អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ប្រាប់​ក្រុម​និស្សិត​ថា មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​លោក កឹម សុខា ជុំ​វិញ​បញ្ហា​ខ្សែ​អាត់​សំឡេង

អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ពុំ​បាន​ទទួល​ប្រតិកម្ម​ឬ​ការ​ឆ្លើយ​បំភ្លឺ​អ្វី​ឡើយ​ពី​លោក កឹម សុខា ជុំ​វិញ​បញ្ហា​ខ្សែ​អាត់​សំឡេង ដែល​សង្ស័យ​ថា​ជា​សំឡេង​លោក កឹម សុខា និងនារី​ឈ្មោះ ស្រី​មុំ​។ នេះ​គឺ​ជា​ខ្លឹមសារ​លិខិត​ដែល​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា សរសេរ​ទៅ​កាន់​លោក ស្រី ចំរើន​ ឆ្លើយ​តប​ទៅ​នឹង​ញត្តិ​ចំនួន​ពីរ​របស់​មេ​ដឹក​នាំ​ក្រុម​យុវជន​រូប​នេះ​។ សូម​ជម្រាប​ជូន​ថា បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ឆ្លើយ​បំភ្លឺ​ពី​លោក កឹម សុខា ក៏​ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​កោសល្យ​វិច័យ និង​ស៊ើប​អង្កេត​លើ​ខ្សែ​អាត់​សំឡេង​នោះ​រួច​ហើយ​​។ និង​ថែម​ទាំង​បាន​ឈាន​ទៅ​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​លោក កឹម សុខា ទៀត​ផង​។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​សរសេរ​ទៅ​លោក ស្រី ចំរើន លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​​រដ្ឋសភា បាន​អះអាង​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ទៅ​កាន់​លោក កឹម សុខា ដើម្បី​ស្នើ​សុំ​ឲ្យ​លោក កឹម សុខា ពិនិត្យ​ ពិចារណា បំភ្លឺឲ្យ​បាន​ឆាប់ ចំពោះ​ញត្តិ​ដែល​លោក ស្រី ចំរើន និង​ក្រុម​យុវជន​បាន​ដាក់​នា​ពេល​កន្លង​មក​។ ​លិខិត​ទី​១ ធ្វើ​នៅ​ថ្ងៃ​ទី​២១​ខែ​មីនា​។ ចំណែក​លិខិត​ទី​២ ធ្វើ​នៅ​ថ្ងៃ​ទី​២៨​មីនា​។ ការ​ផ្ញើ​លិខិត​ទាំង​ពីរ​នោះ​ទៅ​លោក កឹម សុខា អគ្គលេខាធិការដ្ឋាន​ក៏​បាន​ភ្ជាប់​ជូន​ផង​ដែរ ញត្តិ​​ដែល​ក្រុម​និស្សិត​យក​មក​ដាក់​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៥​មីនា​កន្លង​ទៅ​។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា ពុំ​ទាន់​បាន​ទទួល​ប្រតិកម្ម​ឬ​ការ​ឆ្លើយ​បំភ្លឺ​អ្វី​​ពី​លោក កឹម សុខា ជុំ​វិញ​បញ្ហា​ខ្សែ​អាត់​សំឡេងនៅ​ឡើយ​ទេ​។

 
សូម​រំលឹក​ថា លោក ស្រី ចំរើន ​បាន​ដឹក​នាំ​ក្រុម​យុវជន​ទៅ​ដាក់​ញត្តិ​សុំ​ការ​បំភ្លឺ​ពី​លោក កឹម សុខា នៅ​វិមាន​រដ្ឋសភា ចំនួន៣​ដងរួច​មក​ហើយ​​។ ក្រៅ​ពី​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្រុម​យុវជន​ក៏​បាន​យក​ញត្តិ​ទៅ​ដាក់​នៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ដោយ​មាន​ខ្លឹមសារ​ស្នើ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លោក កឹម សុខា ផ្ដល់​ថវិកា​ឲ្យ​ស្រី​កំណាន់​ទិញ​ផ្ទះ និង​បើក​របរ​រកស៊ី​​។

 
ក្រោយ​​ការ​ស៊ើប​អង្កេត និង​​ធ្វើ​កោសល្យ​វិច័យលើ​ខ្សែ​អាត់​សំឡេង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU បាន​ប្រកាស​ថា ខ្សែ​អាត់​សំឡេង​នោះ ជា​សំឡេង​របស់​លោក កឹម សុខា និង​នារី​ឈ្មោះ ស្រី​មុំ ពិត​ប្រាកដ​មែន​។ តាម​រយៈ​ពាក្យ​បណ្ដឹង​របស់​ក្រុម​និស្សិត​ដឹក​នាំ​ដោយ​លោក ស្រី ចំរើន ACU បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ជំហាន​ទៀត ដោយ​សម្រេច​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យ​សម្បត្តិទាំង​បី​លើក ​របស់​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ការងារ​នេះ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ​មើល និង​ផ្ទៀង​ផ្ទាត់​ឲ្យ​ដឹង​ការ​ពិត​ថា​តើ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ ត្រឹម​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ​។ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​ថា ក្រុម​ការងារ​កំពុង​តែ​ធ្វើ​ការ​សង្ខេប និង​ឈាន​ទៅ​ពិនិត្យ​មើល​លទ្ធផល​នៅ​ក្នុង​សប្ដាហ៍​នេះ​តែ​ម្ដង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ