អានតួអត្ថបទ
កម្ពុជា-វប្បធម៌

​កម្ពុជា​រំឭកខួប១០ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជីបេតិកភណ្ឌពិភព​លោក​

នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា​នេះ កម្ពុជា​បាន​រៀបចំ​ពិធី​រំឭកខួប១០ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះ​វិហារ និង​ខួប១ឆ្នាំ ដែល​តំបន់​ប្រាសាសំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​ក្នុង​បញ្ជីបេតិកភណ្ឌពិភព​លោក។ ជា​ព្រឹត្តិការណ៍ ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌​អះអាង​ថា​ធ្វើ​ឡើង ដើម្បី​ដាស់​ស្មារតី​សាធារណជន​ខ្មែរ។

ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនៅថ្ងៃទី១០ វិច្ឆិកានេះ។
ពលរដ្ឋ​ជាអ្នកទេសចរណ៍​នៅតែបន្តទៅកាន់ប្រសាទព្រះវិហារនៅថ្ងៃទី១០ វិច្ឆិកានេះ។ @rfi/ siv channa
ផ្សាយពាណិជ្ជកម្ម

៧​កក្កដា ២០០៨-៧​កក្កដា ២០១៨ គឺជា​រយៈ​ពេល​១០ឆ្នាំ​គត់ ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌពិភព​លោក។ ដើម្បី​រំឭកខួប១០ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី១៥ ខែ​កក្កដា​នេះ រៀបចំ​ពិធី​អបអរខួប១០ឆ្នាំ នៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជិត​១​ម៉ឺន​នាក់ ហើយ​នៅ​គ្រប់​វត្ត​អារាម​ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស​ក៏​មាន​ពិធី​ទូងស្គរ ដើម្បី​អបអរ​ដែរ។

លោក ហ៊ឺ វីរៈ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ បាន​ថ្លែង​ថា​នេះ គឺជា​ថ្ងៃ​ដ៏​សំខាន់ ដែល​កម្ពុជា​បាន​ប្រឹង​ប្រែង​យ៉ាង​លំបាក ដើម្បី​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារជាសម្បត្តិបេតិកភណ្ឌពិភព​លោក និង​ជាការ​ដឹក​គុណ​ចំពោះ​លោក សុខ អាន អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ លោក វីរៈ បន្ត​ថា​ពិធី​អបអរខួប១០ឆ្នាំ​នេះ គឺ​ជាការ​ដាស់​ស្មារតី​យុវជន​ឲ្យ​ស្គាល់​ពីសម្បត្តិ​វប្បធម៌​កម្ពុជា ដែល​បាន​ចុះ​ក្នុង​បញ្ចីបេតិកភណ្ឌពិភព​លោក។

ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារជាសម្បត្តិបេតិកភណ្ឌពិភព​លោក កាលពី​ថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ កាលពី​ពេល​នោះ​ខឹងសម្បារ។ មួយ​សប្តាហ៍​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១៥ កក្កដា​ឆ្នាំ ២០០៨ កង​ទ័ព​ថៃ​បាន​បង្ក​ហេតុ​រហូត​ដល់​មាន​ការផ្ទុះ​អាវុធ​នៅ​តាម​ជាយដែន​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ។ ការផ្ទុះ​អាវុធ​នេះ ធ្វើ​ឲ្យ​ភាគី​កម្ពុជា​ស្នើ​ឲ្យ​តុលា​ការ​ក្រុង​ឡាអេបក​ស្រាយ​ឡើង​វិញ នូវ​សាលក្រម​ថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៦២ ដែល​តុលា​ការអន្តរជាតិ​នេះ បាន​កាត់​ក្តី​ឲ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ។

ប្រាសាទ​ព្រះ​វិហារ ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ដែល​ជា​ប្រភេទ ប្រាសាទ​ភ្នំ កសាង​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ​នៃ​ជួរភ្នំ​ដងរែក។ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​សន្មតថា សំណង់​ប្រាសាទ​ព្រះ​វិហារ​បាន​​ចាប់​ផ្តើម​​កសាង​ឡើង​ដំបូង នៅ​ដើម​សតវត្សទី៩ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័នទី២។ ប្រាសាទ​នេះ មាន​ចម្ងាយ​ប្រមាណ ១០០​គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ព្រះ​វិហារ ជាង ១៥០​គីឡូ​ម៉ែត្រ​ពីទី​រួម ខេត្ត​សៀមរាប និង​ប្រមាណ ៤០០​គីឡូ​ម៉ែត្រ​ពី រាជធានី​ភ្នំពេញ។

សូម​ជម្រាប​ជូន​ថា ក្រៅ​ពីការអបអរខួប១០ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ចីបេតិកភណ្ឌពិភ​លោក រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យក​ថ្ងៃ​ទី១៥ ខែ​កក្កដា​នេះ រំឭកខួប១ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​​ប្រាសាទ​សំបូរ​ព្រៃ​គុក ក្នុង​បញ្ចីបេតិកភណ្ឌពិភ​លោក​ដែរ។ ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ ត្រូវ​បាន​ចុះ​ក្នុង​បញ្ចីបេតិកភណ្ឌពិភ​លោក កាលពី​ថ្ងៃ​ទី៨ កក្កដា ២០១៧​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ