អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​បរទេស​និយម​​សូម្បី​តែ​ដាក់​ឈ្មោះ​កូន!

ចុះផ្សាយ​នៅ​ថ្ងៃ៖

បរទេស​និយម គឺ​ជា​ផ្នត់​គំនិត​ថ្មី នៅ​ក្នុង​សម័យ​អភិវឌ្ឍ​។ ប្រជាពលរដ្ឋ​កម្ពុជា​សព្វ​ថ្ងៃ និយម​ចាយ​ក្រដាស​ប្រាក់​បរទេស រៀន​ភាសា​បរទេស ទិញ​ទំនិញ​បរទេស ទទួលទាន​អាហារ​បរទេស​។ សូម្បី​តែ​ដាក់​ឈ្មោះ​កូន ក៏​ម្ដាយ​ឪពុក​ខ្មែរ​ភាគ​ច្រើន និយម​ដាក់​ឈ្មោះ​បរទេស​ដែរ​។ ជា​ការ​ពិត​ ការ​និយម​បរទេស​​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ឡើយ នៅ​ខណៈ​ដែលពិភពលោក​ទាំង​មូល​​ស្ថិត​ក្នុង​សម័យ​សាកលភាវូបនីយកម្ម​​។ ប៉ុន្តែការ​និយម​បរទេស​ជ្រុល​ហួស​ពេក អាច​នឹង​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​សម្រាប់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​នា​ពេល​អនាគត។

ផ្សាយពាណិជ្ជកម្ម

សាកលភាវូបនីយកម្ម​នៅ​ក្នុង​សង្គម​ខ្មែរ មិន​មែន​មាន​ត្រឹម​តែ​នៅ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច អប់រំ សិល្បៈ និង​វប្បធម៌​ប៉ុណ្ណោះ​ទេ​។ ក៏​មាន​ផង​ដែរ សាកលភាវូបនីយកម្ម​ក្នុង​ការ​ដាក់​ឈ្មោះ​កូន​។ សព្វ​ថ្ងៃ គេ​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ និយម​ដាក់​ឈ្មោះ​កូន​ជា​ភាសា​បរទេស​។ ជូលី ដាវីត ចន ចេកគី ហេលីណា ​អេលីសាប៊ែត ឈុនមុយ និង​វួចលី ជា​ដើម គឺ​ជា​ឈ្មោះ​ក្មេង​ៗ​ជំនាន់​ថ្មី សម័យ​ដែល​បរទេស​និយម​មាន​ឥទ្ធិពល​យ៉ាង​មហិមា​នៅ​ក្នុង​សង្គម​ខ្មែរ​។ អ្នក​ខ្លះ ដាក់​ឈ្មោះ​កូន​ជា​ភាសា​បរទេស ដោយ​យល់​អត្ថន័យ​នៃ​ឈ្មោះ​នោះ​។ ប៉ុន្តែ​ខ្លះ​ទៀត មិន​បាន​ស្វែង​យល់​ឲ្យ​បាន​វែង​ឆ្ងាយ​ឡើយ​។ ពួក​គេ​និយម​ដាក់​ឈ្មោះ​កូន​ជា​ភាសា​បរទេស ព្រោះ​ចូល​ចិត្ត​ឈ្មោះ​នោះ ឬ​ព្រោះ​ជា​ឈ្មោះ​របស់​បុគ្គល​ជោគជ័យល្បី​ល្បាញ ឬ​ជា​ឈ្មោះ​របស់​តារា​បរទេស​ជា​ដើម​។

ការ​ដាក់​ឈ្មោះ​កូន​ខ្មែរ​នា​សម័យ​នេះ ខុស​ប្លែក​ពី​សម័យ​បុរាណ​ខ្លាំង​។ ពី​ដើម ខ្មែរ​ប្រកាន់​សម្បើម​ណាស់​ចំពោះ​ការ​ដាក់​ឈ្មោះ​កូន។ គេ​រើស​យ៉ាង​ផ្ចិត​ផ្ចង់ មិន​មែន​ចេះ​តែ​រើស​ដាក់​ៗ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ តាម​​​ប្រពៃណី​ខ្មែរ​បុរាណ ដើម្បី​ដាក់​ឈ្មោះ​កូន ត្រូវ​ធ្វើ​ឡើង​ដោយ​តម្រូវ​ទៅ​តាម​ឫកពារ​ពេលា​ល្អ ឡើង​ស័ក្តិ ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​កំណើត​​របស់​ទារក និង​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតាបិតា ចំពោះ​អនាគត​បុត្រ​ធីតា​ខ្លួន​។

 
ដោយ​ឡែក ចំពោះ​ឈ្មោះ​នោះ​ទៀត​សោត គឺ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយ​ៗ ដើម្បី​ទី​១៖ ឲ្យ​ស្រប​ទៅ​តាម​វណ្ណៈ​គ្រួសារ និង​ទី​២៖ ដើម្បី​សម្គាល់​នូវ​ពូជ​ពង្ស​វង្ស​ត្រកូល​នៃ​គ្រួសារ​នីមួយ​ៗ​។ ចំពោះ​ព្រះ​រាជ​បុត្រ​ព្រះ​មហាក្សត្រ ព្រះ​នាម​នីមួយ​ៗ​ត្រូវ​មាន​ពាក្យ​ពី​៤​ព្យាង្គ​ឡើង​ទៅ តួ​យ៉ាង ព្រះ​រាជបុត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ព្រះ​នាម វិរកុមារ សុរិយកុមារ​។ និង​ព្រះ​បរមនាម​ព្រះ​បាទ​នរោត្តម គឺ​រាជាវត្តី ជា​ដើម​។ ចំណែក​បុត្រ​មន្ដ្រី គហបតី និង​មន្ដ្រី​កិត្តិយស ឈ្មោះ​ត្រូវ​មាន​យ៉ាង​ច្រើន​ពីរ​ព្យាង្គ ដូច​ជា សម្បត្តិ ចម្រើន សុខា និង​ចិន្តា​។ ដោយ​ឡែក​សម្រាប់​បុត្រ​រាស្ត្រ​សាមញ្ញ​ធម្មតា ឈ្មោះ​មាន​តែ​មួយ​ព្យាង្គ​ប៉ុណ្ណោះ ជា​អាថិ៍ សុខ សៅ គង់ ម៉ែន និង​ម៉ុក ជា​ដើម​។

ប្រពៃណី​នៃ​ការ​ដាក់​ឈ្មោះ​កូនខ្មែរ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ បាន​ប្រែ​ក្លាយ​ទៅ​ហើយ​។ គ្មាន​ការ​ប្រកាន់​ព្យាង្គ​ឈ្មោះ ព្រោះ​គ្មាន​ការ​បែង​ចែក​វណ្ណៈ​ទៀត​ទេ នៅ​កម្ពុជា​។ ជាទូទៅ របៀប​នៃ​ការ​ដាក់​ឈ្មោះ​ឲ្យ​កូន លែង​ពិបាក​សាំញ៉ាំ​ដូច​មុន​ហើយ​។ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ ដាក់​ឈ្មោះ​កូន​តាម​ការ​ស្រឡាញ់​ពេញ​ចិត្ត​។ ចំណែក ការ​ដាក់​ឈ្មោះ​កូន ជា​ភាសា​បរទេស បើ​ទោះ​បី​ជា​កូន​នោះ​មាន​សក់​រួញ​អង្គាស​ដី ឬ​មាន​សម្បុរ​ខ្មៅ​ក៏ដោយ ក៏​​លែង​​ជា​រឿង​ចម្លែក​អ្វី​ត​ទៅ​ទៀត​ដែរ​។ អ្វី​ដែល​ចម្លែក​​នោះ​គឺ នៅ​ពេល​ដែល​កូន​ខ្មែរ​ងាក​ទៅ​ប្រើ​ឈ្មោះ​បរទេស ជនជាតិ​បរទេស​ខ្លះ​ទៀត​ដែល​រស់​នៅ​ស្រុក​ខ្មែរ បាន​ប្ដូរ​ឈ្មោះ​ខ្លួន​ឯង​មក​ជា​បូផា កញ្ញា ធីតា តារា ឬ​សុខសាន្ត​ វិញ ដើម្បី​សម្រប​ទៅ​តាម​សង្គម​ដែល​ពួក​គេ​រស់​នៅ​។

បើ​ទោះ​បី​ជា​វា​មិន​មាន​រឿង​ខុស​ឆ្គង​ក៏​ដោយ ក៏​គេ​ត្រូវ​​ចោទ​សួរ​ដែរ​ថា ​តើ​ខ្មែរ​គួរ​តែ​ខ្មាស​បរទេស​ដែរ​ឬ​ទេ នៅ​ពេល​បរទេស​ស្រឡាញ់​និង​ឲ្យ​តម្លៃ​ឈ្មោះ​ជា​ភាសា​ខ្មែរ ច្រើន​ជាង​ខ្មែរ​ដែល​ជា​ម្ចាស់​ភាសា​ខ្លួន​ឯង​? រឿង​ខ្មាស​ជា​រឿង​មួយ។ រឿង​សំខាន់​មួយ​ទៀត​ដែល​ត្រូវ​គិត​ដល់​ដែរ​នោះ​គឺ អត្តសញ្ញាណ​ជាតិ​។

មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​លោក​យើង​នេះ តែង​តែ​មាន​ឈ្មោះ​សម្រាប់​ហៅ ដោយ​គ្មាន​ការ​លើក​លែង​ណា​មួយ​នោះ​ឡើយ​។ ឈ្មោះ គឺ​ជា​អត្តសញ្ញាណ​មួយ ដែល​អនុញ្ញាត​ឲ្យ​គេ​ស្គាល់​បាន​ថា មនុស្ស​នោះជា​ជាតិ​សាសន៍​អ្វី និង​​មាន​ប្រភព​មក​ពី​ណា​។ ការ​ដាក់​ឈ្មោះ​បរទេស ថ្វី​ត្បិត​តែ​មិន​ខុស​។ ប៉ុន្តែការ​និយម​បរទេស​ជ្រុល​ហួស​ពេក អាច​នឹង​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​សម្រាប់​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ក៏​ថា​បាន​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ