អានតួអត្ថបទ
កម្ពុជា

«ពិពិធភាព​ភាសា​ខ្មែរ» ត្រូវ​បាន​លើក​មក​ជជែក​ខណៈ​ភាសាខ្មែរ​កំពុង​ប្រើប្រាស់​ខ្វះ​ការ​ឯកភាព​ក្នុង​សង្គម

ដើម្បី​ស្វែង​រក​ឯកភាព​ខាង​ការ​សរសេរ​អក្ខរាវិរុទ្ធ ការ​បង្កើត​ពាក្យ កម្ចី​ពាក្យ​ប្រកប​ដោយ​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ រួម​ជាមួយ​នឹង​ក្រសួង​អប់រំ បាន​បើក​វេទិកា​សិក្ខា​សាលា​ចំនួន​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ​កញ្ញា​នេះ និង​ថ្ងៃ​សុក្រ​ស្អែក​ ក្រោម​ប្រធានបទ​«ពិពិធភាព​ភាសាខ្មែរ»។ កិច្ច​ប្រជុំ​ ដែល​មិន​សូវ​ញឹក​ញាប់​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​បទ​អន្តរាគមន៍​ពី​សំណាក់​អ្នក​ជំនាញ​ភាសាជាតិ និង​បរទេស​ជំនាញ​ភាសា​ខ្មែរ​ផង​ដែរ។

លោក ច័ន្ទ សំណព្វ ​អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា
លោក ច័ន្ទ សំណព្វ ​អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា © គី​ សុខលីម
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ថា ដល់​ពេល​វេលា ឬ​ក៏​ជ្រែ​ពេល​បន្តិច​ក៏​ថា​បាន ដែល​ខ្មែរ​ត្រូវ​តែ​ឯកភាព​គ្នា​ ក្នុង​ការ​ប្រើប្រាស់​ភាសាខ្មែរ ទាំង​ការ​សរសេរ​អក្ខរាវិរុទ្ធ ទាំង​ការ​បង្កើត​ពាក្យ​ថ្មី និង​កម្ចី​ពាក្យ​ជា​ដើម។ នៅ​ក្នុង​សិក្ខាសាលា​រយៈ​ពេល​ ២​ថ្ងៃ​នេះ លោក​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ បាន​លើក​ឡើង​ថា ការ​ជជែក​គ្នា​លើ​ប្រធាន​បទ​នេះ មាន​សារៈ​សំខាន់ ដើម្បី​ស្វែង​រក​គន្លឹះ​ថ្មី​ៗ​ថែម​ទៀត ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​ភាសាខ្មែរ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ដោយឈរ​លើ​ស្មារតី​ឯកភាព​ជាតិ​ខាង​ភាសា ​និង​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជាតិ​ខ្មែរ។

លើស​ពី​នេះ​លទ្ធផល​នៃ​ការ​ពិភាក្សា​នេះ នឹង​អាច​ជា​ទុន​សម្រាប់​ចែក​រំលែក ព្រម​ទាំង​ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន ពិធីករ ពិធីការិនី អ្នក​បង្រៀន​ភាសាខ្មែរ ដែល​ជា​ចលករ​នៃ​ការ​បណ្តុះ​បណ្តាល​ភាសាខ្មែរ​ ដល់​ជន​បរទេស​ផង​ដែរ។ នេះ​បើ​តាម​លោក​បណ្ឌិត ច័ន្ទ សំណព្វ។

នៅ​ក្នុង​សិក្ខាសាលា​នេះ​ដែរ អ្នក​ជំនាញ​ភាសាខ្មែរ ដែល​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​ខ្មែរ​ជន​ជាតិ​ចិន និង​ជនជាតិ​ថៃ មក​ពី​សកល​វិទ្យាល័យ​ប្រទេស​ថៃ និង​ចិន ក៏​បាន​ធ្វើ​បទ​បង្ហាញ ក្នុង​ចំណោម​បទ​បង្ហាញ​ត​ៗ​គ្នា​ចំនួន​៩។

ជា​ការ​ពិត​ការ​ធ្វើ​សិក្ខាសាលា​ស្តីពី​ពិពិធ​ភាព​ភាសាខ្មែរ គឺ​ជា​ការ​ស្វែង​រក​ស្តង់ដា​រួម​មួយ​ ខាង​ការ​និយាយ ការ​អាន ការ​សរសេរ ការ​បង្កើត​ពាក្យ ការ​ប្រើប្រាស់​ពាក្យ​ជា​ដើម គឺ​ជា​កត្តា​ចាំបាច់​ ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​ភាសាខ្មែរ​នា​ពេល​បច្ចុប្បន្ន។

ភាសា និង​អក្សរសាស្ត្រ​ខ្មែរ គឺ​ជា​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​ខ្មែរ និង​ព្រលឹង​វប្បធម៌​ខ្មែរ។ ជា​ការ​កត់​សម្គាល់​ ការ​ប្រើប្រាស់​ភាសាខ្មែរ ទាំង​សំណេរ​ និង​ការ​និយាយ​ស្តី​បច្ចុប្បន្ន នៅ​មិន​ទាន់​មាន​ឯកភាព​គ្នា ឬ​ក៏​មាន​ការ​ណែនាំ ត្រួត​ពិនិត្យ​ពី​សំណាក់​ស្ថាប័ន​មាន​សមត្ថកិច្ច​នោះ​ទេ។ ជាក់​ស្តែង​សំណេរ​នៅ​លើ​បណ្តាញ​សង្គម​នានា ជា​ពិសេស​ហ្វេសប៊ុក បាន​នឹង​កំពុង​បង្ក​ឲ្យ​មាន​ភាព​ខាតបង់​កិត្យានុភាព​ភាសាខ្មែរ យ៉ាង​ច្បាស់​លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ