ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

​សំណុំ​រឿង​ឧក​ញ៉ា​ គិត ធាង ​ជាមួយ​នឹង​គ្រឿង​ញៀន​នៅ​រ៉ុក​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្រុង​ភ្នំពេញ​

media  
ក្លឹបរ៉ុក @FB

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នក​ឧកញ៉ា​គិត ធាង ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ត្រូវ​បាន​កង​កម្លាំង​ស្នង​ការ​រាជធានី​ភ្នំពេញ​បញ្ចូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​។ ប៉ុន្តែ​គិត​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បង្ហាញ​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​សាក​សួរ​លើ​អ្នក​ឧកញ៉ា​គិត ធាង​នៅ​ឡើយ​ទេ​។ 

ឧក​ញ៉ា​គិត ធាង ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញ​នាំ​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​រាជ​ធានី​ភ្នំពេញ កាល​ពី​ល្ងាច ថ្ងៃទី១១ ខែ​មីនា ទៅ​តាម​ដីកា​របស់​តុលា​ការ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​រឿង​គ្រឿង​ញៀន នៅ​មជ្ឈ​មណ្ឌល​កំសាន្ត​រ៉ុក​។ លោក​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​នាំ​ខ្លួន​អ្នក​ឧកញ៉ា​គិត ធាង​នេះ គឺ​ដោយ​សារ​តែ​លោក​ជា​ម្ចាស់​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​។

ការ​នាំ​ខ្លួន និង​ឃាត់​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​វែក​រក​ឱ្យ​ឃើញ​នូវ​មេខ្លោង​នៃ​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ជិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​។ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​ស្នើ​ឱ្យ​តុលាការ​ដំណើរ​ការ​រឿង​ក្តី​នេះ​ឱ្យ​មាន​ម៉ឹង​ម៉ាត់ និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ឱ្យ​ធ្ងន់​ធ្ងរ​ដល់​អ្នក​ពាក់​ព័ន្ធ​ផង​ដែរ​។ សម្រាប់លោក​នាយក​រដ្ឋ​មន្រ្តី វា​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​មជ្ឈ​មណ្ឌល​រ៉ុក​បាន​ក្លាយ​ជា​កន្លែង​គ្រឿង​ញឿន​ដ៏​ធំ​មួយ​នៅ​ជិត​សាកល​វិទ្យាល័យ និងវិទ្យាល័យ ហើយ​ជា​កន្លែង​បំផ្លាញ​ក្តី​សុខ​របស់​ប្រជាជន​កម្ពុជា​។

សូម​បញ្ជាក់​ថា កាល​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅ ក្នុង​នាម​ជា​ម្ចាស់​អាជីវ​កម្ម​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក អ្នក​ឧកញ៉ា​គិត ធាង ធ្លាប់​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​រួច​ហើយ​ថា មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ផលិត ជួញ​ដូរ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​មជ្ឈ​មណ្ឌល​រ៉ុក​នោះ​ឡើយ​។ លោក​ក៏​បាន​សន្យា​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​រាយ​ការណ៍​បន្ទាន់​ក្នុង​ករណី​សង្ស័យ​មាន​ការ​ផលិត​ត ជួញ​ដូរ ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​មជ្ឈ​មណ្ឌល​រ៉ុក​របស់​លោក​ផង​ដែរ​។

ប៉ុន្តែកាល​ពី​យប់​ថ្ងៃ​ទី​២២ ឈានចូលថ្ងៃទី២៣ កុម្ភៈកន្លងទៅ កង​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​ បាន​ឆ្មក់​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ប្រុស ស្រី ដែល​ភាគ​ច្រើន​ជា​យុវជន​ចំនួន​ជាង​៣០០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ក្នុង​នោះមាន​ជន​ជាតិ​ចិន​ចំនួន​១៤​នាក់​​។ បន្ទាប់​ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដក​ហូត​នូវ​សារ​ធាតុ​ញៀន​ប្រមាណ ៥០ គីឡូ​ក្រាម​ និង​កាំភ្លើង​ខ្លី​មួយ​ដើម​។ នៅថ្ងៃបន្ទាប់ សមត្ថកិច្ច​ក៏​បាន​សម្រេច​បិទ​មជ្ឈម​ណ្ឌល​រ៉ុក ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យអាជ្ញាធរនិងតុលា​ការ​បន្ត​នីតិវិធី​ស្រាវជ្រាវរក​ប្រភព​នៃ​ការ​នាំចូល​គ្រឿង​ញៀន​និង​ក្រុម​ជនល្មើស​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ