ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/03 12h00 GMT

បើ​ខ្មែរ​រួប​រួម​គ្នា​នឹង​ធ្វើ​ឲ្យ​អក្សរ​សាស្រ្ត​ជាតិ​ខ្លាំង

បើ​ខ្មែរ​រួប​រួម​គ្នា​នឹង​ធ្វើ​ឲ្យ​អក្សរ​សាស្រ្ត​ជាតិ​ខ្លាំង
 
បើ​ខ្មែរ​រួប​រួម​គ្នា​នឹង​ធ្វើ​ឲ្យ​អក្សរសាស្រ្ត​ជាតិ​ខ្លាំង

ក្នុង​ន័យ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​អក្សរសាស្រ្ត​ខ្មែរ​ឲ្យ​បាន​ទូលាយ និង​ត្រឹម​ត្រូវ មាន​គម្រូ​នៃ​ការ​ប្តេជ្ញា​ចិត្ត ស្តែង​តាម​សកម្មភាព​ជា​ច្រើន​ទម្រង់​។ ចំពោះ​ស្ថាប័ន​រដ្ឋ ការ​កែ​ប្រែ​ពង្រឹង​គុណភាព​សិក្សា ទាំង​ថ្នាក់ កុមារ​តូច បឋម​សិក្សា មធ្យម​សិក្សា ឧត្តម​សិក្សា បណ្តុះ​បណ្តាល និង​វិក្រិត​ការ អប់រំ​ក្រៅ​ប្រព័ន្ធ គឺ​ជា កក្តា​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់ អក្សរសាស្រ្ត​បាន​ត្រឹម​ត្រូវ និង​ផ្លូវ​ការ​មួយ។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ស៊ីវិល នៅ​ពេល​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បាន​ក្លាយ​ជា ទី​លាន​សេរីភាព​មួយ​ មាន​ អ្នក​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ងាក​មក​គាំទ្រ​គ្នា បើក​យុទ្ធនាការ​លើក​ស្ទួយ​អក្សរ​ខ្មែរ។ បន្តិច​ម្តងៗ ពួក​គេ​ជឿ​ជាក់​ថា ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ នឹង​មាន​ភាព​ប្រសើរ​ជាង​មុន។

ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ដែល​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កាន់​តែ​ច្រើន​ឡើងៗ បាន​ភ្ញាក់​រលឹក​កៀង​គ្នា​បើក​យុទ្ធនាការ​តាម​អ៊នឡាញ​លើក​ស្ទួយ​តម្លៃ​អក្សរសាស្រ្ត និង​ភាសាខ្មែរ។

ផ្តើម​ចេញ​ពី លោក អ៊ាង សុផល្លែត ​អនុរដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន។ តាំង​ពី​ខែ​តុលា​ឆ្នាំ ២០១៦ និង​ជា​ទៀង​ទាត់​មក​ទល់​នឹង​ពេល​នេះ លោក​តែង​បង្ហោះ​ផ្សាយ​តាម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​នូវ​ចលនា «មួយ​ថ្ងៃ​រៀន​បី​ពាក្យ ដើម្បី​អក្សរសាស្រ្ត​ខ្មែរ​យើង!» ដែល​ក្នុង​នោះ ពាក្យ​ខ្មែរ​ចំនួន បី មាន​ទាំង​ពន្យល់​អត្ថន័យ​ផង ត្រូវ​បាន​លោក​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម និង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផ្សេង​ទៀត​ចែក​ផ្សាយ​បន្ត​គ្នា។

សារ​លើក​កម្ពស់​អក្សរ​ជាតិ​លើ​បណ្តាញ​សង្គម របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផ្សេង​ទៀត ក៏​មាន​ដែរ រាប់​បញ្ចូល​ «យើង​ជា​ជន​ជាតិ​ខ្មែរ យើង​ឲ្យ​តម្លៃ​អក្សរសាស្រ្ត​ខ្មែរ» «លើក​កម្ពស់​ភាសាខ្មែរ ដោយ​សរសេរ​ជា អក្សរ​ខ្មែរ» ឬ «បាន​ទេ ប្រសិន​បើ​នាំ​គ្នា​សរសេរ​អក្សរ​ខ្មែរ​តាម​បណ្តាញ​Facebook ?» ជា​ដើម។ តើ​ហេតុអ្វី​បាន​ជា​មាន ចលនា​នេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក?

អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ បើ​យើង​ត្រួត​ពិនិត្យ​ដោយ​យក​ចិត្ត​ទុក​ដាក់​បន្តិច លើ​ការ​ប្រើ​ប្រាស់​អក្សរ​សាស្រ្ត​ខ្មែរ តាម​ទំព័រ​អត្ថបទ​កាសែត គេហទំព័រ កញ្ចក់​ទូរទស្សន៍ ស្លាក​យីហោ​ពាណិជ្ជកម្ម ជា​ដើម ហាក់​មិន​សូវ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​ខ្មែរ​ទេ។ ការ​និយាយ និង​សរសេរ​ខុស​វេយ្យាករណ៍​ខ្មែរ ទាំង​មិន​ដឹង​ខ្លួន​ខុស ឬ​ទម្លាប់​ប្រើ​ខុស ក្នុង​សហគមន៍ បាន​បន្ត​ចម្លង​រីក​រាល​ដាល ឥត​ឈប់​ឈរ​នេះ បាន​បង្ក​ឲ្យ​ទើស​ចិត្ត​ជា​ខ្លាំង ​ចំពោះ​ពលរដ្ឋ​ដែល​ស្រលាញ់​ភាសា​ជាតិ។​ ហើយ​នៅ​ពេល​ដែល​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ផ្តើម​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​កម្ពុជា អំឡុង​ដើម​ឆ្នាំ ២០១៣ ទម្លាប់​ប្រើ​ប្រាស់​ភាសា​បែប​សហគមន៍ ដោយ​គ្មាន​ក្បួន​វេយ្យាករណ៍​ខ្មែរ ឬ​សរសេរ​អក្សរ​អង់គ្លេស​ប្រកប​សំនៀង​ខ្មែរ លើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វេសប៊ុក​កាន់​តែ​ច្រើន​នេះ​ហើយ​ ដែល​បង្ក​ជំរុញ​ចិត្ត​ឲ្យ ពលរដ្ឋ​ដែល​មាន​សមាន​ចិត្ត​ជា​ច្រើន មាន​គំនិត​ផ្តួច​ផ្តើម យុទ្ធនាការ​តាម​អ៊នឡាញ លើក​ស្ទួយ​តម្លៃ អក្សរសាស្រ្ត ខ្មែរ។

ជា​ការ​ពិត អក្សរសាស្រ្ត​ខ្មែរ អាច​នឹង​ស្មុគ​ស្មាញ ពិបាក​រៀន តែ ភាសាខ្មែរ ជា​ភាសា​ដែល​មាន​លក្ខណៈ​ពិសេស និង​សម្បូរ​បែប ខុស​ពី​ភាសា​នៃ​ជាតិ​សាសន៍​ដទៃ។ ព្យញ្ជនៈ និង​ស្រះ​ខ្មែរ មាន​ចំនួន​ច្រើន​ជាង​ភាសា​ដទៃ​ទៀត។ អក្សរ ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា បី​ក្រុម​គឺ ព្យញ្ជនៈ មាន ៣៣​តួ ស្រះ​ពេញ​តួ​មាន ១២​តួ និង ស្រះ​និស្ស័យ មាន ២៧ តួ ។ ភាសាខ្មែរ ត្រូវ​សរសេរ ​ដោយ​មាន ​តួ​ខ្លួន​ ដៃ​ មាន​ជើង និង​សក់ ​ដូចជា ​តួ​ខ្លួន​​របស់​មនុស្ស​ដែរ និង​មាន​លក្ខណៈ​ជា​ធម្មជាតិ ​ដែល ​ខ្មែរ​សម័យ​បុរាណ​ បាន​ចាត់​ទុក​ តួ​អក្សរ​នីមួយៗ​ជា «អង្គអក្សរ» មិនមែន​ជា​តួអក្សរ​ទេ​។

ជា​ច្រើន​ឆ្នាំ​មក​នេះ កង្វះ​ខាត​ធនធាន​មនុស្ស ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​អក្សរ​សាស្រ្ត​តិច​តួច ទម្លាប់​ប្រើ​ប្រាស់​ភាសា​បរទេស​ច្រើន​ជាង​ភាសា​ជាតិ និង​ភាព​ចម្រូង​ចម្រាស់​នៃ​ការ​ប្រើ​ប្រាស់​សំណេរ​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ សុទ្ធ​តែ​ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន បាត់​បង់​មោទនភាព​អក្សរ​សាស្រ្ត​ជាតិ និង​ធ្វើ​ឲ្យ​អក្សរសាស្រ្ត​ខ្មែរ​ខ្សោយ។ គឺ​ក្រោយ​ភ្លើង​សង្រ្គាម​ប្រល័យ​ពូជសាសន៍ ពលរដ្ឋ​ខ្មែរ​ដែល​នៅ​រស់​រាន្ត​មាន​ជីវិត​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ជា អនរក្ខជន និងខ្វះ​មោទនភាព​លើ​អក្សរសាស្រ្ត​ខ្មែរ។ ហើយ​បទ​ពិសោធន៍​នៃ ទម្លាប់​មិន​ខ្វល់​នឹង​អក្សរសាស្រ្ត​ជាតិ ក៏​គឺ​ជា​ហេតុផល​មួយ នៃ​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​ខុស​ក្បួន​ខ្នាត។ ព្រោះ​ឳពុក​ម្តាយ​សម័យ​ថ្មី ក៏​ផ្តោត​លើ ភាសា​បរទេស ជា​អក្សរ​សាស្រ្ត​ខ្មែរ ទាំង​ការ​ប្រើ​ប្រាស់​នៅ​ផ្ទះ និង​សាលារៀន។  

គេ​ត្រូវ​ចាំ​ថា អក្សរ​ខ្មែរ បើ​សរសេរ​ខុស​វេយ្យាករណ៍ តែ​បន្តិច នោះ​អត្ថន័យ របស់​ពាក្យ នឹង​ប្រែ​ប្រួល ខុស​គ្នា​ដូច មេឃ និង​ដី ដូច​ជា ពាក្យ ក្តី សរសេរ​បាត់ ស្រះ «ី» ជា​ដើម។​

ដូច្នេះ អំណេះ​ត​ទៅ ពលរដ្ឋ​ខ្មែរ គួរ​តែ​ទម្លាប់​ប្រើ​ប្រាស់​អក្សរសាស្រ្ត​ខ្មែរ តាំង​ពី​កុមារភាព ទាំង​នៅ​ផ្ទះ និង​នៅ​សាលារៀន។ គណៈកម្មការ​ជាតិ​អក្សរសាស្រ្ត​ខ្មែរ គួរ​តែ​បង្កើត និង​ទទួល​ស្គាល់​ពាក្យ​ថ្មី ក្នុង​ការ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។ ក្នុង​ន័យ​នេះ គឺ ពាក្យ​ដែល​ប្រើ​សឹង​គ្រប់​គ្នា ហើយ​អាច​ក្លាយ​ទៅ​ជា ពាក្យ​ថ្មី គួរ​តែ​បញ្ចូល​បន្ថែម ក្នុង​វចនានុក្រម​បន្ថែម ដែល​គួរ​ធ្វើ​បច្ចុប្បន្ន​ភាព​អក្សរសាស្រ្ត​រៀង​រាល់​ឆ្នាំ ឬ​យ៉ាង​ហោច​ណាស់ ពីរ​ឆ្នាំ​ម្តង។

តាម​ពិត​ទៅ គម្រូ​នៃ​ការ​ខិត​ខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ការ​ប្រើ​ប្រាស់​អក្សរសាស្រ្ត​ខ្មែរ មាន​យូរ​ឆ្នាំ​មក​ហើយ និង​មាន​តាម​ច្រើន​ទម្រង់។ សកម្មភាព​ទាំង​នោះ រួម​មាន ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​បង្កើត​ក្តារ​ចុច​ពុម្ព​អក្សរ​ខ្មែរ ស្អាតៗ ដែល​ទាក់​ទាញ ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ភាសាខ្មែរ។ ដែល​បច្ចុប្បន្ន អក្សរ​ខ្មែរ ក៏​អាច​រក​បាន នៅ​លើ កម្មវិធី​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ជំនាន់​ថ្មី ចុង​ក្រោយ។ នៅ​ពេល ហ្វេស​ប៊ុក បាន​ក្លាយ​ជា ទី​លាន​សេរីភាព​មួយ​ ដែល​ពលរដ្ឋ​ស៊ីវិល អាច ធ្វើ​សកម្មភាព​ណា​មួយ​ដើម្បី​សង្គម ដោយ​ផ្តើម​ពី​ខ្លួន​ឯង​ផ្ទាល់ វេទិកា​នេះ ក៏​អាច​ក្លាយ​ជា​មធ្យោបាយ​មួយ​ទៀត ក្នុង​ការ​លើ​កម្ពស់​អក្សរ​សាស្រ្ត​ខ្មែរ​ផង​ដែរ។

មិន​ថា​ប្រើ​ប្រាស់​មធ្យោបាយ​ណា​មួយ នៅ​ពេល​ ដែល​ពលរដ្ឋ​ខ្មែរ​អាច​ បណ្តុះ​ទស្សនៈ​មោទនភាព​អក្សសាស្រ្ត​ជាតិ​បាន​ហើយ ពួក​គេ​នឹង​ចេះ​របៀប​និយាយ​ស្តី និង​សរសេរ ​ដែល​អាច​សម្គាល់​បាន​ពី អត្តសញ្ញាណ​ជាតិ​ខ្មែរ។ ពេល​នោះ ស្ថិរភាព​ និង​និរន្តរភាព​ នៃ​ការ​អភិវឌ្ឍ​អក្សរសាស្រ្ត​ខ្មែរ ​នឹងត្រូវ​បាន​ធានា ​បើ​ទោះ​ជា ឆ្លង​កាត់​ព្យុះ​ភ្លៀង​ធំ​ក៏​ដោយ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    ក្រុម​ទាយាទ​អង្គរ ៖ ក្តី​ស្រឡាញ់​អក្សរសាស្រ្ត​ខ្មែរ​ពិត​ប្រាកដ គួរ​ស្តែង​ចេញ​ជា​សកម្មភាព​

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    នៅ​ពេល​ពលរដ្ឋ​កម្ពុជា មិន​សូវ​ស្រឡាញ់​អក្សរ​និង​ភាសាជាតិ

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    មនុស្ស​៦​នាក់​ក្នុង​គ្រួសារ​ជនជាតិ​ព្នង​មួយ​រៀន​ដល់​ឧត្តម​សិក្សា ​ខ្លះ​រៀន​ពេទ្យ ​អក្សរសាស្រ្ត​ខ្មែរ​ និង​គណនេយ្យ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ