី០៩ ខែវិច្ឆិកា។ បើ​តាម​ប្រមុខ​ការទូត​អាមេរិក ជា​រៀង​រាល់​ឆ្នាំ ភ្ញៀវ​ទេសចរ​អាមេរិក​ប្រមាណ​ជាង​ ១៧០,០០០នាក់ បាន​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ហើយ​លោក​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​នឹង​ឆ្ពោះ​ទៅរក​សង្គម​មួយ ដែល​មាន​សេរីភាព វិបុលភាព ប្រជាធិបតេយ្យ និងយុត្តិធម៌។

សូម​ជម្រាប​ជូន​ថា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥​នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​យ៉ាង​អធិក​អធម ជាង​បណ្តា​ឆ្នាំ​មុនៗ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង​ដោយ​មាន​ការ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ពី​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​ ប្រទេស​កម្ពុជា​បាន​ទទួល​ឯក​រាជ្យ​ពេញបរិបូណ៌​ពី​នឹម​អាណានិគម​និយម​បារាំង នៅ​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជបូនីយកិច្ច​របស់​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ