អានតួអត្ថបទ
កម្ពុជា

អង្គការ​ការពារ​សិទ្ធិ​​ស្ដ្រី​៖ ករណី​កញ្ញា​ស្រី​មុំ ជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​

ករណី​កញ្ញា​ស្រី​មុំ ឬ ខុម ចាន់តារាទី ដែល​ត្រូវ​បាន​ប្រភព​អនាមិក​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ត្រូវ​បានក្រុម​​អង្គការ​ការពារ​សិទ្ធិ​ស្ដ្រី​មើល​ឃើញ​ថា ជា​ការ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​របស់​គណបក្ស​នយោបាយ​។ លើស​ពីនេះ ការ​ទម្លាយ​ខ្សែ​អាត់​សំឡេង និង​ដីកា​កោះ​ហៅ​របស់​តុលាការ​ចំពោះ​កញ្ញា ខុម ចាន់តារាទី កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​កិត្តិយស ​កេរ្តិ៍​ឈ្មោះ សេចក្ដី​ថ្លៃ​ថ្នូ​រ និង​ជីវភាព​របស់​នាង​យ៉ាង​ខ្លាំង​។ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃ​ទី​៨​មេសា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ និង​គណបក្ស​នយោបាយ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​នេះ ដោយ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកប​ដោយ​ប្រសិទ្ធិភាព និង​តម្លាភាព​។

កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​
កញ្ញា​ ​ខុម​ ចាន់​ដារ៉ាទី ​ហៅ​ស្រីមុំ ​ដែល​ជាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ស្នេហា ​ជាមួយ​លោក​កឹម សុខា ​បាន​ចូល​ទៅ​ផ្តល់​ចម្លើយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​រូប​នាង​មាន​មេធាវី​ការពារ​ក្តី​ ផ្តល់​ដោយ​អាដហុក​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ករណី​កញ្ញា​ស្រី​មុំ ឬ ខុម ចាន់តារាទី ដែល​ត្រូវ​បាន​ប្រភព​អនាមិក​និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ទម្លាយ​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា គឺ​ជា​បញ្ហា​ហិង្សា​ផ្អែក​លើ​យេនឌ័រ ដែល​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​។ សម្រាប់​អង្គការ​សង្គម​ស៊ីវិល សំណុំ​រឿង​របស់​កញ្ញា​ស្រី​មុំ បើ​ទោះ​បី​វា​ជា​រឿង​ពិត វា​គឺ​ជា​រឿង​ជីវិត​ឯកជន​សុទ្ធ​សាធ​។ ហើយ​បុគ្គល​តែ​ម្នាក់​គត់​ដែល​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ គឺ​ភរិយា​របស់​លោក កឹម សុខា ដោយផ្អែក​លើ​ច្បាប់​ស្ដី​ពី​ឯកពន្ធភាព​។

រហូត​មក​ទល់​ពេល​នេះ ទាំង​លោក កឹម សុខា និង​ភរិយា បន្ត​រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​។ ប៉ុន្តែ​ជាការ​កត់​សម្គាល់ តុលាការ​បាន​​ចេញ​ដី​កា​កោះ​ហៅ​កញ្ញា​ស្រីមុំ ដោយ​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​២​ចំនួន​ពីរ គឺ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង​ក្លាយ និង​មាន​អំពើ​ពេស្យាចារ​។ អង្គការ​សង្គម​ស៊ីវិល​ហៅ​ដី​កា​កោះ ព្រម​ទាំង​បទ​ចោទ​របស់​តុលាការ​ថា ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ឈរ​លើ​មូលដ្ឋាន​ផ្លូវ​ច្បាប់ប្រទេស​កម្ពុជា​ឡើយ​។

សម្រាប់​អង្គការ​សង្គម​ស៊ីវិល ការ​ទម្លាយ​ខ្សែ​អាត់​សំឡេង និង​ដីកា​កោះ​ហៅ​របស់​តុលាការ​ចំពោះ​កញ្ញា ខុម ចាន់តារាទី គឺ​ជា​​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​របស់​គណបក្ស​នយោបាយ​។ វា​ក៏​បាន​​​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំង​ដល់​កិត្តិយស ​កេរ្តិ៍​ឈ្មោះ សេចក្ដី​ថ្លៃ​ថ្នូ​រ ជីវភាព និង​សុខភាព​ផ្លូវ​ចិត្ត​របស់​នាង​យ៉ាង​ខ្លាំង​។ ក្រុម​អង្គការ​សង្គម​ស៊ីវិលមាន​ជា​អាថិ៍ អង្គការ​អាដហុក អង្គការ​សីលការ អង្គការ​ខុម​ហ្វ្រែល និង​អង្គការ​យេនឌ័រ​និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ជា​ដើម ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្ថាប័ន​តុលាការ និង​គណបក្ស​នយោបាយ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្នុងការ​ដោះ​ស្រាយ​​បញ្ហា​នេះ ដោយ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រកប​ដោយ​ប្រសិទ្ធិភាព និង​តម្លាភាព​។

ក្នុង​នោះ រដ្ឋាភិបាល​ត្រូវ​គោរព​និង​ការពារ​សិទ្ធិ​ស្ដ្រី និង​ត្រូវ​ស្វែង​រកមធ្យោស្រាយ​ដើម្បី​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​បំពាន គំរាម​កំហែង​លើ​សិទ្ធិ​បុគ្គល និង​ត្រូវ​ធ្វើ​ការ​ផ្ដន្ទាទោស​ដល់​ជន​ណា​ដែល​បាន​បរិហារកេរ្តិ៍ គំរាម​កំហែង ក៏​ដូច​ជា​​ចោទ​ប្រកាន់​ដោយ​គ្មាន​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹម​ត្រូវ​។ ចំណែក​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ក្រុម​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ប្រើ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ប្រកប​ដោយ​តម្លាភាព​និង​យុត្តិធម៌​។ គណបក្ស​នយោបាយ​វិញ ត្រូវ​តែ​ប្រកួត​ប្រជែង​គ្នា​ដោយ​តម្លាភាព ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។

គួរ​ជម្រាប​ជូន​ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​៧​មេសា ដោយ​សារ​មិន​មាន​មេធាវី​ការពារ​ក្ដី​។ ដីកា​កោះ​របស់​តុលាការ តម្រូវ​ឲ្យ​កញ្ញា ខុម ចាន់តារាទី ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨​មេសា​នេះ ជុំ​វិញ​បញ្ហា​ខ្សែ​អាត់​សំឡេង​ដែល​ត្រូវ​បាន​គេ​ទម្លាយ​នា​ពេល​កន្លង​មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ