អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា​ណែ​នាំ​មិន​ឱ្យ​បេក្ខជន​និយាយ​ពី​ពាក្យ​ស្លោក​ចម្រូង​ចម្រាស​​ពេល​ចុះ​ឃោសនា

លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី ១៣ មីនា​នេះ កំពុង​បន្ត​បំពាក់​បំប៉ន​គោល​នយោបាយ​ចំនួន​៥​ចំណុច​របស់​ខ្លួន​ទៅ​ដល់​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខេត្ត​កំពង់ចាម។ ប៉ុន្តែ​លោក​កឹម សុខា មិន​បាន​ណែនាំ​ឱ្យ​សកម្មជន​ប្រើ​ប្រាស់​ពាក្យ​ស្លោក​ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​នោះ​ទេ។ ការ​ណែនាំ​មិន​ឱ្យ​ប្រើ​ពាក្យ​ស្លោក​ដ៏​ចម្រូង​ចម្រាស់​នេះ គឺ​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​កាន់​តុលាការ។ គួរ​រំលឹក​ថា លោក​កឹម សុខា បាន​ផ្តើម​ចេញ​យុទ្ធនាការ​ឃោសនា​តាំង​ពី​ថ្ងៃ ០៦ មីនា​មក។ ហើយ​លោក​កឹម សុខា នឹង​បន្ត​ចុះ​ឃោសនា​ឱ្យ​ចប់​២៥​ខេត្ត​ក្រុង​នៅ​មុន​ការ​ឃោសនា​បោះ​ឆ្នោត។

លោកកឹម សុខា ​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​
លោកកឹម សុខា ​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​ @Kem Sokha Facebook
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឱ្យ​បេក្ខជន​របស់​ខ្លួន​ឃោសនា​អ្វី​ក្រៅ​ពី​គោល​នយោបាយ​ចំនួន ៥​ចំណុច​របស់​ខ្លួន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក​ស្រី​ឌុច នូសេរី ប្រតិបត្តិ​ខេត្ត​កំពង់ស្ពឺ​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី ១៣​មីនា​នេះ។ លោក​ស្រី​បាន​បន្ត​ទៀត​ថា លោក​កឹម សុខា បាន​ណែនាំ​មិន​ឱ្យ​ឃោសនា​ងាក​ឆ្វេង ងាក​ស្តាំ​ខុស​ពី​គោល​នយោបាយ​ទាំង ៥​ចំណុច​របស់​បក្ស​នោះ​ទេ ហើយ​សូម្បី​តែ​ពាក្យ​ស្លោក​កំពុង​ពេញ​និយម​របស់​គណបក្ស​សង្គ្រោះ​ជាតិ«ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ក៏​លោក​ណែនាំ​មិន​ឱ្យ​ឃោសនា​ដល់​ប្រជា​ពលរដ្ឋ​ពេល​ឃោសនា​នោះ​ដែរ។

 
ទន្ទឹម​នឹង​នេះ ប្រតិបត្តិ​ខេត្ត​កំពត និង​ខេត្ត​តាកែវ ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​កឹម សុខា​មិន​បាន​និយាយ​ពី​ពាក្យ​ស្លោក​របស់​គណបក្ស​ក្នុង​ពេល​ចុះ​ឃោសនា​ពី​គោល​នយោបាយ​បក្ស​នៅ​ទី​តាំង​របស់​ខ្លួន​នោះ​ទេ។ សម្រាប់​ខេត្ត​កំពត លោក​កឹម សុខា​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្រួប​បង្រួម​ផ្ទៃ​ក្នុង​បក្ស និង​យន្តការ​ ៥​ចំណុច​សម្រាប់​ឃោសនា​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក យឹន ឈូករ័ត្ន ក្រុម​ការងារ​ថ្នាក់​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គោល​នយោបាយ​ទាំង​ ៥​ចំណុច​រួម​មាន ការ​ពង្រឹង​សិទ្ធិ​អំណាច​ប្រជា​ពលរដ្ឋ ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន​ និង​វិមជ្ឈការ​ដែល​គណបក្ស​ប្រឆាំង​សន្យា​ផ្តល់​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល ១​ឆ្នាំ​ជា​ដើម។

សូម​រំលឹក​ថា ពាក្យ​លោក​របស់​គណបក្ស​ដែល​បាន​សម្រេច​ដាក់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​ខាង​មុខ បាន​ក្លាយ​ជា​សង្គ្រាម​ប៉ា​កា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​ក៏​ព្រោះ​តែ​ពាក្យ​នេះ គណបក្ស​កាន់​អំណាច​យល់​ឃើញ​ថា​ជា​ពាក្យ​ញុះ​ញ៉ុង និង​ប្រមាថ​មន្ត្រី​ឃុំ​សង្កាត់​ដែល​រាស្ត្រ​ជា​អ្នក​បោះ​ឆ្នោត​គាំទ្រ។ ស្រប​ពេល​គ្នា​នេះ មេឃុំ និង​ចៅ​សង្កាត់​រាប់​រយ​នាក់ មក​ពី​ខេត្ត​ក្រុង​មួយ​ចំនួន រួម​ទាំង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ផង បាន​ចេញ​សេច​ក្តី​ថ្លែងការណ៍​ថ្កោល​ទោស​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ពាក្យ​ស្លោក​ដ៏​ចម្រូង​ចម្រាស់​នេះ​ផង​ដែរ។ 

គួរ​កត់​សំគាល់​ថា ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​បង្កើត​ពាក្យ​ស្លោក​ថ្មី​មួយ​ដែរ គឺ​កុំ​យក​មេឃុំ​ប្រូ មក​ដូរ​មេឃុំ​ពិត។ បើ​ទោះ​បី​ជា​មិន​ត្រូវ​បាន​គណបក្ស​ទទួល​ស្គាល់​សម្រាប់​យុទ្ធនាការ​ឃោសនា​ផ្លូវ​ការណ៍​របស់​បក្ស​មែន ក៏​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស មាន​ជា​អាថ៌ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពត៌មាន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ពាក្យ​ស្លោក​នេះ​ដែរ។ ចំពោះ​បញ្ហា​ពាក្យ​ស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូង​ចម្រាស់​នេះ គណបក្ស​នៅ​មិន​ទាន់​បញ្ជាក់​ជា​ជំហរ​ផ្លូវ​ការ​ថា ដូរ ឬ​ក៏​មិន​ដូរ​នោះ​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ