អានតួអត្ថបទ
កម្ពុជា-នយោបាយ

ខ្មែរនៅអាមេរិកធ្វើបាតុកម្មទាមទារឲ្យចិនឈប់គាំទ្ររដ្ឋាភិបាលកម្ពុជា

ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​សហ​រដ្ឋអាមេរិក កាល​ពី​ម្សិលមិញ បាន​នាំ​គ្នា​ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​មុខ​បរិវេណ​ស្ថាន​អគ្គ​កុងស៊ុល​ចិន​ក្នុង​រដ្ឋ California ដោយ​ទាម​ទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ឈប់​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ពួក​គេ​ចាត់​ទុក​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ ការ​ទាមទារ​នេះ​ដោយ​អ្នកធ្វើ​បាតុកម្ម​អះអាង​ថា​ដើម្បី​កុំ​ឲ្យ​កម្ពុជា​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​​ដូច​សម័យ​ខ្មែរ​ក្រហម​។ តែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា ចាត់​ទុក​ការ​ទាម​ទារ​នេះ​ថា គ្មានឥទ្ធិពល​នោះ​ឡើយ។

ប្រជាជនខ្មែរធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលចិន ក្នុងទីក្រុង Los Angeles រដ្ធ California
ប្រជាជនខ្មែរធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលចិន ក្នុងទីក្រុង Los Angeles រដ្ធ California @FB
ផ្សាយពាណិជ្ជកម្ម

សំឡេង«ចិន​ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ចិន​ឈប់​គាំទ្រ ហ៊ុន សែន និង​រដ្ឋា​ភិបាល ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ»

នេះ​ជា​សម្រែក​ទាម​ទារ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​នាំ​គ្នា​ធ្វើបាតុកម្ម​នៅ​មុខ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​ទីក្រុង Los Angeles រដ្ឋ California កាល​ពី​ថ្ងៃ​ទី២​កញ្ញា​ឆ្នាំ២០១៨។ មូល​ហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ទាម​ទារ​ឲ្យ​ចិន​ឈប់​គាំទ្រ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ពេល​នេះ​ដោយ​ពួក​គេ​ចាត់​ទុក​ថា ជា​រដ្ឋាភិបាល​ខុសច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​។ ការ​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ដោយ​ក្រុម​អ្នក​ត​វ៉ា​ថា​មក​ពី​គ្មាន​វត្ត​មាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ហើយ​ថា​ការ​បោះឆ្នោត​ថ្ងៃ​ទី២៩​កក្កដា​កន្លង​មក មិន​មាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​លោក​សេរី​ធំៗ រួម​មាន​សហ​រដ្ឋអាមេរិក និង​សហ​ភាព​អ៊ឺរ៉ុប​ជា​ដើម។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មាន​ការ​គាំទ្រ​ពី​ប្រទេស​មហា​យក្ស​ចិន និង​រុស្ស៊ី​។​

អ្នក​ចូល​រួម​បាតុ​កម្ម បាន​លើក​ឡើង​ថា ការ​ទាម​ទារ​ឲ្យ​ចិន​ដក​ខ្លួន​ពី​កម្ពុជា គឺ​មិន​មែន​ពលរដ្ឋខ្មែរ​ស្អប់​ប្រជាជន​ចិន​នោះ​ទេ ប៉ុន្តែ​ពួក​គេ​មិន​ចង់​ឲ្យ​រដ្ឋា​ភិបាល​ចិន​កុំ​មុយ​នីស្ត​ប្រើ​ឥទ្ធិ​ពល​មក​លើ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បារម្ភ​ពី​ការ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរ​ក្រហម ដែល​ចិន​គាំទ្រ​នោះ ធ្វើ​ឲ្យ​មាន​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ពី​ឆ្នាំ១៩៧៥​ដល់​១៩៧៩។

យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា អះ​អាង​ថា ការ​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ឲ្យ​ចិន​ឈប់​គាំទ្រ​រដ្ឋា​ភិបាល​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​នោះ​ឡើយ។

ការ​ធ្វើ​បាតុ​កម្ម​នៅ​រដ្ឋ California នេះ​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​អនុ​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃ​អ៊ាង ផង​ដែរ។ នេះ​ជា​ការ​បញ្ជាក់ នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​។

បើ​តាម​គម្រោង​ពលរដ្ឋ​ខ្មែរ​នៅ​សហ​រដ្ឋអាមេរិក ក៏​នឹង​ធ្វើ​បាតុ​កម្ម​ជា​ថ្មី​ទៀត​នៅ​ចុង​ខែ​កញ្ញា​ខាងមុខ​នេះ ប្រសិន​បើ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​រួច​ហើយ​ថា លោក​នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នោះ ហើយ​បាន​ផ្គើន​ឲ្យ​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រូប​លោក​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ