អានតួអត្ថបទ
កម្ពុជា

ទាហាន​​មួក​​ខៀវ​​សញ្ជាតិ​​កម្ពុជា​៣​នាក់​​ទទួល​​មេដាយ​​ប​ច្ឆា​​មរណៈ​​ពី​ អ.ស.ប​

ថ្ងៃទី២៩ ខែឧសភា គឺជា​ទិវា​អន្តរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ។ ក្នុងឱកាស​នេះ នៅឯ​ទីស្នាក់ការ​របស់ខ្លួន អ.ស.ប រៀបចំ​ពិធី​ប្រគល់​មេដាយ​ប​ច្ចា​មរណៈ​ឱ្យ​ទាហាន នគរបាល និង​បុគ្គលិក​ស៊ីវិល សរុប១២៦រូប ដែល​បាន​ពលី​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ២០១៤។ ក្នុងចំណោម​នោះ ទាហាន​មួក​ខៀវ​សញ្ជាតិ​កម្ពុជា៣រូប ផ្នែក​វិស្វកម្ម​ព្រលានយន្តហោះ​ដែល​បាន​ស្លាប់​ក្នុងប្រទេស​ម៉ាលី ក៏​ទទួល​មេដាយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែរ។នៅ​កម្ពុជា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​រក្សា​សន្តិភាព​ឧ​ត្តុ​ង្គ បានធ្វើ​ពិ​ធី​រម្លឹក​ដល់​យុទ្ធជន​ទាំងបី​រូប​បន្ថែមទៀត។

មេដាយបច្ឆាមរណៈ ឌែក ហាម៉ាស្កចូលដ៍ (Dag Hammarskjöld)
មេដាយបច្ឆាមរណៈ ឌែក ហាម៉ាស្កចូលដ៍ (Dag Hammarskjöld) @UN Peace keeping
ផ្សាយពាណិជ្ជកម្ម

អតីត​អនុសេនីយ៍ឯក មាគ សេរី​វ​ឌ្ឍ​នា អតីត​អនុសេនីយ៍ទោ នី ណុល និង​អនុសេនីយ៍ទោ ចន្ទ សំ​គុន ដែល​បាន​ពលី​ក្នុង​បេសកម្ម​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី កាលពី​ឆ្នាំ២០១៤ ត្រូវបាន​អង្គការ​ពិភពលោក​នេះ​ប្រគល់​មេដាយ​ប​ច្ឆា​មរណៈ​ជូន ដើម្បី​ទទួលស្គាល់​នូវ​ការងារ​អាជីព​កម្រិត​ខ្ពស់ ការលះបង់ និង​សេចក្តីក្លាហាន ព្រមទាំង​ដើម្បី​ចងចាំ​នូវ​វីរៈភាព​របស់​អតីត​ទាហាន​មួក​ខៀវ​សញ្ជាតិ​កម្ពុជា​ទាំងបី​រូប។

មេដាយ​ប​ច្ឆា​មរណៈ ឌែ​ក ហា​ម៉ា​ស្ក​ចូល​ដ៍ (Dag Hammarskjöld) នេះ​ក៏ត្រូវ​ប្រគល់ជូន​អតីត​ទាហាន នគរបាល និង​បុគ្គលិក​ស៊ីវិល​របស់​អង្គការសហប្រជាជាតិ​សញ្ជាតិ​ផ្សេងៗ​ចំនួន​១២៣រូប​ទៀត ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅក្នុង​ប្រទេស​ដ៏ទៃទៀត​ដែរ។ លោក ឌែ​ក ហា​ម៉ា​ស្ក​ចូល​ដ៍ គឺជា​អតីត​អគ្គលេខាធិកា​អង្គកា​សហប្រជាជាតិ​ពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ១៩៦១ ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក ប៉ុន្តែ​លោក​បាន​ស្លាប់​ដោយសារ​ធ្លាក់​យន្តហោះ​ពេល​កំពុងធ្វើដំណើរ​ទៅ​ចរចា​រក​សន្តិភាព​ក្នុងប្រទេស​កុង​ហ្គោ ក្នុង​ឆ្នាំ១៩៦១។

បច្ចុប្បន្ន បុរស​ស្ត្រី​ប្រហែល១២៥ ០០០នាក់​កំពុង​បំពេញបេសកកម្ម​ថែរ​រក្សា​សន្តិភាព​ចំនួន១៦កន្លែង​នៅក្នុង​ពិភពលោក ហើយ​ចាប់តាំងពី​បេសកកម្ម​រក្សា​សន្តិភាព​ដំបូង​ក្នុង​ឆ្នាំ១៩៤៨ រហូតដល់​ខែមេសា ឆ្នាំ២០១៥នេះ ទាហាន នគរបាល និង​បុគ្គលិក​ស៊ីវិល​អង្គការសហប្រជាជាតិ៣ ៣៥៨នាក់​បាន​ពលី​ដោយសារ​អំពើហិង្សា គ្រោះថ្នាក់ និង​ជំងឺ។

អតីត​អនុសេនីយ៍ឯក មាគ សេរី​វ​ឌ្ឍ​នា និង​អតីត​អនុសេនីយ៍ទោ នី ណុល បាន​ស្លាប់​នៅ​ខែមិថុនា ឆ្នាំ២០១៤ ដោយសា​រថបដ​ង្ហើ​យ និង​ទាស់​ចំណីអាហារ ហើយ​អតីត​អនុសេនីយ៍ទោ ចន្ទ សំ​គុណ បាន​ពលី​នៅ​ខែសីហា ឆ្នាំ​ដដែល នៅពេលដែល​អ្នក​ទាំងបី​កំពុង​បំពេញ​បេសកម្ម​ផ្នែក​វិស្វកម្ម​ព្រលានយន្តហោះ​នៅ​តំបន់​ង​អាហ្វ្រិក​ភាគ​ពាយ័ព្យ។

បច្ចុប្បន្ន កងកម្លាំង​មួក​ខៀវ​អង្គការសហប្រជាជាតិ​សញ្ជាតិ​កម្ពុជា​ចំ​នួ៣១១នាក់​កំពុង​បន្ត​បេសកកម្ម​ថែរ​រក្សា​សន្តិភាព​នៅ​ម៉ាលី ហើយ៤៨៩នាក់​ទៀត​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង។ ចាប់តាំងពី​ឆ្នាំ២០០៦មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​ប្រតិបត្តិ​ការរក្សាសន្តិសុខ​របស់ អ.ស.ប នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ឆាដ ស៊ី​រី លី​បង់ និង​ម៉ាលី សរុប២ ៨១៦នាក់ ក្នុងនោះ​មាន​នារី៨១នាក់​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ