អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពន្ធ​លើ​ភាពយន្ត រាំង​ស្ទះ​ការ​ផលិត​កុន​ខ្មែរ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សប្តាហ៍នេះ ​គឺជា​ឱកាស​​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើកទី​៧។ ​រឿងកុន​​ខ្មែរ​និង​បរទេស ចំនួនជាង​​១៣០ កំពុងតែ​​ចាក់​បញ្ជាំង​ស្ទើរ​គ្រប់​រោង​ភាពយន្ត​ នៅ​ភ្នំពេញ។ ឆ្លៀត​ឱកាស​នេះ យើង​សូម​ងាក​មកចាប់អារម្មណ៍​ពី​ដំណើរ​ការ​ផលិត​ខ្សែ​ភាព​យន្ត​ខ្មែរ​ ដែល​កំពុង​តែ​ដុះ​ពន្លក​ ក៏​ប៉ុន្តែ​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន។ ក្នុង​នោះ វិស័យ​ពន្ធ​ដារ​ ក៏​​​ជា​បន្ទុក​ដ៏​ធ្ងន់​ សម្រាប់​​ផលិតករភាព​យន្ត​​ខ្មែរ​តែម្តង​។

ក្រុម​អ្នក​ថត​កុន​វ័យក្មេង
ក្រុម​អ្នក​ថត​កុន​វ័យក្មេង other
ផ្សាយពាណិជ្ជកម្ម

តាំង​តែ​ពី​រដ្ឋាភិបាល​ ប្រកាស​​ឲ្យឈប់​​ចាក់​បញ្ចាំង​រឿង​ភាគ​បរទេស​ នៅក្នុង​ម៉ោង​មាស​កាលពីចុង​ឆ្នាំ២០១៥មក គឺ​ពេញ​មួយ​ឆ្នាំ​២០១៦រហូត​មកដល់ពេល​នេះ វិស័យ​ផលិត​ភាពយន្ត​ខ្មែរ ទាំង​រឿង​ភាគ និង​រឿង​ដុំ បាន​ចាប់​ផ្តើម​ដុះ​ពន្លក ព្រោះគេ​ត្រូវ​ថត​និង​ផលិត​​កុន​ត​កន្ទុយ​គ្នា​ឲ្យ​រដឹក។ 

ការ​ដាក់​កំហិត​ឲ្យ​បញ្ចាំង​រឿង​ខ្មែរ​សុទ្ធ ​ចន្លោះពីម៉ោ​ង​៧ដល់​ម៉ោង​៩យប់ ដើម្បីលើកស្ទួយ​កុន​ខ្មែរ ហើយ​ក៏ត្រូវ​បាន​សារទយ៉ាង​​ខ្លាំង​ពីមហាជន ពិសេស​អ្នក​ស្នេហា​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​។ ទន្ទឹម​នេះ អ្នក​សម្តែង​ដែល​កំពុង​មា​នតិច​តួចស្រាប់​ គឺកាន់តែ​ត្រូវប៉ាន់ ហើយ​ផលិតករ សមិទ្ធិករកុន​​ខ្លះ ដែល​ស្ទើរតែ​បោះបង់អាជីព និងអ្នក​ខ្លះដែល​ក្រវាត់​ចោល​ជំនាញ​របស់ខ្លួ​នទៅហើយ ក៏​បាន​ងាក​ មក​​ផ្តើម​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ឡើងវិញដែរ​។

ក៏ប៉ុន្តែ​ ចំពោះ​របត់​ភ្លាមៗ​យ៉ាង​គំហុក​ដូច្នេះ គឺ​បណ្តាល​ឲ្យ​មាន​បញ្ហាជា​ច្រើន​ ដែល​គ្មាន​ការ​ត្រៀម​ទុក​ បានកើតឡើង និង​រឹង​រឹត​​តែបន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​​អ្នក​ផលិត​ភាពយន្ត​។ ឧបសគ្គ ដំបូង​បំផុត គឺ​ការ​ខ្វះខាន​ធនធាន​មនុស្ស ​ក្នុង​វិស័យ​ផលិត​ភាព​យន្ត​នេះតែម្តង ​រាប់តាំង​ពីអ្នកនិពន្ធ តួ​សម្តែង ផលិតករ​ អ្ន​កបច្ចេកទេស​ អ្នក​ថត អ្នក​កាត់ត​ និង​កម្មករ​កុន​ ជា​ច្រើន​ផ្សេង​ទៀត​ជា​ដើម​។ ការ​ខ្វះធនធាន​មនុស្ស​ផ្នែក​ភាពយន្ត​នេះ ​គឺ​មិន​មែន​ជា​រឿង​ចៃ​ដន្យ​នោះទេ ព្រោះ​កម្ពុជា​ គ្មាន​សាលា​បង្រៀន​ផ្នែក​ភាពយន្ត ផង​នោះ។

ទន្ទឹម​នេះ ចំពោះដំណើរ​ការ​ផលិត​រឿងវិញ ការ​ស្នើ​សុំ​សិទ្ធិ​ថត ការ​ឆ្លង​យោបល់​ពី​រឿង​ ការ​ពិនិត្យ​សាច់​រឿង​ និង​ការ​សុំ​ទីតាំង​ថត​ ជាដើម គឺនៅតែ​ជាបញ្ហា ដែល​បង្ក​ឲ្យ​ខាតបង់​​ពេលវេលា យឺតយ៉ាវ​ ហើយ​ពេល​ខ្លះ គឺមិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ថត​ទៀត​ផង​។ ទាំង​នេះជាឧបសគ្គ​ត្រួស​​ៗ​របស់​ផលិតករ​ភាព​យន្ត​ខ្មែរ​ដែល​កំពុង​ប្រឈម ជា​រៀង​​រាល់​ថ្ងៃ។

បញ្ហា​ធំ​ និងធ្ងន់ធ្ងរ​ជាង​នេះ គឺ​ទាក់ទង​នឹង​រឿង​លុយ​កាក់​ និង​ពន្ធសួយសា​រ​អាករ​ តែម្តង។ គេ​គួរ​ដឹង​ថា ដើម្បី​ផលិត​រឿង​ភាគ ឬ​រឿង​ដុំ​មួយបាន ផលិត​ករ​ត្រូវ​ចំណាយ​បង់ពន្ធ​កាត់ទុក ជាមុន ដល់ទៅ​១៥ ភាគរយ ​នៃ​ការ​ចំណាយ​សរុបចំពោះ​​រឿង​មួយ។ ឧទាហរណ៍ គេ​បើ​ផលិត​រឿងមួយ អស់​តម្លៃ១០​ម៉ឺន​ដុល្លារ គឺត្រូវ​ចំណាយ​​១ម៉ឺន​៥ពាន់​ដុល្លារស្រេច​ទៅហើយ​​ សម្រាប់បង់​ពន្ធដាក់ទុក​ជូន​រដ្ឋ។ ឃើញថា មិន​ទាន់​ទាំង​ផលិត​ផង គឺត្រូវ​ខាត​លុយ​ជាមុន​ស្រេច​ទៅហើយ។

លុះ​​ពេល​ផលិត​ចប់ និងយក​ទៅ​ដាក់​បញ្ចាំង​តាម​រោង​កុន គឺត្រូវ​រោង​ភាពយន្ត ​​កាត់​យក ៤៥ ទៅ​៥០ភាគរយ នៃ​ចំនួន​អ្នក​ទស្សនា ទៅទៀត​។ ហើយ​ដើម្បី​ចាក់​បញ្ជាំង​ឲ្យ​មាន​គេ​ចូលមើល​ច្រើន​ គឺត្រូវជួល​​ប្រើ​ភ្នាក់ងារ​ចែកចាយ អស់​ ៥ ភាគរយទៀត​។ លើសពីនេះ គឺ​ត្រូវ​គិត​ពន្ធ​ជូន​រដ្ឋ​ម្តង​ទៀត ចំនួន​១០ភាគ​ ចំពោះ​ប្រាក់​ចំណេញ​ពីការ​លក់​សំបុត្រ​កុន​។
ហើយ​ដើម្បី​រឿង​ឲ្យ​គេ​ចូល​មក​មើល​ឲ្យ​បាន​ច្រើន គឺត្រូវ​ជួល​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ធ្វើ​ពាណិជ្ជ​កម្ម​ ដែល​ចាយ​លុយ​ច្រើន​ថែមទៀត​។​

បើ​គ្រាន់​តែ​គិត​ត្រួសៗ​ គឺ​ត្រូវចំណាយ​ ​អស់​៦០ ទៅ​៧០ភាគ​រយ​ បាត់​ទៅហើយ។ នៅ​សល់​ប៉ុន្មាន​ទៀត គេត្រូវ​ទូទាត់​ លុយ​ឲ្យ​តួ​សម្តែង អ្នកនិពន្ធ​រឿង ឬ​ទិញ​រឿង​ពីអ្នក​ដទៃ រួម​ទាំង​ចំណាយ​លើ​សម្ភារៈ​ថតផ្សេងៗ​ ឬក៏​ជួល​សម្ភារៈថត​ និងក៏​​ជួល​ឡានជាដើម​។ នេះនៅ​មិនទាន់​គិតគូរ​ពីថ្លៃ​​បាយ​ទឹក​ និង​ការ​ស្នាក់នៅ ​តាម​កន្លែង​ត្រូវ​ថត​ ឈុត​និង​ប្លង់​នីមួយៗ​នៅ​តាម​បណ្តា​ខេត្ត​​នោះផងទៀត​​។

ជារួម​មក ផលិតករ និង​សមិទ្ធិ​ករ​ខ្មែរ​ នៅ​សល់​តិច​តួត​បំផុត​នៃ​ប្រាក់​ចំណេញពី​ការ​ផលិត​ភាព​យន្ត​របស់​ខ្លួន​ ក៏​តែភាគច្រើន​ គឺជា​ការ​ប្រថុយ​ប្រថាន​នឹង​ការ​ខាត​បង់​ច្រើន​ជាង​ផង។ ​ផលិត​​ករ​ខ្លះ បើ​គ្រាន់តែ​គិត​ត្រួសៗពី​រឿង​ខាននិង​រឿង​ចំណេញ​នេះ គឺ​​លែង​ចង់​ផលិត​ទៅហើយ ព្រោះ​ខ្លាច​ស្តារ​ដើម​វិញ​មិនរួច​។

ទោះ​បី​យ៉ាងណា​ក្តី គេ​បាន​ឃើញឃើ​ថា កាលពី​ចុង​ឆ្នាំ​ទៅមិញ រដ្ឋាភិបាល ​បានប្រកាស​​អនុគ្រោះ​ មិន​យក​ពន្ធ ក្នុងការ​ផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ ចំនួន​១៥ភាគរយ​ រហូត​ដល់ដាច់​​ឆ្នាំ២០១៨។ ក៏​ប៉ុន្តែ​ ចំនួន​ប៉ុណ្ណោះ វា​ទំនង​ជា​ពុំ​គ្រប់​គ្រាន់​នោះទេ សម្រាប់​សម្រាល​បន្ទុក​ចំពោះ​ផលិត​ករ​ភាពយន្ត​ខ្មែរ​។​

ដូច្នេះ រដ្ឋ​អំណាច​និងស្ថាប័នពាក់ព័ន្ធ​ គួរតែ​ជួយ​សម្រួល​ដល់​ការ​ផលិត​ភាពយន្ត​ រាប់​តាំងពី​ការ​ផ្តល់​សិទ្ធិថត​ឲ្យ​បាន​ឆាប់ អនុញ្ញាត​ឲ្យ​ថត​នៅ​​តាម​កន្លែងនានា ឲ្យ​ស្រួល​ និង​បន្ថយពន្ធ ឬ​លើក​លែង​ពន្ធ​តែ​ម្តង​ ដើម្បី​ឲ្យ​សម​ស្រប​ទៅនឹង​គោល​បំណង​នៃការ​ចង់​តម្កើង​ភាពយន្ត​ខ្មែរ ឲ្យ​ពិត​​មែននោះ។ ពន្ធអាករ ក៏​តែ​មាន​ករណី​លើកលែង​ពិសេស ចំពោះ​ផលិត​ផល​វប្បធម៌​នេះ​ផង​ដែរ។​

បន្ថែម​ពីនេះ ស្របពេល​នឹងការ​បង្កើត​សាកលវិទ្យាល័យ​វិចិត្រសិល្បៈថ្មី ការ​បង្កើត​ថ្នាក់​បង្រៀន​ជំនាញ​ផលិត​ភាពយន្ត ដែល​ជា​សិល្បៈទី​៧ ក៏​គួរ​តែ​ត្រូវ​បង្កើត​ឡើង​ដែរ ដើម្បី​ផលិត​ធនធាន​មនុស្ស​ក្នុង​ផ្នែក​នេះ ឲ្យ​កាន់តែ​ច្រើន​។

មិន​តែប៉ុណ្ណោះ​ គេ​គួរ​តែ​មានកញ្ចប់​ថវិកា​របស់​ជាតិ ដើម្បី​ឲ្យ​ផលិតករ សមិទ្ធិករ​ភាពយន្ត​ អាច​ស្នើសុំ​សម្រាប់​ផលិត​រឿងបាន​។ ជាឧទាហរណ៍ នៅ​បរទេស ក្នុង​ប្រទេស​ជឿន​លឿន​ខាងភាពយន្ត​ ដូច​ជា​បារាំង ជប៉ុន កូរ៉េ ឥណ្ឌា និងសូម្បី​តែ​ថៃ​ក្បែរខាង  រដ្ឋាភិបាល​នីមួយៗ​ គឺសុទ្ធតែ​មាន​តម្កល់​កញ្ចប់​ថវិកា​ជាតិ ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​​ ស្នើ​សុំ​ដើម្បី​ផលិត​កុន​។

បើ​គេ​គិត​បែប​ចំណេញ​ អាជ្ញាធរ​មាន​អំណាចខ្មែរ​ អាច​នឹង​មាន​វិធីសាស្ត្រ​ផ្សព្វ​ផ្សាយ​ពី​តំបន់​ទេស​ចរណ៍​​ និងបង្ហាញ​​មុខ​មាត់​ជាតិ​របស់ខ្លួន លើឆាកជាតិ​និងអន្តរជាតិ​ តាមរយៈ​ភាពយន្ត​។ គឺជាឲ្យ​គេ​ជួយ​ផ្សាយ​ដោយ​ឥត​គិត​ថ្លៃ តាម​ឈុត​ឆាកនៅ​​ក្នុង​ខ្សែភាពយន្តនីមួយៗ​​។ ហេតុនេះ រដ្ឋ​គួរ​តែ​បើក​ផ្លូវ​ទូលាយ​ ឲ្យ​អ្នក​ផលិត​ករ​ក្នុង​ស្រុក និង​ក្រុម​ហ៊ុន​ថត​ភាពយន្ត​បរទេស​ ចូល​មក​ថត​នៅក្នុង​ស្រុក​ ឲ្យ​កាន់តែ​ច្រើន​។

ក៏ប៉ុន្តែ ការ​ធ្វើ​ដូច្នេះទៅបាន​ គឺទាល់តែ​​​ឧបសគ្គទាំង​ឡាយ​ដូច​​ដែលបាន​​រាប់​មកខាង​លើ​នេះ ត្រូវ​បាន​វាយ​បំបែក​ជាមុន​សិន​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ