អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ក្រោយ​ទិវា​ហូប​នំ​បញ្ចុក​៖ មេធាវី​ស្នើ​តុលា​ការ​ខេត្ត​បាត់​ដំបង​កុំ​ចាត់​ការ​សំណុំ​រឿង​សកម្មជន​អតីត​បក្ស​ប្រឆាំង​

ទិវា​ទទួល​ទាន​នំបញ្ចុក​នៅ​ថ្ងៃទី០៩ មិថុនា ដែល​មាន​ការ​ចូល​រួម​ទាំង​សមាជិក​គណ​បក្ស​កាន់​អំណាច និង អតីត​បក្ស​ប្រឆាំង​បាន​បញ្ចប់​ជាមួយ​រូបភាព​វិជ្ជមាន​សម្រាប់​សំណុំ​រឿង​ក្រុម​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​។ មេធាវី​ការពារ​សកម្មជន​ទាំង​នេះ បាន​អះអាង​ថា ការ​ជួប​ជុំ​ហូប​នំបញ្ចុក​នេះ​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ។ ដូច្នេះ​ហើយ លោក​ស្នើ​ឱ្យ​តុលាការ​ខេត្ត​បាត់ដំបង់​តម្កល់​ទុក​មិន​ចាត់​ការ​សំណុំ​រឿង​ពួកគេ​ដែល​ត្រូវ​តុលាការ​កោះហៅ​ទៅ​សាក​សួរ​រឿង​ជួប​ជុំ​ហូប​នំបញ្ចុក​នេះ​។ 

រូបភាព៖ នំបញ្ចុក
រូបភាព៖ នំបញ្ចុក @kimhong
ផ្សាយពាណិជ្ជកម្ម

សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​២៦​នាក់ ដែល​ភាគ​ច្រើន​ជា​អតីត​មេឃុំ និង​ចៅ​សង្កាត់​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​បញ្ចប់​ការ​សាក​សួរ និង មិន​បាន​ចោទ​ប្រកាន់​អ្វីទេ​កាល​ពីខែ​មុន​។ ចំណែក​សកម្មជន​ចំនួន​៩នាក់​ទៀត ត្រូវ​បាន​តុលាការ​លើក​ពេល​សាក​សួរ​ដោយ​មិន​កំណត់​ពេល​វេលា ដោយ​ប្រាប់​ឱ្យ​រង់ចាំ​កោះ​ហៅ​ជា​ថ្មី​ពី​សំណាក់​តុលាការ​។

យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ ពោល គឺ​បន្ទាប់​ពី​ទិវា​ហូប​នំបញ្ចុក​រួម​គ្នា​៩ មិថុនា បាន​បញ្ចប់​ទៅ​ហើយ​ ក៏​តុលាការ​ខេត្ត​បាត់​ដំបង នៅ​មិន​ទាន់​បាន​កោះហៅ​សកម្មជន​ទាំង​៩នាក់​នោះ​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ជួប​ជុំគ្នា​ហូប​នំបញ្ចុក​សម្តែង​ការ​គាំទ្រ​សកម្មភាព​របស់​លោក​សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ​ដែរ​។

លោក សំ សុគង់ មេធាវី​ការពារ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តុលាការ​មិន​គួរ​បណ្តែត​បណ្តោយ​ពេល​វេលា​បែប​នេះ​តទៅ​ទៀត​ទេ គឺ​គួរ​តែ​សម្រេច​តម្កល់​មិន​ចាត់​ការ​សំណុំ​រឿង​របស់​ពួក​គេ ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​ខុស​ច្បាប់​។ មិន​បាន​ធ្វើ​ខុស​ច្បាប់ ព្រោះ​លោក​មេធាវី​សំអាង​ថា ការ​ជួប​ជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក​កាល​ពីថ្ងៃទី០៩ មិថុនា តាម​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន គឺ​ជា​ការ​ជួប​ជុំហូប​នំបញ្ចុក​សាមគ្គី​ភាព និង​ឯក​ភាព​ជាតិ ដែល​មិន​មែន​ជា​រឿង​ខុស​ច្បាប់​។ ដូច​នេះ​ហើយ ការ​ជួប​ជុំ​ហូប​នំបញ្ចុក​របស់​ក្រុម​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង ក៏​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ដែរ​។

សម្រាប់លោកមេធាវី សំ សុគង់ ប្រសិនបើតុលាការមិនសម្រេចលើសំណុំរឿងរបស់ពួកគេទេ គឺពួកគេមិនទាន់មានសេរីភាពពេញលេញឡើយ ពោលគឺនៅតែមានការព្រួយបារម្ភ និង ខ្វល់ចិត្តមិនជ្រះស្រឡះដែលធ្វើឱ្យប៉ះពាល់ការប្រកបរកស៊ីប្រចាំថ្ងៃរបស់ពួកគេ។

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​សកម្មជន​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ សកម្ម​ជន​ចំនួន​៣៥​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ធំ ក៏​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​ហៅ​ទៅ​សួរ​នាំ​រឿង​ជួប​ជុំ​គ្នា​ហូប​នំបញ្ចុក​សម្តែង​ការ​គាំ​ទ្រ​ដល់​សកម្មភាព​លោក​សម រង្ស៊ី នៅ​ក្រៅ​ស្រុក​ផង​ដែរ​។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​ហូប​នំបញ្ចុក គឺ​ជា​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​។ ប៉ុន្តែ​លោក​ថា ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ទូលំ​ទូលាយ​ក្នុង​ការ​ហូប​នំបញ្ចុក​ដោយ​គ្មាន​ការ​ព្រួយ​បរម្ភ​អ្វី​ឡើយ​ កុំ​ឲ្យ​តែ​យក​នំបញ្ចុក​មក​ធ្វើ​ជា​ខែល​បិទ​បាំង ដើម្បី​នាំ​គ្នា​គាំទ្រ​លោក​សម រង្ស៊ី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ