អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​​អាមេរិក​​ជនជាតិ​ខ្មែរ​​​បរាជ័យ​​ក្នុង​ការ​​ស្នើ​សុំ​​ជួប​​​អ្នក​​ជាប់​ឃុំ​​នៅ​​ព្រៃ​ស

បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ រួមជាមួយ​នឹង​ក្រុម​អ្នកភូមិ​បឹងកក់ និង​បណ្តាញ​យុវជន​ខ្មែរ រួមទាំង​មន្ត្រី​គណបក្សប្រឆាំង​រាប់សិប​នាក់ នៅ​ព្រឹក​ថ្ងៃទី ២៣ វិច្ចិការ​នេះ បាន​បន្ត​ប្រមូល​ផ្តុំគ្នា​នៅមុខ​ពន្ធនាគារ​ព្រៃ​ស។ ជា​យុទ្ធនាការ​ដែល​កំណត់​ធ្វើឡើង​នៅ​រាល់ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទាំង១៧នាក់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគា​ព្រៃស​ក្នុងនោះ​ក៏មាន​លោក មាជ សុវណ្ណារ៉ា ​ផងដែរ​។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​ នៅក្នុង​ការតវ៉ា​នៅ​ព្រឹក​មិញ​នេះ ក៏មាន​វត្តមាន​របស់​លោក មុំ រ៉ាឌីតំណាងរាស្ត្រ​អាមេរិក​ជនជាតិខ្មែរ​ទីមួយ​ចូលរួម​ផងដែរ។

ក្រុម​សកម្មជន​ដី​ធ្លី​ ព្រះសង្ឈ ​និង​យុវជន​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​នា​ពេល​កន្លង​មក​
ក្រុម​សកម្មជន​ដី​ធ្លី​ ព្រះសង្ឈ ​និង​យុវជន​តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​នា​ពេល​កន្លង​មក​ Facebook/Sovath Loun
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​យុទ្ធនា​ការលើក​ទី២ហើយ ដែល​បណ្តាញ​ព្រះសង្ឃ និង​យុវជន​ខ្មែរ រួមទាំង​ជនរងគ្រោះ​មកពី​សហគមន៍​បឹងកក់​ផង បាន​លើកគ្នា​ទៅ​តវ៉ា​នៅមុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​មិញ ជាទី​ដែល​តំណាង​របស់​ពួកគេ​សរុប១៧នាក់​កំពុង​ជាប់ឃុំ។

នៅក្នុង​យុទ្ធនាការ​នៅ​សប្តាហ៍​ទី២នេះ អ្នក​ចូលរួមបាន​ពាក់អាវ​ស​ដែល​រំលេច​ដោយ​រូបភាព​តំណាង​របស់​ពួកគេ​និង​ដោយមាន​ការសរសេរ​អក្សរ​ថា ដោះលែង​អ្នក​ទាំង១៧ជាបន្ទាន់ ឬជា​ភាសា​អង់គ្លេស Free the 17។ គេ​មិនឃើញ​មាន​វត្តមាន​របស់​កង​កំលាំង​សន្តិសុខ​រង់ចាំ​បង្ក្រាប​នោះទេ កាលពី​ព្រឹកមិញ។ ប៉ុន្តែ​អ្វី​ជាការ​កត់សម្គាល់​នៅក្នុង​ក្បួន​នៃ​បណ្តាញ​ព្រះសង្ឃ យុវជន សហគមន៍​បឹងកក់ និង​មន្ត្រី​គណបក្សប្រឆាំង​ផង​នោះ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់លោក មុំ រ៉ាឌី តំណាងរាស្ត្រ​ប្រចាំ​ក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក​ផងដែរ។ លោក មុំ រ៉ាឌី អាយុ៤៥ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកកាំង​ទី១ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា។

នៅក្នុង​អំឡុងពេល​ស្នាក់នៅ​កម្ពុជា លោក មុំ រ៉ា​ឌី បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី រួមទាំង​លោក កឹម សុខា ផងដែរ។ បើទោះបីជា​ដំណើរ​ទស្សនកិច្ច​នេះ គោលដៅ​គឺ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ច្រើនជាង​ការ​លូកដៃ​ក្នុង​រឿង​នយោបាយ​ក្តី ប៉ុន្តែ​លោក មុំ រ៉ាឌី ដែល​ទំនងជា​រង​ការរិះគន់​ពី​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ផង​នោះ បាន​ឆ្លៀតពេល​ទៅ​ឃ្លាំមើល​សកម្មភាព​តវ៉ា​របស់​សកម្មជន​បឹងកក់​នៅថ្ងៃនេះ និង​បាន​ស្នើសុំ​ជួប​ជាមួយ​លោក មាជ សុវណ្ណារ៉ា និង​អ្នក​ជាប់ឃុំ​ផ្សេងទៀត ក៏​ប៉ុន្តែ​ត្រូវបាន​បដិសេធ។ នៅក្នុង​ការចូល​រួច​ឃ្លាំមើល​សកម្មភាព​តវ៉ា​របស់​បណ្តាញ​ព្រះសង្ឃ និង​យុវជន​ព្រឹកមិញ លោក មុំ រ៉ាឌី បាន​លើក​ព​កូនតូច​មួយ​ដោយ​សម្រក់​ទឹកភ្នែក ក្រោយ​សំណើ​បាន​បរាជ័យ។

ក្រោយ​ពី​បាន​ចូលរួម​នៅក្នុង​សកម្មភាព​នេះ លោក មុំ រ៉ាឌី បាន​បញ្ជាក់ថា លោក​នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​ស្ថានភាព​នៅ​កម្ពុជា​យ៉ាងណា​នៅឡើយ​ទេ ល្គឹកណា​លោក​មិនទាន់​បញ្ចប់​បេសកកម្ម​របស់​លោក ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ​យ៉ាងណា​ក៏ដោយ អ្នកស្រី យ៉ោម បុប្ឆា តំណាង​អ្នកភូមិ​បឹងកក់​បាន​ចាត់ទុកថា វត្តមាន​របស់លោក មុំ រ៉ាឌី នៅក្នុង​យុទ្ធនាការ​នៅពេលនេះ បានធ្វើឲ្យ​ការតវ៉ា​របស់​ពួកគេ​កាន់តែ​កក់ក្តៅ។

សូមបញ្ជាក់ថា យុទ្ធនា​ការតវ៉ា​របស់​សកម្មជន​ទាំងនេះ បានបញ្ចប់ ដោយ​វិល​មក​តវ៉ា​នៅមុខ​តុលាការ​សាលាដំបូង​រាជធានីភ្នំពេញ​វិញ​នៅ​ប្រមាណ​ជា​ម៉ោង១២​ថ្ងៃទី២៣​វិច្ឆិកា​ឆ្នាំ​២០១៤​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ