អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​ហិរញ្ញ​វត្ថុ​៖ កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ចំនួន​៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ កាល​ពី​ថ្ងៃ​ទី០២​ខែ​មេសា​ម្សិល​មិញ បាន​បញ្ជាក់​ថា កម្ពុជា​មាន​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ ៧ពាន់​លាន​ដុល្លារ មិន​មែន ជាង​១ម៉ឺន​លាន​ដុល្លារ​ទេ គិត​ត្រឹម​ឆ្នាំ​២០១៨​។ ការ​លើក​ឡើង​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ដូច្នេះ គឺ​បន្ទាប់​ពី​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ភាសាខ្មែរ និង​បរទេស​មួយ​ចំនួន បាន​ដក​ស្រង់​តួ​លេខ​ពី​ព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​លេខ​៧ យក​ទៅ​ធ្វើ​ការ​បក​ស្រាយ​ខុស​ន័យ​បច្ចេក​ទេស​។ 

លុយដុល្លារអាមេរិក (រូបតំណាង)
លុយដុល្លារអាមេរិក (រូបតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ​វត្ថុ ឲ្យ​ដឹង​ថា តួលេខ​បំណុល​ជាង​១ម៉ឺន​លាន​ដុល្លា​រនោះ គឺ​ជា​តួលេខ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន ដែល​រដ្ឋា​ភិបាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ដៃ​គូ​អភិវឌ្ឍន៍ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៨ ពោល​គឺ​ពុំ​មែន​ជា​តួលេខ​សន្និ​ធិ​បំណុល ឬ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​កម្ពុជា​ជំពាក់​ជាក់​ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨​ទេ​។

ក្រសួង​ហិរញ្ញ​វត្ថុ​ថា តួ​លេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​ប្រមាណ​៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ រីឯ​ការ​ទូទាត់​សេវា​បំណុល​សរុប​របស់​កម្ពុជា ដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ថា៨%​នោះ ត្រូវ​ក្រសួង​ហិរញ្ញ​វត្ថុ​បញ្ជាក់​ថា​ភាគ​រយ​ជាក់​ស្តែង​គឺ​១៩%​។

ដោយ​ឡែក ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​ច្រាន​ចោល​ផង​ដែរ ចំពោះ​ការ​លើក​ឡើង​ថា​កម្ពុជា​បាន​ខ្ចីឥណ​ទាន​សរុប​ពី​បារាំង​ចំនួន​១,៦​ប៊ីលាន​ដុល្លារ និង​កម្ចី​ឥណ​ទាន​សរុប​ពី​ជប៉ុន​ចំនួន​១,៣ លាន​ដុល្លារ​។ ដោយ​មាន​ការ​បក​ស្រាយ​ជាក់​ស្តែង​ថា កម្ពុជា​បាន​ខ្ចី​ឥណទាន​ពី​បារាំង​តាម​រតួ​លេខ​ជាក់​ស្តែង​គឺ​តែ៣៤០​លាន​ដុល្លារ ហើយ​ខ្ចី​ឥណទាន​សរុប​ពី​ជប៉ុន​សរុប​ចំនួន១,៣​ប៊ីលាន​ដុល្លារ គិត​មក​ត្រឹម​ឆ្នាំ​២០១៨​ដូច​គ្នា​។

ជាមួយ​គ្នា​នេះ ក្រសួង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋា​ភិបាល​បាន​និង​កំពុង​គ្រប់​គ្រង​បំណុល​សាធារណៈ ប្រកប​ដោយ​ស្មារតី​ប្រយ័ត្ន​ប្រយែង​ខ្ពស់ និង​តែង​ប្រកាន់​ខ្ចាប់​នូវ​គោល​ការណ៍​គន្លឹះ​ចំនួន​៤ គឺ​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប ដែល​ស្ថាន​ភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​។ រដ្ឋា​ភិបាល​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្ប​ទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ហើយ​ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម និង​ត្រូវ​ប្រើ​ប្រាស់​ឥណទាន​ប្រកប​ដោយ​តម្លា​ភាព គណ​នេយ្យ​ភាព ប្រសិទ្ធ​ភាព និង​សក្តិ​សិទ្ធិ​ភាព​ខ្ពស់​បំផុត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ