អានតួអត្ថបទ
កម្ពុជា-ដីធ្លី

ព្រំ​ដែន​កម្ពុជា​-​ឡាវៈ តំបន់​អូរ​តាង៉ាវ ត្រូវ​ដាក់​ជា​តំបន់​គ្មាន​កង​ទ័ព គ្មាន​ប្រជាជន និង​ល្បាត​រួម​

ជម្លោះ កម្ពុជា-ឡាវ ជុំ​វិញ​បញ្ហា​ព្រំ​ដែន អូតាង៉ាវ នៃ​ខេត្ត​ស្ទឹង​ត្រែង​ប្រទេស​កម្ពុជា ជាប់​ខេត្ត​អាតាពឺ ប្រទេសឡាវ ត្រូវ​បាន​ដោះ​ស្រាយ​គ្នា​មួយ​ជំហ៊ាន​ទៀត​ ដោយ​ប្រមុខ​រដ្ឋា​ភិបាល​ប្រទេស​ទាំង​ពីរ។ ដំ​ណោះ​ស្រាយ​បន្ថែម​ស្តី​ពី​បញ្ហា​ព្រំ​ដែន ដែល​មិន​ទាន់​ដាច់​ស្រេច​នេះ ធ្វើ​ឡើង​ខណៈ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​ឡាវ លោក ថង​លូន ស៊ីសូលីត ចូល​រួម​វេទិការ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី១៣​ខែកញ្ញា​នេះ។ 

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ច​ពិភាក្សា​រយៈ​ពេល​កន្លះ​ម៉ោង នា ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីសូលីត នាយក​រដ្ឋ​មន្ត្រី​ឡាវ បាន​ដាក់​តំបន់​អូតាង៉ាវ ជា​តំបន់​ព្រំ​ដែន ដែល​មិន​ទាន់​ដោះ​ស្រាយ​គ្នា​ដាច់​ស្រេច រវាង​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ កម្ពុជា-ឡាវ។ បន្ទាប់​ពី​ជួប​ជជែក​គ្នា​អស់​រយៈ​ពេល​ប្រមាណ​៣០នាទី ​លោក ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ផ្តើម​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រួម ដោយ​ផ្ទាល់​មាត់ ដោយ​លោក​លើក​ឡើង​ចំនួន​៣ចំណុច​គឺ ទី​១ ​ត្រូវ​រក្សា​ទុក​ជា​តំបន់​គ្មាន​កងទ័ព ទី២ ជា​តំបន់​ដែល​គ្មាន​ប្រជាជន​រស់​នៅ​និង​ធ្វើ​អាជីវកម្ម និង ទី​៣ ត្រូវធ្វើ​ល្បាត​រួមគ្នា។​

លោក ហ៊ុន សែន បញ្ជាក់​បន្ត​ថា ការ​ធ្វើ​ល្បាត​រួមគ្នា គឺ​អាច​ធ្វើ​ដោយ​ថ្មើរ​ជើង និង​អាច​ធ្វើ​តាម​រយៈ​ការ​បង្ហោះ​ដ្រូន​មើល​រួម។ សម្រាប់​កម្ពុជា​ដែល​មាន​កម្លាំង​នៅ​ក្នុង​តំបន់​អូរ​តា​ង៉ាវ លោក​បាន​បញ្ជា​ឲ្យ​ចាប់​ផ្ដើម ដក​នៅ​មុន​កិច្ច​ប្រជុំ​កន្លះ​ម៉ោង ទៅ​កាន់​តំបន់​ឈរ​ជើង​ចាស់​អូរអាឡៃ ហើយ​បញ្ចប់​នៅ​ម៉ោង​៥ល្ងាច ថ្ងៃ​ទី១៣​កញ្ញា។

តាម​លោក​នាយក​រដ្ឋ​មន្ត្រី ​អ្វី​ដែល​ជា​ចំណុច​ថ្មី ​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ គឺ​ការ​បង្កើត​នូវ​ការ​ជឿ​ទុក​ចិត្ត​ឲ្យ​មាន​ការ​ល្បាត​រួមគ្នា​នៅ​តាម​ព្រំ​ដែន​។
រីឯ ចំណុច​ដែល​នៅ​សេស​សល់ ​មិន​ទាន់​បាន​ដោះ​ស្រាយ​ភាគី​ទាំង​ពីរ​ត្រូវ​ធ្វើ​បែប​បទ​ បច្ចេកទេស​ជូន​ទៅ​ភាគី​បារាំង ដែល​ភាគី​បារាំង បាន​យល់​ព្រម​តាម​សំណើ​របស់​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​រួច​ហើយ​អំពី​ការ​ជួយ​ផ្ទេរ​ផែន​ទី​ពី​ខ្នាត​មួយ​លើ​១០០ពាន់​មក​ខ្នាត​មួយ​លើ​៥០ពាន់​។

មួយ​វិញ​ទៀត ការ​ល្បាត​រួម​គ្នា​នៅ​ពេល​នេះ គឺ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ ​ព្រោះ​បើ​តាម​លោក ហ៊ុន សែនគឺ​មិន​ចង់​ឲ្យ​តំបន់ ​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​ដាច់​ស្រេច​នេះ ​ក្លាយ​ជា​ជម្រក​របស់​ពួក​ចោរ​ព្រៃ ពួក​រត់​ពន្ធ​គ្រឿង​ញៀន និង​ពួក​កាប់​បំផ្លាញ​ព្រៃឈើ​។ ​

សូម​រំលឹក​ថា បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ បាន​ជួប​ភាព​តាន​តឹង​ខ្លាំង​នឹង​គ្នា កាល​ពី​អំឡុង​ខែ​សីហា​កន្លង​ឆ្នាំ២០១៧​កន្លង​ទៅ ដោយ​សារ​យោធា​ឡាវ​ បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ហោះ​ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​ជា​បន្ទាន់ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក នាយក​រដ្ឋមន្រ្តី​ឡាវ លោក ថងលួន ស៊ីសូលីត ក៏​បាន​ហោះ​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ។ នៅ​ក្នុង​ជំនួប ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ មេ​ដឹក​នាំ​ទាំង​ពីរ ​បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើ​សុំ​បញ្ជូន​អ្នក​ជំនាញ​ការ​ព្រំដែន​បារាំង មក​ជួយ​វាស់​វែង និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ