អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បង្កើត​មហោ​ស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​លើក​ទី១​

កម្ពុជា​​នឹង​​រៀប​​​ចំ​មហោ​​ស្រព​​ជាតិ​​ភាព​​យន្ត​​ខ្នាត​​ខ្លី​​លើក​​ទី​១​​ឆ្នាំ២០១៦ ដើម្បី​​រួម​​ចំណែក​​អភិវឌ្ឍ​​វិស័យ​​ឧស្សា​ហ​កម្ម​​ភាព​​យន្ត​​របស់​​ខ្លួន​​។ មហោ​​ស្រព​​ភាព​​យន្ត​​ខ្នាត​​ខ្លី​​នេះ ​នឹង​ទទួល​យក​ស្នា​ដៃ​ភាព​យន្ត​ខ្នាត​ខ្លី​ មិន​លើស​ពី១៥នាទី ​ពីសាធារណៈជន​តាម​លក្ខ​ខណ្ឌ​របស់​ខ្លួន​ នៅ​ថ្ងៃទី១​៥ ខែ​វិច្ឆកា ខាង​មុខ​នេះ។​ ស្នា​ដៃ​ភាព​យន្ត​ខ្លីចំនួន​៥​នឹង​ត្រូវ​ជ្រើស​រើស​សម្រាប់​ពាន​រង្វាន់។

ក្រុមយុវវ័យក្មេងៗមួយចំនួនបានវិលមកចាប់អារម្មណ៍លើវិស័យភាពយន្តខ្មែរ
ក្រុមយុវវ័យក្មេងៗមួយចំនួនបានវិលមកចាប់អារម្មណ៍លើវិស័យភាពយន្តខ្មែរ © ចាន់​ លីដា
ផ្សាយពាណិជ្ជកម្ម

ការបង្កើតព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ និងបង្កើនសមត្ថភាពប្រកួតប្រជែង បង្កើតនូវ​បរិស្ថាន​បណ្តុះពន្លក​ថ្មី ​ផ្តល់កា​រលើក​ទឹក​ចិត្ត ​ការ​សម្រប​សម្រួល ​និង​ការ​គាំទ្រ ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ ការ​បញ្ចេញ​គំនិតច្នៃ​ប្រឌិត ​និង​សំឡេង​របស់​យុវ​ផលិត​ករ​វ័យ​ក្មេង​កម្ពុជា ដើម្បី​រួម​ចំណែក​អភិវ​ឌ្ឍ​ឧស្សា​ហកម្ម​ភាពយន្ត​។ នេះបើ​តាម​ក្រសួង​វប្បធម៌​ ក្នុង​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃទី​២៩​ ខែ​កក្កដា។​

ភាព​យន្ត​ដែល​ផលិត​ត្រូវ​ផ្អែក​ទៅ​លើ​ខ្លឹមសា​រពីរ គឺ​ វប្បធម៌/សង្គម និងសង្គម/ការអភិវឌ្ឍ។ លក្ខ​ខណ្ឌ៧ចំណុច​ត្រូវ​បាន​កំណត់​សម្រាប់​អ្នក​ចូលរួម​ដាក់​ភាព​យន្ត​ខ្នាតខ្លីប្រកួត​ប្រជែង ដែល​មាន​ដូច​ជា​ ភាព​យន្ត​ដែលផលិត​ដោយ​ផលិតករខ្មែរ ផលិត​ចាប់​ពី​ខែម​ករា ឆ្នាំ​២០១៤ ​ឆ្លង​កាត់​ថ្នាក់​តែង​និពន្ធ​រឿង​ មាន​ថិរ​វេលា​បញ្ចាំងមិន​លើស​ពី​១៥នាទី ​ជា​ទម្រង់​ឌីជីថល​ ចំណង​ជើង​រង​ជា​ភាសា​អង់​គ្លេស ​ហើយ​ខ្សែ​ភាព​យន្ត​ខ្នាត​ខ្លីផ្សេ​ងទៀត​ដែល​ផលិត​ដោយ​ជន​ជាតិ​ខ្មែរ ​និងប​រទេស​អាច​ដាក់​បញ្ចាំ​ដោយ​មិន​ចាំបាច់​ប្រកួត​ប្រជែង​បាន។

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​នឹង​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃទី០៩ ​ខែមករា​ ឆ្នាំ​២០១៧ ​ដល់​ថ្ងៃទី​១៤ ខែមករា​ ឆ្នាំ២០១៧។​ កាល​បរិច្ឆេទ​ទទួល​ភាព​យន្ត​ខ្នាន​ខ្លី​ពី​ផលិតករ​ទូទៅ​ គឺ​នៅ​​ថ្ងៃទី១៥ ​ខែ​វិច្ឆកា ​ឆ្នាំ២​០១៦។ ចំណែកកាល​បរិច្ឆេ​ទទទួល​ភាព​យន្ត​ខ្នាន​ខ្លី​ពី​ផលិតករ​ដែល​ឆ្លង​កាត់​ថ្នាក់​តែង​និពន្ធ​រឿង​ គឺ​នៅថ្ងៃ​ទី​៣០​ ខែ​វិច្ឆកា ​ឆ្នាំ២០១៦។

សូម​បញ្ជាក់​ថា​ស្នាដៃភា​ព​យន្ត​ជម្រើស​ចុង​ក្រោយ​៥ចំណង​ជើង ​នឹង​ត្រូវ​ដាក់​ឲ្យទស្សនិកជន​បោះ​ឆ្នោត​​តាម​អន​​ឡាញ ហើយ​គណៈកម្មការ​រៀប​ចំ​មហោ​ស្រព​មាន​សិទ្ធិ​បញ្ជូន​ទៅ​ចូល​រួម​ក្នុង​មហោស្រព​ភាព​យន្ត​ថ្នាក់តំបន់ និងអន្តរជាតិ។

លោក ហួយ សុជាតិ ប្រធាន​ការិយាល័យ​រដ្ឋ​បាល​នៃ​នាយក​ដ្ឋាន​ភាពយន្ត បាន​ថ្លែង​ថា​មហោ​ស្រព​ជាតិភាព​យន្តខ្នាត​ខ្លី​នេះនឹ​ង​​រួម​​ចំណែក​បណ្តុះ​ចំណេះដឹង របស់យុវជន​ដែលមា​នទេពកោល្យផលិតភាពយន្ត ដើម្បី​ឲ្យវិស័យ​ភាព​យន្ត​ទាំង​មូល​ចូល​ក្នុង​ទីផ្សារ​ដោយ​មិន​មាន​ការ​ព្រួយបារម្ភ។ លោក​កត់​សម្គាល់​ថា​រាល់​ថ្ងៃ​នេះ​បច្ចេក​ទេស​នៃ​ការ​ផលិត​ និង​ថវិកា(សម្រាប់ការផលិត) នៅ​មាន​តិច ដូច្នេះ​បើ​ប្រៀប​ជា​មួយ​នឹង​ភាព​យន្ត​គេ(បរទេស) គឺ​ខ្សោយ​ជាង​គេ​ច្រើន។

លោកឆាយ​ បូរ៉ា ជា​ផលិត​ករ​​​ភាព​យន្ត​ខ្មែរ និង​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​ថ្លែងថាលោក​គាំទ្រ​ចំពោះការ​រៀប​ចំព្រឹត្តិ​ការណ៍​ប្រកួត​ប្រជែក​ភាព​យន្ត​ខ្នាត​ខ្លី​នេះ ដោយ​ចាត់​ទុក​ថា​វាជា​ចំណុច​ល្អ​សម្រាប់​ផលិត​ករ​ក្មេងៗ ដែល​គ្មាន​លទ្ធ​ភាព​ធ្វើ​ភាព​យន្ត​ខ្នាត​ធំ​ គឺ​គាត់​អាច​ធ្វើភាព​យន្ត​ខ្នាត​ខ្លី​សម្រាប់​ប្រកួត​ប្រជែង​បាន។ លោក​បន្ថែម​ថា ប្រសិន​បើ​យុវ​ផលិត​ករ​ស្រឡាញ់​វិស័យ​ភាព​យន្ត​ពិត​ប្រាកដ នោះ​គាត់​គឺ​ជា​អ្នក​រួម​ចំណែក​ធ្វើ​ឲ្យ​វិស័យ​នេះ​រីក​ចំរើន​ទៅ​មុខ​ ផ្ទុយ​ទៅវិញ​បើ​ពួក​គាត់​គ្រាន់​តែ​ធ្វើ​ភាព​យន្ត​ដើម្បី​បំបាត់​ការ​អផ្សុក នោះ​អាច​នឹង​ធ្វើ​ឲ្យ​វិស័យ​នេះថម​ថយ​ទៅ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ