អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សំណុំ​រឿង​ព្រំដែន​៖ ខ្មែរ​ប្រកួតជម្រុះ​រក​អ្នក​ឈ្នះ មុន​នឹង​ឈាន​ទៅ​ប៉ះ​វៀតណាម?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាស់​ព្រំដែន​រវាង​ខ្មែរ​និង​ខ្មែរ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ មុននេះ​បន្តិច ខ្មែរ​ឈ្លោះ​គ្នា​លើ​ការ​បោះ​បង្គោល​ព្រំដែន​។ ឥឡូវ​នេះ ទំនាស់​បាន​រាល​ដាល​ដល់​ការ​ប្រើ​ប្រាស់​ផែនទី​ក្នុង​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​។ ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​​រវាង​ខ្មែរ​គ្នា​​ឯង​នេះ មតិ​មួយ​ចំនួន​ហៅ​ថា វា​គឺ​ជា​ការ​ប្រកួត​គ្នា​​ដើម្បី​​រក​អ្នក​ឈ្នះ មុន​នឹង​ឈាន​ទៅ​ត​ទល់​ជាមួយ​ប្រទេស​​វៀតណាម​។ ជា​ការ​ប្រកួត ដែល​គ្មាន​ចំណេញ​អ្វី​សោះ ដល់​ជាតិ និង​ប្រជាជន​ខ្មែរ​។

លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ​
លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រំដែន គឺ​ជាបញ្ហា​ដែល​ចោទ​ឡើង​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ បញ្ហា​ព្រំដែន​របស់​កម្ពុជា មាន​តាំង​ពី​ជាមួយ​បរទេស និង​ជា​ពិសេស គឺ​ជាមួយ​ខ្មែរ​គ្នា​​ឯង​។ ដោយ​មិន​និយាយ​អំពី​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាង បញ្ហា​ព្រំដែន​បាន​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ​​នៅ​កម្ពុជា។ អ្នក​នយោបាយ ដែល​តែង​តែ​ព្យាយាម​យក​បញ្ហា​ព្រំដែន​នេះ ទៅ​កេង​ចំណេញ​ខាង​នយោបាយ​សម្រាប់​ខ្លួន​និង​បក្ស​ពួក​។​

​កន្លង​ទៅ​ថ្មី​ៗ​នេះ បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​​នៅ​កម្ពុជា ​បាន​បង្ហាញ​ជំហ​រួម​គ្នា​មួយ​លើ​បញ្ហា​ព្រំដែន គួរ​ឲ្យ​កត់​សម្គាល់​​។ ជំហ​រួម​គ្នា​នោះ​គឺ គាំទ្រ​ឲ្យ​ពន្យារ​ពេល ឬ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​សិន ក្នុង​ករណី​មាន​បញ្ហា​ចម្រូង​ចម្រាស់​។

រហូត​មក​ទល់​ពេល​នេះ ថ្វី​ត្បិត​តែ​​គណបក្ស​ធំ​ៗ​ទាំង​ពីរ​នៅ​កម្ពុជា ធ្លាប់​បាន​បង្ហាញ​​ជំហ​ស្រដៀង​គ្នា​ចំពោះ​បញ្ហា​ព្រំដែន​នេះ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា បក្ស​ទាំង​ពីរ​នេះ មិន​ទាន់​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ឡើយ​ទេ​។ ទាំង​​បក្ស​ប្រឆាំង​ ទាំង​​បក្ស​កាន់​អំណាច សុទ្ធ​តែ​ទទួល​ស្គាល់​ថា បញ្ហា​ព្រំដែន​គឺ​ជា​អាយុ​ជីវិត​របស់​​​ជាតិ​ខ្មែរ​ទាំង​មូល​។ ប៉ុន្តែ​បក្ស​ទាំង​ពីរ​នេះ នៅ​តែ​មាន​គំនិត​ខ្វែង​​​គ្នាច្រើន​លើ​បញ្ហា​ព្រំដែន ជា​ពិសេស​ការ​ប្រើ​ប្រាស់​ផែនទី​។

ថ្មី​ៗ​នេះ លោក អ៊ំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​សហរដ្ឋ​អាមេរិក​ថា លោក​បាន​រក​ឃើញ​ផែនទី​ចំនួន​២៦​ផ្ទាំង។ ​លោក​ អ៊ំ សំអាន​អះអាង​ថា ផែនទី​ទាំង​២៦​ផ្ទាំង​នោះ ជា​ផែនទី​បោន ដែល​ព្រះ​បរមរតនកោដ្ឋ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​ឆ្នាំ​១៩៦៤​។ បើ​តាម​មន្ដ្រី​គណបក្ស​ប្រឆាំង​រូប​នេះ ផែនទី​ដែល​ខ្លួន​ទើប​តែ​រក​ឃើញ គឺ​មិន​មាន​ត្រា​ប្រទេស​វៀតណាម ដូច​ផែនទី​របស់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ឡើយ​។

ប៉ុន្តែ​មន្ដ្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​គូស​បញ្ជាក់​ថា ផែនទី​ដែល​លោក អ៊ំ សំអាន រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក​នោះ មិន​មាន​អ្វី​ខុស​ប្លែក​ពី​ផែនទី​ដែល​​រដ្ឋាភិបាល​កំពុង​ប្រើ​នោះ​ទេ។ បើ​តាម​មន្ដ្រី​រដ្ឋាភិបាល ផែនទី​ដែល​លោក អ៊ំ សំអាន ទើប​តែ​រក​ឃើញ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​យកពី​អាមេរិក​មក​កម្ពុជា​តាំង​ពី​ជាង​១០​ឆ្នាំមុន​មក​ម្ល៉េះ​។ ក្រៅ​ពីនោះ មន្ដ្រី​រដ្ឋាភិបាល​​នៃ​គណបក្ស​កាន់​អំណាច បានដាក់​វេន​គ្នា​រិះ​គន់ បន្តុះ​បង្អាប់​សកម្មភាព​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ថា​ជា​ការ​ញុះញង់ ឃោសនា ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​ថែម​ទៀត​ផង​។

នៅ​ខណៈ​ពេល​ដែល​ខ្មែរ​មាន​ប្រទេស​ជិត​ខាង​ដែល​លោភលន់​ចង់​បាន​ទឹក​ដី​ខ្លាំង និង​ខណៈ​ដែល​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាង​នៅមិនទាន់​រៀប​ចំ​ឲ្យ​បាន​ស្រួល​បួល​នៅ​ឡើយ ខ្មែរបែរ​ជា​ប្រឹង​ប្រែង​ប្រកួត​គ្នា​យក​ឈ្នះ​ចាញ់ ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​រៀង​ៗ​ខ្លួន​។ តើ​ខ្មែរ​ប្រឹង​ប្រកួតជម្រុះ​រក​អ្នក​ឈ្នះ មុន​នឹង​ឈាន​ទៅ​ប៉ះ​ជាមួយ​វៀតណាម​ឬ?តើ​ការ​ប្រកួត​ប្រជែង​រក​ឈ្នះ​ចាញ់​រវាង​ខ្មែរ​គ្នា​ឯង​នេះ ចំណេញ​អ្វី​ខ្លះ ដល់​ជាតិ និង​ប្រជាជន​ខ្មែរ​?

ចម្លើយ​នឹង​សំណួរ​នេះ​មិន​ពិបាកទេ ព្រោះ​ខ្មែរ​គ្រប់​រូប​ទទួល​ស្គាល់​ថា ការ​ឈ្លោះ​ទាស់ទែង​គ្នា​រវាង​ខ្មែរ​គ្នា​ឯង វា​គ្មាន​ចំណេញ​អ្វី​សោះ ដល់​ជាតិ និង​ប្រជាជន​ខ្មែរ​។ ដូច្នេះ សួរ​ថា​តើ​នៅ​ប្រឹង​ឈ្លោះ​គ្នា​ដល់​ពេល​ណា​ទៀត​? បើ​សូម្បី​តែ​ខ្មែរ​មិន​ទាន់​ទាំង​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ជាតិ​ខ្លួន​ឯង​បាន​ផង​នោះ តើខ្មែរ​អាច​​ប្រឈម​មុខ​ជាមួយ​ប្រទេស​ជិត​ខាងបាន​យ៉ាង​ម៉េច​​?

ផ្ដើម​ចេញ​ពី​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តែ​ពិចារណា​ឡើង​វិញ ដោយ​​ត្រូវ​ធានា​ថា រាល់​សកម្មភាព​របស់​ខ្លួន​ចំពោះ​បញ្ហា​ព្រំដែន មិន​មែន​ធ្វើ​ឡើង​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ឡើយ​។ ជាមួយ​គ្នា​នេះ អ្នក​នយោបាយ​ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចាំ​បាច់​ពួត​ដៃ​គ្នា​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​ជំហ​រួម​មួយ មុននឹងឈាន​ទៅ​ដោះ​ស្រាយ​​​ជាមួយ​ប្រទេស​ជិត​ខាង​។

កម្ពុជាចាំ​បាច់​ត្រូវ​ស្វែងរកការឯកភាពជាតិជាមុនសិន ព្រោះ​បើ​ពុំ​ដូច្នោះទេ ​បញ្ហា​ព្រំដែន​នឹង​នៅ​តែ​​ជា​បញ្ហា​រ៉ាំរ៉ៃ ដែល​ចោទ​ឡើង​មិន​ចេះ​ចប់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ការដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​​បរទេស ខណៈ​​ដែល​គ្មាន​ការ​ឯកភាព​គ្នា​ពី​សំណាក់​ខ្មែរ​គ្នា​ឯង ក្រៅ​តែ​ពី​ធ្វើ​ឲ្យ​​ខាត​បង់​ហើយ វា​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ចាញ់​ប្រៀប​គេ​ ទាំង​​កម្លាំង​នយោបាយ​និង​​កម្លាំង​​ការទូត​ថែម​ទៀត​ផង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ