ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
កម្ពុជា

សង្គម​ស៊ីវិល៖ ពលករខ្មែរ​មកពី​ថៃ លំបាក​វេទនា តែអាជ្ញាធរ​ជាយ​ដែនបែរជា​​ស្ងាត់ឈឹង មិន​ឃើញ​អន្តរាគមន៍​សោះ!

media  
ពលករ​ខ្មែរ​ខុស​ច្បាប់​ប្រមាណ​ជា​២០០​នាក់​ត្រូវ​បាន​តម្រួត​ថៃ​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី ​២ ​មេសា ​ឆ្នាំ ​២០១៧​។​ @the nation

ចាប់​តាំង​ពី​ដើម​ខែ​មេសា​នេះមកម្ល៉េះ ​ដែល​ពលករ​ខ្មែរ​ចំណាក​ស្រុកនៅ​ប្រទេស​​ថៃ បាន​ធ្វើ​ដំណើរ​ចូល​ស្រុកវិញ ដើម្បី​ចូលរួម​ជួប​ជុំ​គ្រួសារ​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ចំពោះ​សង្គម​ស៊ីវិល​ដែល​សង្កេត​ការណ៍​​នៅ​តាម​ព្រំ​ដែន អះអាង​ថា​ ពលករខ្មែរ​មកពី​ថៃ លំបាក​វេទនាណាស់​ ប៉ុន្តែ​អាជ្ញាធរ​ជាយ​ដែនបែរជា​​ស្ងាត់ឈឹង មិន​ឃើញ​អន្តរាគមន៍ឲ្យ​ខ្លាំងក្លា​​សោះ!

បើ​គ្រាន់តែ​និយាយ​ពីតាម​ច្រក​​ក្រុង​ប៉ោយប៉ែត ចំនួន​ពលករ​ខ្មែរ​ត្រឡប់​ចូល​ស្រុក គឺមាន​ជា​មធ្យម​ពី​២០០ ទៅ​៥០០នាក់ ក្នុង​មួយថ្ងៃ ចាប់ពីថ្ងៃទី​១មេសា ដល់​ទី​៥មេសា ហើយចាប់​ពី​ថ្ងៃទី​៥មេសាមក​ គឺកើន​ឡើង​ពី ៥០០ ទៅ​៨០០ និង​១ ០០០ នាក់ ដែល​ត្រឡប់​វិល​មកមាតុភូមិវិញ។ ​នេះបើ​តាមអភិបាល​ក្រុង​ប៉ោយប៉េត។​ 

តាំងតែ​ពី​ដើម​ខែមកម្ល៉េះ កាសែត​ថៃ The Nation បាន​រាយការណ៍​ ថា​នៅ​ខេត្ត​ស្រះកែវ មាន​ពលករ​ខ្មែរ​ខ្លះ ដាច់​លុយ ហើយ​សុខ​ចិត្ត​បង្ហាញ​ខ្លួន​ឲ្យ​តម្រួត​ថៃ​ចាប់បញ្ជូន​មក​ស្រុក​វិញ​ ដើម្បី​អាចបាន​​ចំណេញ​សោហ៊ុយ​ថ្លៃ​ដំណើរ។ ហើយ​កាសែត​មួយ​ចំនួន​ក្នុង​ស្រុក​ខ្មែរ​វិញ ក៏បន្ត​រាយការណ៍ដែរ​​ថា តម្រួត​ថៃ​បាន​ចាប់​ពលករខ្មែរ​ ​ពី​ច្រកអន្តរជាតិ​ដូង ទល់​ដែន​ខេត្ត​បាត់​ដំបង យកទៅ​ផាក់​ពិន័យ នៅ​​ខេត្ត​ចន្ទបុរី ឲ្យ​បង់លុយ​ថ្លៃ​ផាក់ពិន័យ​ហើយ និង​ថ្លៃ​ដឹក​ជញ្ជូន​ រួម​ទាំង​រឹប​អូស​យក​អ៊ីវ៉ាន​របស់​គ្នា​ថែមទៀត។

ចំពោះការ​ប្រឈម​ដូច្នេះ មន្ត្រី​សម្រប​សម្រួល​របស់​អង្គការអាដហុក នៅ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ និង​ដែល​មាន​បណ្តាញ​នៅ​តាម​ជាយៗ​ព្រំ​ដែន​ទាំងអស់ លោក ស៊ុំ ចាន់គា បាន​វាយ​តម្លៃ​ពី​ភាព​អសកម្ម​របស់​អាជ្ញា​ធរខ្មែរថា ហាក់​ដូច​ជា​ស្ងាត់​ឈឹង​ដូច​ចោរលួច​សេះ មិន​ឃើញ​ចុះ​ជួយ​អន្តរាគមន៍​ឲ្យ​ដុត​ដៃ​ដុត​ជើង​សោះ​។

ក៏ប៉ុន្តែ លោក ង៉ោ ម៉េងជ្រួញ ចៅហ្វាយក្រុង​ប៉ោយប៉េត បាន​លើកឡើងថា ក្នុង​មូលដ្ឋាន​របស់​លោក គឺ​បាន​ផ្សព្វផ្សាយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​តាម​ច្រក​ទាំងអស់ ឲ្យ​ជួយ​សម្រប​សម្រួល​សុវត្ថិភាព​ឲ្យ​ពលករ​ខ្មែរទាំងអស់​។ លោក​បញ្ជា​មិន​ឲ្យ​ឡាន​ឈ្នួល​ ឡើង​ថ្លៃ ហើយ​ហាម​ឃាតឈ្មួញ​ឆ្លៀត​ឱកាសដែល​ទិញ​សំបុត្រ​ពីឡាន​ ទៅលក់​ឡើង​ថ្លៃ។

ចំណែក​ អភិបាល​ខេត្តឧត្តរមានជ័យវិញ លោក ស ថាវី ក៏​និយាយ​ដែរថា អាជ្ញាធរ​មូលដ្ឋាន​របស់​លោក ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​ប៉ះពាល់​អីវ៉ាន់​ឬ​យកលុយ​កាក់របស់ពលករដែល​ត្រឡប់​មក​ស្រុកវិញ​​នោះឡើយ ហើយ​ត្រូវជួយ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ។ ចៅហ្វាយខេត្ត​ឧត្តរ​មានជ័យ បន្ថែមថា ចំពោះ​ការ​ប្រឈម​ដែល​កើត​ឡើង​នៅក្នុងទឹក​ដៃ​ថៃវិញ​ គឺ​វាហួស​ពី​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខ្មែរ តែ​អាជ្ញាធរកម្ពុជា ក៏នៅ​តែ​​ខំ​សហការ​ជាមួយ​តម្រួត​ថៃ​ខ្លះ​ដែរ។

ទោះ​បី​យ៉ាងណាក្តី មន្ត្រី​សម្រប​សម្រួល​របស់​អង្គការ​អាដហុក លោក ស៊ុំ ចាន់គា បញ្ជាក់ថា មិន​មែន​ជា​លើក​ទីមួយ​ទេ ហើយ​ក៏​មិន​មែ​នជា​រឿង​ថ្មី​ដែរ គឺជា​រៀង​រាល់​ឆ្នាំតែម្តង​ ដែល​ពលករខ្មែរ​​ចំណាក​ស្រុក​ ត្រូវ​រង​ទុក្ខ​វេទនា នៅ​ពេល​ឱកាស​បុណ្យ​ទាន​។ អ្នកខ្លះ​​ធ្វើការ​ក្នុង​ទឹក​ដី​​ថៃ ត្រូវថៅកែ ដកបណ្ណព័ណ៌ស៊ីជំពូ ដែល​ជាកាត​អនុញ្ញាត​ឲ្យ​ធ្វើការនោះ​ទុក ហើយ​ចំណែក​ថ្លៃ​ធ្វើ​បណ្ណស៊ីជំពូ​នេះទៀត​សោត​ ក៏មានអំពើ​ពុក​រលួយ​ទៅទៀត​។ ចំ​ពេល​បុណ្យ​ដូច្នេះ ថៅកែថៃចំនួន​ អត់​ព្រម​បើក​លុយឲ្យ​ពលករ​នោះទេ។ ពលករ​ខ្មែរ​ខ្លះ អត់លុយ​មក​ស្រុក និង​​ត្រូវដើរថ្មើរ​ជើង​អស់​​ពីរ​បីយប់​ ក៏​មាន​ដែរ។ នេះបើ​ផ្អែក​លើ​ការ​តាម​ដាន​អង្កេត​របស់​លោក ស៊ុំ ចាន់​គា។

គួរ​ជម្រាបជូនដែរ​​ថា ចាប់ពី​ថ្ងៃទី១១ដល់​ថ្ងៃ​ទី១៨មេសា រដ្ឋាភិបាល​ថៃ បានសម្រេច​លើក​លែង​​ការយកថ្លៃ​ផ្លូវ ដើម្បី​ជាកា​ដូ​ឆ្នាំ​ថ្មី​ចំពោះ​ការធ្វើដំណើរ​របស់​ពល​ករ​ចំណាកស្រុក ជាតិ​​ខ្មែរ លាវ​ និងភូមា ឲ្យ​បាន​ទៅលេងកម្សាន្ត​នៅ​មាតុប្រទេស​ ក្នុង​ឱកាសសង្ក្រាន្ត​​បុណ្យ​ចូលឆ្នាំថ្មី ខាងមុខនេះ៕​ 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ