អានតួអត្ថបទ
កម្ពុជា-នយោបាយ

សំណុំរឿងស្នេហាលួចលាក់លោក កឹម សុខា និងស្រីមុំ អូសទាញអ្នកពាក់ព័ន្ធបាន ១៦នាក់ហើយ

 នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​សាក​សួរ នាយក​ប្រតិបត្តិមជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ជា​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់​ទង​នឹង​សំណុំ​រឿងស្នេហា​លួច​លាក់​របស់​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់​ដារាទី ហៅ​ស្រី​មុំ។ មក​ទល់​នឹង​ពេល​នេះ​ អ្នកពាក់​ព័ន្ធ​នឹង​សម័្ពន្ធ​ភាព​ ស្នេហា​មួយ​នេះ​បាន​បន្ថែម​បញ្ជី​ឈ្មោះ​ក្នុង​សមត្ថកិច្ច​តុលាការ​ ១៦​រូប​ហើយ។​

លោក កឹម សុខា ពេលចូលទៅបំភ្លឺនៅតុលាការក្រុង ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤។
លោក កឹម សុខា ពេលចូលទៅបំភ្លឺនៅតុលាការក្រុង ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

គិត​មក​ដល់​ពាក់​កណ្តាល​ខែ​សីហា ២០១៦ នេះ អ្នក​ពាក់ព័ន្ធ​នៅ​តុលាការ​ ក្នុង​សំណុំ​រឿង ស្នេហា​លួចលាក់ របស់​លោក កឹម សុខា និង អ្នក​នាង ខុម ចាន់​ដារាទី កើន​ឡើង​ដល់ ១៦​នាក់ ហើយ បើ​រាប់​ទាំង អ្នក​ចេញ​មុខ​ តាំង​ខ្លួន​ជា​ដើម​បណ្តឹង ៣​រូប អ្នក​ត្រូវ​ឃុំ​ខ្លួន ៦​រូប អ្នក​រង​ការ​ចោទ​ប្រកាន់ ៣​រូប និង​សាក្សី ៤រូប ដែល​ត្រូវ​តុលាការ​កោះ​ហៅ មក​សាកសួរ​ជា​បន្ត​បន្ទាប់​។

ផ្ដើម​ចេញ​ពី​សាក្សី លោក ប៉ា ងួន​ទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨​សីហា​។ លោក ប៉ា ងួន​ទៀង បាន​បញ្ជាក់​ថា លោក​នឹង​ចូល​បង្ហាញ​ខ្លួន​តាម​ការ​ណាត់​របស់​តុលាការ ក្នុង​នាម​ជា​សាក្សី ជុំវិញ​ដំណើរ​រឿង​ សូកប៉ាន់​សាក្សី​។ លោក ប៉ា ងួន​ទៀង ជា​សាក្សី​ទី​បី ក្នុង​នាម​ជា​សង្គម​ស៊ីវិល​ បន្ទាប់​ពី អ្នក​ស្រី ធីតា ឃិះ នាយិកា ​ប្រតិបត្តិ​នៃ​អង្គការ​សីលការ និង អ្នកស្រី អ៊ាង គឹមលី មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្តព្រៃវែង ដែល​ត្រូវ​តុលាការ សាក​សួរ​លើ​រឿង​តែ​មួយ ពាក់​ព័ន្ធ​នឹង​សម័្ពន្ធ​ភាព​ស្នេហា​លួច​លាក់ ​រវាង អនុប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ ក្នុង​សំណុំ​រឿងដដែល កាល​ពី​សប្តាហ៍​មុន (ថ្ងៃទី១២ សីហា​ ២០១៦) ប្រធាន​ផ្នែក​ស្រ្តី​ប្រចាំ​សមាគម​អាដហុក គឺ អ្នកស្រី ឆន សុគន្ធា ម្នាក់​ទៀត ក៏ត្រូវ​តុលាការ​កោះ​ហៅ ជា សាក្សី​ទី​បួន​ ដើម្បី​សាក​សួរ នៅ​ថ្ងៃ​ទី​២៤ សីហា ២០១៦ ខាង​មុខ ផង​ដែរ។

ងាក​មក​ដើម​បណ្តឹង​ទាំង​បី ដែល​គេ​ស្គាល់ ​រួម​មាន​ លោក ស្រី ចំរើន ដែល​អះអាង​ខ្លួន​ថា​ជា និស្សិត ​បាន​ប្តឹង​លោក កឹម សុខា ពី​បទ​ពុក​រលួយ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ថ្ងៃទី​១៨​ មីនា ២០១៦)។ អ្នកនាង ខុម ចាន់​តារាទី ស្រីមុំ រស់​នៅ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី (ថ្ងៃ​ទី​២២​ មេសា ២០១៦)​ ប្តឹង​លោក កឹម សុខា ទារ​សំណង​ជំងឺ​ចិត្ត ៣០ ម៉ឺន​ដុល្លារ ដោយនាង​យល់​ថា លោក កឹម សុខា ធ្វើ​ឲ្យ​រូប​នាង​ខាត​បង់​សេដ្ឋកិច្ច​គ្រួសារ និង​ខូច​ខាត​កិត្តិយស សេចក្តី​ថ្លៃថ្នូរ។ ដើម​បណ្តឹង​ទី​បី គឺ កញ្ញា ធី សុវណ្ណថា ដែល​បាន ​បណ្ដឹង លោក កឹម សុខា (នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា) ទាម​ទារ​ប្រាក់ ១​លាន​ដុល្លារ ​ពី​បទ​បរិហារ​កេរ្តិ៍ ទាក់ទង​នឹង​សំណុំ​រឿង​ខ្សែ​អាត់​សំឡេង។

ដោយ​ឡែក អ្នក​ត្រូវ​ជាប់​ឃុំ​ទាំង​ប្រាំ​មួយ​រួម​មាន លោក ស៊ាង ចែត មេឃុំ​ស្រក ស្រុក​កំពង់​សៀម ដែល​ត្រូវ សាលា​ដំបូង​រាជធានី​ភ្នំពេញ ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា ដោយ​ចោទ​ពី បទ​សូក​ប៉ាន់​សាក្សី ។ ​ចំណែក មន្ត្រី​អាដហុក និង គជប ​ចំនួន ៥ រូប​ ទៀត រួម​មាន លោក ​ណៃ វ៉ង់ដា លោក ​នី សុខា លោក ​យី សុខសាន្ត ​អ្នក​ស្រី​ លឹម មុនី និង​ លោក នី​ ចរិយា អគ្គ​លេខាធិការ​រង​នៃ គ.ជ.ប ត្រូវ​បាន ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី និង​បទ​សម​គំនិត​សូកប៉ាន់​សាក្សី នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា។

គួរ​រំលឹក​ដែរ​ថា តុលាការ​ក្រុង​ភ្នំពេញ​ ធ្លាប់​បាន​កោះ​ហៅ តំណាង​រាស្រ្ត​បី​រូប គឺ ​លោក កឹម សុខា  លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា មក​បំភ្លឺ​តាម​ការ​ចោទ​ប្រកាន់​របស់ ស្រី មុំ ក្នុង​នាម​ជា​សាក្សី និង​ទាក់ទង​នឹង​សំណុំ​រឿង​សញ្ចារកម្ម ប៉ុន្តែ​​អ្នក​ទាំង​៣ មិន​ដែល​មក​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ឡើយ។ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក កឹម សុខា ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន ២​លើក​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ រហូត​មកដល់​ពេល​នេះ លោក កឹម សុខា បាន​ប្រកាន់​យក​គោលជំហរ​មិនឆ្លើយ មិនឆ្លង និង​មិន​ឈ្លោះ ចំពោះទំនាក់​ទំនង​មួយ​នេះ ហើយ​បាន​សម្ងំ​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​របស់​តុលាការ នៅ​ទី​ស្នាក់ការ​គណបក្ស ​តាំងពី​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ មក​ម៉្លេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ