អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក កឹម សុខា ប្រាថ្នា​សុំ​សិទ្ធិ​សេរីភាព​និង​យុត្តិធម៌ សម្រាប់​ថ្ងៃ​កំណើត​គម្រប់​៦៦​ឆ្នាំ​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​ប្រាថ្នា​សុំ​សេចក្ដី​សុខ សន្តិភាព សិទ្ធិ​សេរីភាព វឌ្ឍនភាព និង​យុត្តិធម៌ សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​។ សេចក្ដី​ប្រាថ្នា​របស់​លោក កឹម សុខា ដូច្នេះ ធ្វើ​ឡើង​នា​ឱកាស​ដែល​លោក​ចម្រើន​វ័យ​គម្រប់​៦៦​ឆ្នាំ ឈាន​ចូល​៦៧​ឆ្នាំ​នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ​ និង​ខណៈ​ដែល​លោក​កំពុង​បន្ត​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​។ 

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា ឆ្នាំ២០១៨ (រូបភាពឯកសារ))
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា ឆ្នាំ២០១៨ (រូបភាពឯកសារ)) @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​តប​ទៅ​កាន់​ពលរដ្ឋ​ដែល​ផ្ញើ​សារ​ជូន​ពរ​ខួប​កំណើត​គម្រប់​៦៦​ឆ្នាំ ឈាន​ចូល​៦៧​ឆ្នាំ លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា ទឹក​ចិត្ត​និង​សេចក្ដី​នឹក​រឭក​របស់​ជន​រួម​ជាតិ បាន​ផ្ដល់​ជា​កម្លាំង​ចិត្ត​និង​ថាមពល​ដល់​រូប​លោក។ កម្លាំង​ចិត្ត​និង​ថាមពល​នេះ បាន​ជំរុញ​​ឲ្យ​លោក​បន្ត​នូវ​ស្មារតី​ស្នេហា​ជាតិ បើ​ទោះ​បី​ជា​រូប​កាយ​របស់​លោក​បាន​បាត់បង់​សេរីភាព​អស់​ជិត​២​ឆ្នាំ​មក​ហើយ​ក្ដី​។

សូម​ជម្រាប​ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ឃុំ​ខ្លួន​នៅពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​អស់​រយៈ​ពេល​មួយ​ឆ្នាំ មុន​នឹង​ត្រូវ​បានអនុញ្ញាត​ឲ្យ​ត្រឡប់​មក​ស្នាក់​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក កាល​ពី​ថ្ងៃ​ទី​១០​កញ្ញា​ឆ្នាំ​២០១៨​។ តុលាការ​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។

ថ្វី​ដ្បិត​តែ​ត្រូវ​ឃុំ​ក្នុង​ផ្ទះ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ប៉ុន្តែ​លោក កឹម សុខា អះអាង​ថា មនោសញ្ចេតនា​របស់​លោក​ចំពោះ​ប្រជាជាតិ​កម្ពុជា គឺ​មិន​មាន​អ្វី​អាច​រារាំង​បាន​ឡើយ​។ សម្រាប់​លោក កឹម សុខា ដរាប​ណា​ព្រះ​អាទិត្យ​នៅ​តែ​រះ លោក​នៅ​តែ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​បាន​ជួប​ជុំ​និង​បម្រើ​ប្រជាជាតិ​ខ្មែរ​ត​ទៅ​ទៀត​។ និង​ថា មិន​ថា​រង​ទុក្ខ​ឬ​ការ​ធ្វើ​បាប​តាម​រូប​ភាព​ណា លោក កឹម សុខា មិន​ស្ដាយ​ក្រោយ​ឡើយ​ដែល​បាន​បូជា​ជូន​ជាតិ និង​ប្រជាពលរដ្ឋ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេយ្យ និង​ការ​ផ្សះផ្សា​ជាតិ​។

រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​និង​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ លោក កឹម សុខា បាន​ប្រាថ្នា​សុំ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ សម្រាប់​ឱកាស​ថ្ងៃ​ខួប​កំណើត​របស់​លោក នៅ​ថ្ងៃ​ទី​២៧​មិថុនា​នេះ​។ ប្រធាន​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​បួងសួង​សុំ​សេចក្ដី​សុខ សន្តិភាព និង​វឌ្ឍនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ