ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

​លោក ​សម ​រង្ស៊ី​ថា ​ដោយ​សារ​តែ​លោក​ កឹម សុខា ​មិន​ព្រម​បែក​ពី​លោក​ទើប​ត្រូវ​នៅ​បន្ត​ឃុំ​ឃាំង​ក្នុង​ផ្ទះ​

media  
លោក ​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ @Sam Rainsy Facebook

ពី​សហ​រដ្ឋ​អាមេរិក លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ជា​ថ្មី​ថា លោក និង​លោកកឹម សុខា គឺ​ជា​មនុស្ស​តែ​មួយ​មិន​បាន​បែក​បាក់​គ្នា​ទេ​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ហាក់​កំពុង​មាន​ចរន្ត​មិន​ត្រូវ​គ្នា​រវាង​សម រង្ស៊ី​និយម និង​កឹម សុខា​និយម។ សម្រាប់​លោក​សម រង្ស៊ី នេះ​គឺ​ជា​រឿង​តូច​តាច ហើយ​ថា​លោក​កឹម សុខា គ្មាន​ជំហរ​បែក​ពី​លោក​ឡើយ​ ព្រោះ​បើ​ចង់​បែក​នោះ គឺ​លោក​កឹម សុខា ត្រូវ​រួច​ពី​ការ​ឃុំ​ខ្លួន​ហើយ​។ 

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កាសែត​The Cambodia Daily khmer កាល​ពី​ថ្ងៃ​ចន្ទ លោក​សម រង្ស៊ី បាន​អះអាង​ថា តាំង​ពី​លោក​កឹម សុខា ត្រូវ​យក​មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​មិន​ដែល​បាន​ទាក់​ទង​ដោយ​ផ្ទាល់​តាម​មធ្យោ​បាយ​ណា​មួយ​ជាមួយ​លោក​កឹម សុខា ឡើយ ព្រោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​លោក​កឹម សុខា ទាក់​ទង​ជា​មួយ​អ្នក​ខាង​ក្រៅ​។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​លើក​ឡើង​ថា លោក​យល់​ចិត្ត​លោក​កឹម សុខា​។ លោកកឹម សុខា ដែល​មាន​ជំហរ​រឹង​មាំ​មិន​ព្រម​បែក​ពី​លោក​។ តាម​លោក​សម រង្ស៊ី ប្រសិន​បើ​លោក​កឹម សុខា​ មាន​គំនិត​ចង់​បែប​ពី​លោក​នោះ គឺ​លោក​កឹម សុខា នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរី​ភាព​វិញ​ហើយ​។ ប៉ុន្តែ​ដោយ​សារ​លោក​កឹម សុខា មិន​ព្រម​បែក ទើប​ត្រូវ​នៅ​បន្ត​ជាប់​ឃុំ​ឃាំង​។

រហូត​មក​ដល់​ពេល​នេះ សំណុំ​រឿង​លោក​កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ​។ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​តែ​បន្ត​បើក​ការ​ស៊ើប​អង្កេត​ដោយ​បាន​កោះហៅ​សាក្ស៊ី​មក​សួរ​នាំ​ជា​ហូរ​ហែរ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​មុន​បាន​ឡើយ​ ថា​តើ​ការ​ស៊ើប​អង្កេត​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​។ ប៉ុន្តែ លោក​សម រង្ស៊ី មាន​ជំនឿ​ថា លោក​កឹម សុខា នឹង​ត្រូវ​ដោះ​លែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​សារ​តែ​គំនាប​ដាក់​ទណ្ឌ​កម្ម​ពី​អន្តរជាតិ​។ លោក​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​កម្ពុជា​ចង់​គេច​ផុត​ពី​ទណ្ឌ​កម្ម​អន្តរ​ជាតិ​នេះ គឺ​ត្រូវ​តែ​ដោះ​លែង​លោក​កឹម សុខា​។

ជា​ការ​កត់​សម្គាល់ ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កំពុង​បន្ត​នីតិ​វិធី​លើ​លោក​កឹម សុខា ស្រាប់​តែ​តុលា​ការ​ក៏​បាន​ចេញ​ដី​កា​ដាច់​ដោយ​ឡែក​ពី​គ្នា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៨​នាក់​ក្នុង​នោះ​ក៏​មាន​ទាំង​លោក​សម រង្ស៊ី ផងដែរ​ពី​បទ​រួម​គំនិត​ក្បត់ និងញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ តំណាង​រាស្រ្ត និង​មន្រ្តី​អតីតបក្ស​ប្រឆាំង​៥នាក់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ពី​រដ្ឋា​ភិបាល​កម្ពុជា​។

ទិដ្ឋ​ភាព​នេះ បង្ក​ឱ្យ​មាន​ការ​ជេរ​ប្រទេច និង លាប​ពណ៌​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ខ្លះ​មាន​ទំនោរ​ទៅ​រក​លោក​សម រង្ស៊ី និង​ខ្លះ​ទៀត​ទៅ​រក​លោក​កឹម សុខា។ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​លោក​សម រង្ស៊ី ចាត់​ទុក​ថា ជា​រឿង​កំប៉ិក​កំប៉ុក និង ជា​រឿង​បុគ្គល ហើយ​លោក​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​ជំហរ​របស់​លោក​កឹម សុខា​ទៅ​វិញ​ទេ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ