អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា៖ រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី

ក្នុង​វេទិកា «រាស្រ្ដ និង​តំណាង​រាស្រ្ដ» នៅ​ទី​រួម​ខេត្ត​ព្រះវិហារ កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី១១ ខែ​ធ្នូ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា បាន​លើក​ឡើង​ថា រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បរាជ័យ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី ជូន​ប្រជាពលរដ្ឋ​។ ជា​ការ​លើក​ឡើង ខណៈ​ដែល​លោក​កឹម សុខា ទទួល​បណ្តឹង​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ ពិសេស​នៅ​ខេត្ត​ព្រះ​វិហារ​។

លោក កឹម សុខា ផ្ដល់បទ​សម្ភាស​ដល់​អ្នក​កាសែត​នា​ពេល​កន្លងមក។
លោក កឹម សុខា ផ្ដល់បទ​សម្ភាស​ដល់​អ្នក​កាសែត​នា​ពេល​កន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ដោយ​អះអាង​ថា បាន​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ស្ទើរ​គ្រប់​ស្រុក​ទាំង​អស់ ក្នុង​រឿង​រំលោភ​ដី​ធ្លី ដ៏​រ៉ាំរៃ នៅ​ខេត្ត​ព្រះវិហារ លោក កឹម សុខា បាន​លើក​ឡើង​ថា រដ្ឋាភិបាល ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​នេះ ជូន​ប្រជាពលរដ្ឋ​។

 
ចំពោះ​មុខ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ ក្នុង​វេទិកា​រាស្ត្រ និង​តំណាង​រាស្ត្រ កាល​ពី​ថ្ងៃ​សុក្រ លោក​កឹម សុខា បាន​បន្ថែម​ថា «គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី ពី​ការ​រំលោភ​យក​របស់​ក្រុមហ៊ុន អ្នក​មាន​អំណាច លើ​ដី​ប្រជាពលរដ្ឋ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ មក​ប្រគល់​ជូន​ពួក​គាត់​វិញ នៅ​ពេល​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល ក្នុង​ពេល​ខាង​មុខ»​។

ក្នុង​វេទិកា​នោះ តំណាង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ បាន​ឡើង​ថ្លែង​ពី​ទុក្ខ​កង្វល់ ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី ដែល​ប្រជាពលរដ្ឋ មាន​ជម្លោះ​នឹង​អាជ្ញាធរ​រដ្ឋាភិបាល ក្នុង​រឿង​ដី​ព្រលាន​យន្តហោះ ព្រម​ទាំង​ជម្លោះ​រវាង​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​។

បន្ទាប់​ពី​ស្តាប់​ប្រជាពលរដ្ឋ​លើក​ឡើង​ពី​បញ្ហា​ដី​ធ្លី​នោះ លោក​កឹម សុខា បាន​ស្នើ​ដល់​ក្រុម​ប្រឹក្សា​ឃុំ ស្រុក និង​ក្រុម​ប្រឹក្សា​ខេត្ត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រមូល​ឯកសារ ហើយ​ស្នើ​សុំ​អន្តរាគមន៍​នៅ​ថ្នាក់​ខេត្ត​។ បន្ទាប់​មក លោក​កឹម សុខា ឲ្យ​គេ​បញ្ជូន​ឯកសារ​ជម្លោះ​ដី​ធ្លី​ទាំង​នោះ មក​កាន់​រូប​លោក​ក៏​បាន ឬ​ក៏​ទៅ​កាន់​លោក អេង ឆៃអ៊ាង ជា​អ្នក​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​របស់​រដ្ឋ​សភា ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដី​ធ្លី​។

លោក កឹម សុខា បាន​បញ្ជាក់​ថា នៅ​ពេល​សព្វ​ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ការ​យក​ចំណេញ​ខាង​នយោបាយ ដូច​មុន​ទេ​។

ជាមួយ​គ្នា​នោះ លោក​កឹម សុខា ក៏​បាន​ថ្លែង​ព្រមាន​ទៅ​កាន់​គណបក្ស​ជា​គូ​ប្រជែង​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ នៅ​ពេល​នេះ​ទេ  នោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល នឹង​ចាញ់​ឆ្នោត នៅ​អាណត្តិ​ក្រោយ ពិសេស​នៅ​ខេត្ត​ព្រះវិហារ ដែល​មាន​អាសនៈ​រដ្ឋ​សភា​តែ​មួយ​កៅអី គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ដាច់​តែ​ម្តង​។

យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​កឹម សុខា​ខាង​លើ ថា​ជា​សារ​ពាណិជ្ជកម្ម ដើម្បី​មុខ​មាត់ តែលោក​កឹម សុខា គ្មាន​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ​។ បញ្ហា​ដីធ្លី ត្រូវ​បាន​លោក​ផៃ ស៊ីផាន ដែល​ធ្លាប់​ធ្វើ​ការ​ក្នុង​អង្គការ​សិទ្ធិ​មនុស្ស​ជាមួយ​លោក​កឹម សុខា បាន​អះអាង​ថា រដ្ឋាភិបាល​បាន​ដោះស្រាយ កាត់​បន្ថយ​ជម្លោះ​ ក្នុង​រយៈ​ពេល​បួន​ប្រាំ​ឆ្នាំ​នេះ​ ហើយ​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ជប៉ុន គឺ​កម្ពុជា ដោះស្រាយ​បាន​ច្រើន​ជាង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ