អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក មុត ចន្ថា​៖ ​ជំងឺ​លោក​កឹម សុខា មិន​អាច​ទុក​យូរ​បាន​ត​ទៅ​ទៀត​ទេ គឺ​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​

ទីប្រឹក្សា និង ជា​មនុស្ស​ជំនិត​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ស្ថាន​ភាព​ជំងឺ​គៀប​សរសៃ​ស្មា​ខាង​ឆ្វេង​របស់​លោក កឹម សុខា។ ជំងឺ​លោក កឹម សុខា​នេះ បាន​អូស​បន្លាយ​ពេល​មិន​បាន​ព្យាបាល​ជិត​២ឆ្នាំ​មក​ហើយ​។ ប្រឈម​នឹង​បញ្ហា​នេះ លោក មុត ចន្ថា ដោយ​ផ្អែក​ទៅ​លើ​សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋា​ភិបាល​កម្ពុជា នឹង​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ចេញ​ទៅ​ព្យាបាល​ជំងឺ​បាន​ត្រឹម​ត្រូវ​។ 

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​គណនី​ហ្វេសប៊ុក​នៅ​ថ្ងៃ​ចន្ទ​នេះ លោកមុត ចន្ថា បាន​សរសេរ​បង្ហាញ​ឱ្យ​ដឹង​ថា សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព ឬ​សិទ្ធិ​សុខភាព គឺ​ជា​សិទ្ធិ​រស់​រាន​មាន​ជីវិត​សម្រាប់​មនុស្ស​គ្រប់​រូប​ដោយ​គ្មាន​ការ​រើស​អើង​។ ដូច្នេះ​ហើយ ពលរដ្ឋ​មាន​ជំងឺ​ដោយ​មិន​គិត​ពី​ឋានៈ គឺ​មាន​សិទ្ធិ​ស្វែង​រក​ការ​ពិនិត្យ និង​ព្យាបាល​សុខភាព​តាម​ជម្រើស​របស់​ខ្លួន ហើយ​ក្នុង​ករណី​គ្មាន​លទ្ធភាព​ផ្ទាល់​ខ្លួន រដ្ឋ​មាន​កាតព្វ​កិច្ច​ផ្តល់​ការ​ពិនិត្យ និង​ព្យាបាល​ដោយ​ពុំ​គិត​ថ្លៃ​នៅ​ក្រោម​គោល​ការណ៍​មួយ​រដ្ឋ​មិន​ទុក​ឲ្យ​ពលរដ្ឋ​មាន​ជំងឺ​ដេក​ស្លាប់ ដោយ​ពុំ​ទទួល​បាន​ការ​ពិនិត្យ និង​ព្យា​បាល​ឡើយ​។

លោក​មុត ចន្ថា លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​នេះ គឺ​ដើម្បី​ទាញ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ភាព​ជំងឺ​គៀប​សរសៃ​ស្មា​ខាង​ឆ្វេង​រប​ស់​លោក​កឹម សុខា ដែល​មិន​ទាន់​ទទួល​បាន​ការ​ព្យាបាល​។ លោក​ថា ជំងឺ​លោក​កឹម សុខា មិន​អាច​អូស​បន្លាយ​យូរ​ត​ទៅ​ទៀត​ទេ ហើយ​លោក​សង្ឃឹម​ថា រដ្ឋា​ភិបាល​កម្ពុជា​នឹង​ធានា​សិទ្ធិ​សុខភាព​របស់​លោក កឹម សុខា ។ លោក​មុត ចន្ថា ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ការ​បន់​ឲ្យ​មនុស្ស​ស្លាប់ ឬ​ដាក់​បណ្តា​សា​ឱ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ឬ​ការ​រារាំង​គ្រប់​មធ្យោបាយ​មិន​ឱ្យ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់​រាន​មាន​ជីវិត ឬ​អាច​ឈាន​ដល់​ការ​ដក​ហូត​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ​។

ប៉ុន្តែ លោក​ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​គូស​បញ្ជាក់​តប​វិញ​ថា ការ​អនុវត្ត​សិទ្ធិ​របស់​នរណា​ម្នាក់​គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់​។ ជាក់​ស្តែង ករណី​លោក​កឹម សុខា គឺ​សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំ​សុខភាពរបស់​លោក គឺ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់ ព្រោះ​លោក​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​។ បើ​តាម​លោក​ជិន ម៉ាលីន ការ​កំណត់​តាម​ច្បាប់​លើ​សិទ្ធិ​របស់​លោក​កឹម សុខា​នេះ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ដំណើរ​ការ​បំបែក​សំណុំ​រឿង​របស់​លោក​។

ជា​ការ​កត់​សម្គាល់ ការ​លើក​ពី​ស្ថាន​ភាព​ជំងឺ​លោក​កឹម សុខា និង ចង់​ឱ្យ​មាន​ការ​ព្យាបាល​លោក​បាន​ត្រឹម​ត្រូវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​មុត ចន្ថា​បាន​សង្កេត​ឃើញ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដែល​មាន​ជំងឺ​ត្រង់​ស្មា​ដូច​លោក​កឹម សុខាដែរ តែ​បាន​ទៅ​ព្យាបាល​យ៉ាង​ត្រឹម​ត្រូវ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​។ ចំណែក​លោក​កឹម សុខា ដែល​ជា​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​ត្រូវ​បន្ត​ទទួល​ការ​យាយី​ពី​ជំងឺ​មិន​អាច​ចេញ​ទៅ​ព្យាបាល​បាន​។

សូម​បញ្ជាក់​ថា លោក​កឹម សុខា មាន​ជំងឺ​គៀប​សរសៃ​ស្មា​ខាង​ឆ្វេង​តាំង​ពី​ឆ្នាំ​២០១៥ ហើយ​លោក​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្តែ​លោក​កឹម សុខា បាន​ខក​ខាន​ជា​បន្ត​បន្ទាប់ រហូត​ដល់​លោក​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ឆ្នាំ២០១៧ ក្រោម​ការ​ចោទ​ប្រកាន់​ក្បត់​ជាតិ​។ កន្លង​មក ក្រុម​មេធាវី​របស់​លោក​កឹម សុខា ក៏​បាន​ធ្លាប់​បាន​ស្នើ​សុំ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ច្រើន​ដង​ដែរ ដើម្បី​នាំ​យក​លោកកឹម សុខា ទៅ​ព្យាបាល​ជំងឺ​នៅ​ឯមន្ទីរ​ពេទ្យ​ដែរ តែ​ត្រូវ​បាន​ចៅ​ក្រម​ច្រាន​ចោល​រហូត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ